អន្តរជាតិ
អូ​បា​ម៉ា​និង​ភរិយា​នឹង​ទៅ​សិង្ហ​បុរី ចែករំលែក​ទស្សនវិស័យ​និង​ពិសោធន៍​ជីវិត
10, Oct 2019 , 7:59 am        
រូបភាព
លោក អូបាម៉ា (ស្តាំ) និងភរិយាលោក គឺលោកស្រី មីហ្សែល (AFP)
លោក អូបាម៉ា (ស្តាំ) និងភរិយាលោក គឺលោកស្រី មីហ្សែល (AFP)
ដោយ:
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា មី​ឈែល នឹងធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី នា​ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​ផ្តល់​សុន្ទរកថា​សាធារណៈ​ពីរ​ដាច់ដោយឡែក​ពីគ្នា​។ កម្មវិធី​នេះ រៀបចំឡើង​ដោយ​ក្រុមហ៊ុន​បង្កើត​ព្រឹត្តិការណ៍​សម្រាប់​ជំរុញ​ការធ្វើ​ជំនួញ ឈ្មោះថា The Growth Faculty ។​



​ប្រធានាធិបតី​អាមេរិក​ទី​៤៤ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃទី ១៦ ធ្នូ នៅឯ​មជ្ឈមណ្ឌល​សន្និបាត Singapore Expo ។ សម្រាប់​ប្រធានបទ លោក​នឹង​និយាយ​ពី​ការដឹកនាំ​លោក​ក្នុង​អាណត្តិ​៨​ឆ្នាំ​ជា​ប្រធានាធិបតី និង​ការយល់ឃើញ​ផ្ទាល់​លោក​ចំពោះ​ភាពជា​អ្នកដឹកនាំ​ក្នុង​ពិភពលោក​។

​ចំណែក ភរិយា​លោក គឺ អតីត​ស្ត្រី​ទី​១​អាមេរិក លោកស្រី មី​ឈែល អូ​បា​ម៉ា ក៏​នឹង​ផ្ដល់​សុន្ទរកថា​នៅ​ទីតាំង​ដូចគ្នានេះដែរ តែ​នៅ​ថ្ងៃទី ១៤ ធ្នូ ។ សម្រាប់​ប្រធានបទ​វិញ លោកស្រី នឹង​ចែករំលែក​បទពិសោធ​ដែល​ដកស្រង់​ចេញពី​សៀវភៅ​ដ៏​ល្បីល្បាញ​រូប​ស្រី ចំណងជើង​ថា «Becoming» ដែល​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំមុន​។​

​ក្រុមហ៊ុន The Growth Faculty បានប្រកាស​ពី​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃ​ពុធ ទី​៩ តុលា លើ​វេ​ប​សាយ​ផ្លូវការ​ខ្លួន ដោយ​កត់សម្គាល់ថា នេះ​ជា​ព្រឹត្តិការណ៍​ជំនួញ​សាធារណៈ​ដំបូងបង្អស់​របស់លោក អូ​បា​ម៉ា ក្នុងប្រទេស​សិង្ហ​បុរី​។  ក្រុមហ៊ុន​នេះ​បញ្ជាក់ទៀតថា ព្រឹត្តិការណ៍​ធំៗ​ទាំងនេះ ផ្តល់ឱកាស​សម្រាប់​សហ​គម​ន៍​ជំនួញ​អាស៊ីអាគ្នេយ៍ និង​ប្រជាជន​ទូទៅ​រៀនសូត្រ​ពី​ប្តី​ប្រពន្ធ​មួយគូ​នេះ ដែល​ទើបតែ​អបអរ​ខួបអាពាហ៍ពិពាហ៍​២៧​ឆ្នាំ​ពួកគេ កាលពី​ថ្មីៗ​នេះ​។ យោងតាម​វេ​ប​សាយ​របស់ The Growth Faculty សំបុត្រ​ចូលរួម​សម្រាប់​ព្រឹត្តិការណ៍​នេះ មានតម្លៃ​ចាប់ពី​៣០០​ដុល្លារ ដល់​ជាង​១០០០​ដុល្លារ​។ 

​ស្វាមីភរិយា​ជនជាតិ​អាមេរិក​-​អាហ្វ្រិក​ដ៏​មាន​ឥទ្ធិពល​មួយគូ​នេះ មាន​ភាពល្បីល្បាញ​ខ្លាំង​ក្នុងប្រទេស​សិង្ហ​បុរី​។ អ្នក​ទាំងពីរ​បាន​ជាប់​ឈ្មោះ​ជា​ស្ត្រី និង​បុរស​ដែល​គួរ​ឲ្យ​គោរព​សរសើរ​បំផុត ក្នុង​ការស្ទង់មតិ​រប​ស់​វេ​ប​សាយ​ចក្រភព​អង់គ្លេស​មួយ ឈ្មោះថា YouGov កាលពី​ខែកក្កដា ។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៨ លោក អូ​បា​ម៉ា ដែល​បាន​កាន់តំណែង​ជា​ប្រ​ធានា​ធិ​ប​តិ​ចាប់ពី​ឆ្នាំ​២០០៩ ដល់ ២០១៧ ក៏​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ផងដែរ​។ កាលនោះ លោក បាន​ជួប​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​នាយករដ្ឋមន្ត្រី លី សៀន​ឡុង និង​ជួប​ក្រុមយុវជន​វ័យក្មេង​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ៕

Tag:
 ​សិង្ហ​បុរី​
  អូ​បា​ម៉ា​
  មី​ហ្សែ​ល
© រក្សាសិទ្ធិដោយ thmeythmey.com