អន្តរជាតិ
សេត​វិមាន​អាមេរិក បដិសេធ​សហការ​ក្នុងការ​ស៊ើបសួរ​ដកតំណែង​លោក ត្រាំ​
09, Oct 2019 , 9:39 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​សេត​វិមាន បាន​បដិសេធ​ជា​ផ្លូវការ​ក្នុងការ​សហការ​ជាមួយ​ក្រុម​ប្រជាធិបតេយ្យ​លើ​នីតិវិធី​ស៊ើបសួរ​ដកហូត​តំណែង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ សេត​វិមាន បាន​ច្រានចោល​ដំណើរការ​នេះ ដោយ​ចាត់ទុក​វា​ថា «​ខ្វះ​មូលដ្ឋាន​» និង «​មិនត្រូវ​តាម​រដ្ឋធម្មនុញ​»​។​



​បច្ចុប្បន្ន គណៈ​កម្ម​ធិ​ការ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​ចំនួន ៣ កំពុងបើក​ការស៊ើបអង្កេត​លើ​លោក ត្រាំ ។ ការ​ស៊ើបសួរ​នេះ គឺ​ព្យាយាម​ស្វែងរក​ប្រសិនបើ​លោក​ប្រធានាធិបតី ពិតជា​ផ្អាក​ជំនួយ​ទៅ​អ៊ុយ​ក្រែ​ន ដើម្បី​បង្ខំ​ឲ្យ​ក្រុង​កៀវ​បើក​ការស៊ើបអង្កេត​លើ​លោក ចូ បៃ​ឌិន ដែល ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដ៏​មាន​សក្តានុពល និង​អាច​ឈោង​ចាប់​បេក្ខភាព​ប្រធានាធិបតី ប្រជែង​លោក​ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០​ផងដែរ​។​

​ក្នុង​លិខិត​កម្រាស់​៨​ទំព័រ ផ្ញើ​ទៅកាន់​ប្រធានសភា​អាមេរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) និង​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជា​ធិ​ប​តេ​ត្យ​៣​នាក់​ផ្សេងទៀត សេត​វិមាន បាន​ចោទប្រកាន់​មេដឹកនាំ​ទាំងនោះ​ថា ការបង្កើត​នីតិវិធី​ស៊ើបសួរ​នេះ គឺ​ល្មើ​សនឹង​ភាពត្រឹមត្រូវ​ជា​មូលដ្ឋាន និង​អំណាច​នៃ​រដ្ឋធម្មនុញ ជាពិសេស វា​គ្មាន​រៀបចំ​ការបោះឆ្នោត​អ្វី​ឡើយ មុន​ដំណើរ​នីតិវិធី​នេះ​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សេត​វិមាន ក៏បាន​ចោទប្រកាន់​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ថា ព្យាយាម​ផ្លាស់ប្តូរ​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។  ត្រង់នេះ ខ្លួន​បញ្ជាក់​បែបនេះ​៖«​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​លោក​ទៅកាន់​ប្រជាជន​អាមេរិក […] លោក​ប្រធានាធិបតី ត្រាំ និង​រដ្ឋបាល​លោក មិនអាច​ចូលរួម​ក្នុងការ​ស៊ើបសួរ​ដោយ​មិន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ​បែបនេះ​ឡើយ​»​។​

​ឆ្លើយតប​នឹង​រឿងនេះ លោកស្រី​ប្រធាន Pelosi បាន​ហៅ​លិខិត​របស់​សេត​វិមាន​អាមេរិក​ថា «​ខុស​យ៉ាង​ជាក់ស្តែង​» ហើយ​ចោទប្រកាន់​លោក​ត្រាំ​ថា «​ឈរ​នៅលើ​ច្បាប់​»​។ លោកស្រី និយាយទៀតថា លោក ត្រាំ នឹង​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​។

​សូមបញ្ជាក់ថា លិខិត​របស់​សេត​វិមាន​អាមេរិក​នេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​រដ្ឋបាល​លោក​ត្រាំ​បាន​រារាំង​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប ពី​ការ​បង្ហាញខ្លួន​នៅមុខ​ការស៊ើបអង្កេត​ដកហូត​តំណែង​ប្រធានាធិបតី​របស់​សភា​៕



Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com