FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ពិន័យ​ឥណ្ឌូណេស៊ី ៤៥០០០​ដុល្លារ ជុំវិញ​ហិង្សា​លើ​អ្នកគាំទ្រ​ម៉ាឡេស៊ី​
09, Oct 2019 , 4:36 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​៩ ខែតុលារ​នេះ សម្រេច​ពិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ជា​ទឹកប្រាក់ ៤៥០០០​ដុល្លារ​អាមេរិក ជុំវិញ​អំពើហិង្សា​ដែល​បង្កដោយ​ក្រុម​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​ក្នុងជំនួបរ​វា​ង​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​ទល់​ម៉ាឡេស៊ី ក្នុង​វគ្គ​ជម្រុះ World Cup 2020​។ PSSI ទទួលយក​ការពិន័យ ហើយ​អះអាងថា​នឹង​មិនមាន​បញ្ហា​បែបនេះ​កើតឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ទៀតឡើយ​។​



អត្ថបទទាក់ទង

​ក្នុង​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ៣-២ លើ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នា​កីឡដ្ឋាន Gelora Bung Karno ក្នុង​ក្រុង​ហ្សា​ការ​តា កាល​ថ្ងៃទី​៥ កញ្ញា ការប្រកួត ទទួល​ការរំខាន​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ រហូត​បង្ក​ឲ្យ​មាន​អ្នករបួស និង​បង្ខំ​ឲ្យ​ពន្យារពេល​ប្រកួត​ផង​។

​រដ្ឋមន្ត្រី​យុវជន និង​កីឡា​ម៉ាឡេស៊ី លោក Syed Saddiq ក៏​ស្ថិតក្នុង​ហេតុការណ៍​ច្របូកច្របល់​នោះដែរ ហើយ​លោក​ត្រូវបាន​ជម្លៀស​ចេញពី​ការប្រកួត​ដោយសារ​អំពើហិង្សា​នោះ​។ ភាគី​ឥណ្ឌូណេស៊ី​បាន​សុំទោស​ជា​ផ្លូវការ​ទៅកាន់​រដ្ឋមន្ត្រី​វ័យ​២៦​ឆ្នាំនេះ​រួចហើយ​។​

​ជាមួយ​ឥរិយាបទ​មិន​សមរម្យ តាមរយៈ​ហិង្សា​របស់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​នេះ FIFA បាន ពិន័យ PSSI ជា​ទឹកប្រាក់​ចំនួន ៤៥០០០​ដុល្លារ​ផងដែរ​ដើម្បី​ជាការ​ព្រមាន​។ PSSI ទទួលយក​ការពិន័យ​នេះ ដោយ​គ្មាន​តវ៉ា​មួយ​ម៉ាត់​ឡើយ​។​

«PSSI គោរព​នីតិវិធី​ច្បាប់​និង​ការសម្រេច​របស់ FIFA»​។ នេះ​ជាការ​អះអាង​របស់​ប្រធាន PSSI អ្នកស្រី Ratu Tisha Destria នៅ​ថ្ងៃទី​៩ តុលា​នេះ​។ អ្នកស្រី​បញ្ជាក់​បន្ថែមថា ការផ្លាស់ប្តូរ​កំពុងតែ​ធ្វើឡើង​ហើយ ដូច្នេះ​«​អំពើហិង្សា​»​បែបនេះ នឹងមិន​កើតឡើង​ទៀតឡើយ​។​

​ឥណ្ឌូណេស៊ី នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​សម្រាប់​ជំនួប​លើក​ទី​៣ ពូ​ល G នៅ​ថ្ងៃទី​១០ ខែតុលា បន្ទាប់ពី​បរាជ័យ​ពីរ​ប្រកួត​រួចមកហើយ ក្នុងនោះ​ចាញ់​ម៉ាឡេស៊ី ៣-២ និង​ថៃ ៣-០​។​

​សម្រាប់​ជំនួប​ជាមួយ​វៀតណាម​នៅ​ថ្ងៃទី​១៥ ខែតុលា ដែល​គ្រោង​ធ្វើ​នៅក្នុង​ក្រុង​ហ្សា​ការ​តា ត្រូវបាន​ផ្លាស់​ទៅ​កោះ​បាលី​វិញ​ដើម្បី​ចៀសវាង​បញ្ហា​ដូច​ប៉ះ​ជាមួយ​ម៉ាឡេស៊ី​ទៀត​៕


Tag:
 World Cup
  ឥណ្ឌូណេស៊ី​
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com