ជាតិ
សង្គមជាតិ
ពលរដ្ឋ​ប្រក​បរបរ​តូចៗ បារម្ភ​ពី​ការបាត់​ចំណូល ដោយសារ​ជនបរទេស​មក​ដណ្ដើម​អាជីវកម្ម​
10, Oct 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​អាជីវកម្ម​តូចៗ ជាជាង​ម៉ូតូ ជាងកាត់សក់ ជាងកាត់ដេរ ជាងទង និង​អ្នករត់​កង់​បី មិន​ចង់​ឲ្យ​ជនបរទេស​ប្រកប​អាជីវកម្ម​តូចៗ​ឡើយ ដោយសារ​ពួកគាត់​បារម្ភ​ពី​ការបាត់​ចំណូល រហូតដល់​បិទ​អាជីវកម្ម​។ សង្គម​ស៊ីវិល ក៏​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិចារណា​ឡើងវិញ ចំពោះ​ការអនុញ្ញាត​ឲ្យ​ជនបរទេស អាចមាន​សិទ្ធិ​ប្រកប​អាជីវកម្ម​តូចៗ​ដូច​ពលរដ្ឋ​ខ្មែរ​។



​ជាជាង​ម៉ូតូ​រស់នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោក ភ័ក្ត្រ មិន​ពេញ​ចិត្តនឹង​សេចក្ដីសម្រេច​របស់​ក្រសួង​ទេ​។ មិន​ពេញចិត្ត ដោយសារ​លោក ភ័ក្ត្រ មើលឃើញថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​ មិនទាន់មាន​មុខរបរ ដែល​អាច​រកចំណូលបាន​សមរម្យ​នៅឡើយ​។ ដូច្នេះ​ប្រសិនជា​ឲ្យ​ជនជាតិ​ផ្សេង មករក​របរ​តូចៗ ដូច​ពលរដ្ឋ​ខ្មែរ​ទៀត​នោះ ពួកគាត់​នឹង​បាត់បង់​ចំណូល និង​ឱកាស​ប្រកប​អាជីវកម្ម​។

«​ចំពោះ​មុខរបរ​ខ្ញុំ ខ្ញុំ​មិន​បារម្ភ​ទេ ព្រោះ​ពេល​ម៉ូតូ​គេ​ខូច​នៅ​កន្លែង​ណា ​គេ​យកទៅ​ធ្វើ​នៅ​កន្លែង​ហ្នឹង តែបើ​គិតពី​មុខរបរ​របស់​ប្រជាជន​ផ្សេងទៀត និង​ពលរដ្ឋ​ដែល​កំពុង​ចំណាកស្រុក ខ្ញុំ​មិន​ចង់​ឲ្យ​ជនបរទេស​ មករក​ស៊ី​ដូច​មុខរបរ​ខ្មែរ​ឡើយ​។ (​ជនបរទេស​)​មក​ធ្វើការ​វិនិយោគ​ធំៗ ហើយ​មករ​ករបរ​តូចៗ​ទៀត ​គ្រប់យ៉ាង​សុទ្ធតែជា​របស់គេ ដែលនាំឱ្យ​បាត់​ចំណូល​របស់​ពលរដ្ឋ​ខ្មែរ »​។ នេះ​ជាការ​លើកឡើង​រប​ស់បុ​រស​វ័យ​២០​ឆ្នាំ ដែល​កំពុង​ប្រកប​របរ​ធ្វើ​ជាង​ជួសជុល​ម៉ូតូ​។​

​មិន​ខុសពី​លោក ភ័​ក្រ នោះទេ លោក ឆៃ ពិសិដ្ឋ ដែលជា​ជាងទង​ និង​ជាង​កាត់ នៅ​ជិត​សារៈមន្ទីរ​ជាតិ បាននិយាយថា មុខរបរ​ចម្លាក់​ស្ពាន់ ប្រាក់ មាស ដែល​លោក​ធ្វើ​រាល់ថ្ងៃ វា​មាន​ទីផ្សារ​ប្រកួតប្រជែង​ច្រើន​ហើយ​។ ប៉ុន្តែ​លោក​មិន​បារម្ភ​ពី​ការ​ប្រជែង​ក្នុង​ទីផ្សារ​ឡើយ ព្រោះ​ទឹកដៃ​ឆ្លាក់​ផ្សេងគ្នា​។ តែ​យ៉ាងណា​ការផ្ដល់​ឱកាស​ឲ្យ​ជនបរទេស​មក​ប្រកប​របរ​តូចៗ​ដូច​ពលរដ្ឋ​ខ្មែរ​នេះ វា​ក៏​ជា​រឿង​គួរ​បារម្ភ​ដែរ​។

​ជាងទង​រូបនេះថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ​​ដូច្នេះ​ថា​៖«​បើ​គិតពី​ការប្រកួតប្រជែង​គឺ​ល្អ​ម្យ៉ាង ប្រសិនបើ​មាន​ជនជាតិ​ផ្សេង​ធ្វើ យើង​អាច​ប្រកួតប្រជែង​ស្នាដៃ​។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ជនជាតិ​បរទេស​ មករក​មុខ​ឬ​អាជីវកម្ម​តូចៗ​នៅ​ខ្មែរ​ទេ ព្រោះ​បាត់​ការងារ​ និង​មុខរបរ​ពលរដ្ឋ​ជាច្រើន​នៅ​កម្ពុជា​»​។​

​ចំណែក​លោក ពិសិដ្ឋ ជាងកាត់ដេរ និង​លោក លន់ ថៃ​លៀង ជាងកាត់សក់​វិញ ក៏​បារម្ភ​ពី​ការបាត់បង់​ចំណូល ដោយសារ​ឱកាស​រកស៊ី​របស់​ជន​បរទេស​នេះដែរ​។ «​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​(​ជនបរទេស​រកស៊ីរ​បរ​តូចៗ​)​ទេ តែ​ធ្វើ​យ៉ាងម៉េច បើ​ទោះ​ចង់​មិន​ចង់ ក៏​ក្រសួង​ជា​អ្នកធំ​សម្រេច​។ ប្រសិនបើ​ជនជាតិ​ផ្សេង​អាចមាន​មុខរបរ​ដូច​ខ្មែរ ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​នឹង​ធ្លាក់ចុះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក លន់ ថៃ​លៀង​។​

​មិនមែន​តែ​ពលរដ្ឋ​ទេ ដែល​មើលឃើញ​បញ្ហា​នេះ សូម្បីតែ​ក្រុម​សង្គម​ស៊ីវិល ក៏​មើលឃើញ​ពី​ភាពអវិជ្ជមាន​នៃ​ការផ្ដល់​សិទ្ធិ​ឱ្យ​ជនបរទេស​រកស៊ី​រប​រ​តូចៗ​នៅ​កម្ពុជា​ដែរ​។ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ យល់ឃើញថា ការផ្ដល់​សិទ្ធិ​រកស៊ី​ដល់​ជនបរទេស​បែបនេះ វា​ហាក់ដូចជា​អនុញ្ញាតឱ្យ​ពួកគេ​ដណ្តើម​ការងារ​ពី​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្លួនឯង បាត់បង់​មុខរបរ ប្រាក់ចំណូល និង​បាត់បង់​អតិថិជន ហើយ​នាំឱ្យ​ធា្ល​ក់​ចូលក្នុង​ភាពក្រីក្រ ដែល​ឈានទៅ​បង្ខំចិត្ត​ចំណាកស្រុក​ខុសច្បាប់​កាន់តែច្រើន​ផងដែរ​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​ការអនុញ្ញាតឱ្យ​ជនបរទេស​អាច​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ស្វ័យ​និ​យោជន៍​គ្រប់​ប្រភេទ​ឡើងវិញ​នៅ​កម្ពុជា​ឡើយ​។​

​កាលពី​ថ្ងៃទី​៦ តុលា ក្រសួង​ការងារ​បាន​សេចក្តី​ដំណឹង​មួយជុំិវញ​ការអនុញ្ញាតឱ្យ​ជនបរទេស​ធ្វើការ​ និង​ប្រកបមុខរបរ​ចំនួន​១០​ប្រភេទ​នៅ​កម្ពុជា ក្រោម​មូលហេតុ​ថា កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស ​ក្នុង​វិស័យ​សេវាកម្ម និង​ដើម្បី​លើកទឹកចិត្ត​ ដល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​។ មុខរបរ​ទាំង​១០​ប្រភេទ​នោះ​មាន ការងារ​ជា​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម ការលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ ម៉ាស្សា និង​ចា​ប់ស​សៃ​តាម​សាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សា​សម្ផស្ស សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ប៉ះ​កង់ ជួសជុល​យានយន្ត កាត់ដេរ ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ផលិត​ឧបករណ៍​ភ្លេងខ្មែរ ផលិត​បាត្រ​លោក ព្រះ​ពុទ្ធរូប និង​ជាងទង និង​ជាង​ច្នៃត្បូង​ពេជ្រ​។​

​ប៉ុន្តែ​ការសម្រេច​ឱ្យ​ជនបរទេស​ប្រកប​របរ​តូចតាច ក្រោម​ហេតុផល​ត្រូវការ​កម្លាំង​ជំនាញ​នេះ ត្រូវបាន​សង្គម​ស៊ីវិល ចាត់ទុកថា ជាហេតុ​ផល​មិន​សមរម្យ​។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ បាន​សង្កត់ធ្ងន់ថា មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​១០​ប្រភេទ​ខាងលើនេះ វា​មិនចាំបាច់​ត្រូវការ​អ្នកជំនាញ​ជា​ជនបរទេស​ឡើយ​។ បើតាម​លោក វន់ ពៅ អ្នកជំនាញ​ជនបរទេស​ដែល​កម្ពុជា​ត្រូវការ​នោះ គឺ​ជំនាញ​ក្នុង​វិស័យ​រោងចក្រ សហគ្រាស​កាត់ដេរ រោងចក្រ​ដំឡើងរថយន្ត​-​ម៉ូតូ និង​រោងចក្រ​ធំៗ ជាដើម​...​។ «​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងនេះ​ដែល​រដ្ឋាភិបាល​យើង​បើក​ឱ្យ​ជនបរទេស​ធ្វើ​នេះ គឺ​មិនចាំបាច់​ទាមទារ​ជំនាញ​មួយ​ច្បាស់លាស់​ឡើយ មានន័យថា​ពលរដ្ឋ​ខ្មែរ​យើង​អាច​ធ្វើបាន ហើយ​ពួកគាត់​ធា្ល​ប់​ធ្វើ​តាំងពីដើម​មកម្ល៉េះ​។​ត្រឹម​មុខរបរ​រត់​ម៉ូតូឌុប តាក់ស៊ី ជាងកាត់សក់ អ្នក​តុបតែង​មុខ ម៉ាស្សា និង​អ្នកលក់​ចំណី​ចល័ត​តាមផ្លូវ​ជាដើម គឺ​វា​មិនចាំបាច់​មាន​ជនបរទេស​ជំនាញ​មក​ធ្វើ​ការងារ​ទាំងអស់​ហ្នឹង​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វន់ ពៅ ដែល​ស្នើឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ និង​កំណត់​ក្របខណ្ឌ​រកស៊ី​របស់​ជ​ន​បរទេស​នៅ​កម្ពុជា​ឱ្យបាន​ច្បាស់លាស់​៕



 


Tag:
 អាជីវកម្ម​តូចៗ​
  ពលរដ្ឋ​ខ្មែរ​
  ជនជាតិ​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com