អន្តរជាតិ
ហុងកុង​៖ មនុស្ស​៧៧​នាក់​ត្រូវបាន​ចាប់ខ្លួន​ព្រោះ​បំពាន​ច្បាប់​ហាម​ពាក់​ម៉ាស​
09, Oct 2019 , 3:35 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ពលរដ្ឋ​ហុងកុង​ចំនួន​៧៧​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយសារ​បំពាន​ច្បាប់​ថ្មី​ដែល​ហាម​ការពាក់​ម៉ាស់​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលិស​ហុងកុង​នៅ​ថ្ងៃទី​៨ ខែតុលា​។​


 
​ប្រមុខ​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ការី ឡាំ (Carrie Lam) បានប្រកាស​ប្រើ​ច្បាប់​សម័យ​អាណានិគម​អង់គ្លេស ដើម្បី​ចេញ​ច្បាប់​ហាម​ពាក់​ម៉ាស់​។ លោកស្រី ការី ឡាំ មាន​គោលបំណង​បង្អាក់​ក្រុមបាតុករ​ដែល​តែងតែ​បង្ក​អំពើហិង្សា​តាម​ដងផ្លូវ​និង​ក្នុង​ទីក្រុង​។ ប៉ុន្តែ ក្រុមបាតុករ​ហុងកុង​ខ្លះ​នៅតែ​ហ៊ាន​បំពាន​ច្បាប់​នេះ​។

​ចាប់តាំងពី​ចេញ​ច្បាប់​ថ្មី​ហាម​មិនអោយ​ពាក់​ម៉ាស​គ្រប់​ប្រភេទ​រួមទាំង​ការ​គូរ​មុខ​ផង មនុស្ស​៧៧​នាក់​ហើយ​ត្រូវបាន​ចាប់ខ្លួន ដោយ​ក្នុងនេះ​មានការ​ចាប់ខ្លួន​ក្មេង​អាយុ​១២​ឆ្នាំ​ផងដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៨ ខែតុលា ប៉ូលិស​ហុងកុង​បាន​ប្រាប់ថា មនុស្ស​៧៤​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ពាក់​ម៉ាស​និង​៣​នាក់​ទៀត​រង​ការចោទប្រកាន់​ពីបទ​មិន​សហការ​ជាមួយ​ប៉ូលីស​។​

​មន្ត្រីប៉ូលិស​បាន​និយាយថា ជានិច្ច​ជា​កាល​ក្រុម​អ្នក​បាតុករ​តែង​បំផ្លាញ​របស់​របប​ផ្សេងៗ​ដូចជា ការដុត​អគារ និង​យក​ដប​សាំង​គប់​មកលើ​ប៉ូលីស​នៅ​ចុង​សប្តាហ៍ ហើយ​បាតុករ​ខ្លះទៀត​បាន​វាយប្រហារ​លើ​ប្រជាជន​ទូទៅ​ដែលមាន​ទស្សន​ផ្ទុយ​ពី​ពួកគេ​ទៀតផង​។​
​    ​
​លោក Kwok Yam-yung អធិការ​ប៉ូលិស​ហុងកុង​មួយ​រួប​បញ្ជាក់ថា ទង្វើ​បំពាន​និង​គ្មាន​ការពិចារណា​នេះ បាន​រុញច្រាន​ឲ្យ​ច្បាប់​នៅ​ហុងកុង​ប្រឈម​នឹង​ការ​ដួល​រំ​ទាំងស្រុង ខណៈ​អំពើហិង្សា​លើ​ប្រជាជន​ដែល​មិនមែនជា​បាតុករ បាន​កើនឡើង​យ៉ាង​រហ័ស​។ ជនរងគ្រោះ​ទាំងនោះ ត្រូវបាន​រងរបួស​ធ្ងន់​ធ្ង​រ​និង​ខ្លះ​ជិត​នឹង​បាត់បង់​ជីវិត​ផងដែរ​។ លោក Kwok បាន​បន្ថែមថា ក្រុមបាតុករ​ថែមទាំង​បានបង្ហាញ​ចេញ​នូវ​គោលបំណង​សម្លាប់​ប៉ូលីស​ទៀតផង​។​

​គួររំលឹកថា ភ្លើងស្តុប​ជាង​៨០​នៅតាម​ដង​វិថី និង​នៅ​ស្ថានីយ៍​រថភ្លើង​រង​ការបំផ្លាញ​នៅ​ចុង​សប្តាហ៍​នេះ​។ កត្តា​នេះ​បានធ្វើអោយ​បណ្តាញ​រថភ្លើង​ទាំងអស់​ផ្អាក​ធ្វើដំណើរ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មានការ​រាយការណ៍​ពី​ករណី​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណ​ជាង​២០០​ករណី​មកហើយ​។​

​កន្លងមក​លោកស្រី ការី ឡាំ និយាយថា ហុងកុង​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​សុំ​ជំនួយ​ពី​នរណា​ឡើយ​។ ប៉ុន្តែ​លោកស្រី​ក៏បាន​បញ្ជា​ក់ទៀត​ដែលថា​លោកស្រី​នឹងមិន​បដិសេធ​ជំនួយ​ពី​ប្រទេស​ចិន​ទេ​ក្នុងករណី​ចាំ​ចាច់​ណាមួយ​កើតឡើង​៕

© រក្សាសិទ្ធិដោយ thmeythmey.com