ជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ឯកភាពគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​ការប្រើប្រាស់​សំណល់​ប្លា​ស្ទិ​ក​
09, Oct 2019 , 4:00 pm        
រូបភាព
​សៀមរាប​៖ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ឯកភាពគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការប្រើប្រាស់​សំណល់​ប្លា​ស្ទិ​ក​។ ការឯកភាព​គ្នា​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​ប្រជុំ​ផ្តោត​សំខាន់​លើ​បញ្ហា​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក និង​កិច្ចសហប្រតិបត្តិការ​ជំរុញ​ឱ្យ​កាន់តែខ្លាំង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​១៥ នា​ថ្ងៃទី​៨ តុលា ។​



​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បាន​និយាយថា បញ្ហា​បំពុល​ដោយ​ប្លា​ស្ទិ​ក គឺជា​របៀបវារៈ​ដ៏​សំខាន់​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ដំបូង​របស់​រដ្ឋមន្ត្រី​អាស៊ាន​។ ថ្លែង​ក្រោយ​កិច្ចប្រជុំ​បិទ​បញ្ចប់​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន លោក ភក្ដ្រា បន្តថា ការបំពុល​បរិស្ថាន​ដោយ​ប្លា​ស្ទិ​ក និង​ការបំពុល​សំណល់​ប្លា​ស្ទិ​ក​នៅក្នុង​សមុទ្រ ត្រូវបាន​ជជែក​យ៉ាង​ផុសផុល​ក្នុងចំណោម​ប្រទេស​អាស៊ាន ក្នុងនោះ​ប្រទេស​ម៉ាឡេស៊ី​ស្នើឱ្យ​អាស៊ាន​គិតគូរ សហការគ្នា ដើម្បី​ទប់ស្កាត់ កុំឱ្យ​មានការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក​ពី​ប្រទេសក្រៅ​ចូលមក​ប្រទេស​របស់ខ្លួន​។ លោក ភ​ក្រា្ដ ថា បញ្ហា​នេះ​ធ្លាប់​កើតឡើង​ក្នុងចំណោម​ប្រទេស​អាស៊ាន​មួយចំនួន ដូចជា​ម៉ាឡេស៊ី ភី​លី​ពី​ន ហើយ​កម្ពុជា​ក៏បាន​ជួប​ករណី​ដូចគ្នានេះ​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ ដោយបាន​ផាកពិន័យ​និង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​នាំចូល នាំ​ចេញទៅ​ប្រទេស​ដើម​វិញ​។​



​បន្ថែម​ពីនេះ តាម​អ្នកនាំពាក្យ អាស៊ាន​ក៏បាន​ជំ​រុញឱ្យ​ប្រទេស​ជា​សមាជិក​ត្រូវមាន​ការអប់រំ​ប្រជាជន​របស់ខ្លួន​ឱ្យមាន​ឥរិយាបថ​ក្នុងការ​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​គិតគូរ​ខ្ពស់​ពី​បញ្ហា​នេះ​។ ជាមួយគ្នា​នោះ ប្រទេស​ឥណ្ឌូនេស៊ី​បាន​លើក​ពី​យន្តការ​នៃ​ការហាមឃាត់​មិនឱ្យ​ប្រើប្រាស់​សំណល់​ប្លា​ស្ទិ​ក​តែម្ដង ឬ Single use plastic ដូចជា​បំពង់​បឺត ដែលជា​ការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។ លោក ភក្ដ្រា បញ្ជាក់ថា​កម្ពុជា​ក៏​កំពុង​រៀបចំ​អនុក្រឹត្យ​ពី​បញ្ហា​នេះដែរ និង​បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​វត្ថុធាតុដើម​មួយចំនួន​ជំនួស ដូចជា​បំពង់​បឺត​ធ្វើ​ពី​ក្រដាស និង​ធ្វើ​ពី​ឫស្សី​ជាដើម​។​ល​៕

Tag:
 បរិស្ថាន​
  អាស៊ាន​
  ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com