ONE Championship
កីឡាជាតិ
ជាតិ
Lito Adiwang ប៉ះ​ម្ចាស់ផ្ទះ​ជប៉ុន Ikeda នៅ​ក្រុង​តូ​ក្យូ​លើស​ង្វៀន​ធំ​បំផុត​មិន​ធ្លាប់មាន​
10, Oct 2019 , 10:02 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ទីបំផុត​កីឡាករ Lito Adiwang រហស្សនាម «Thunder Kid» ដែល​ជោគជ័យ​នៅ ONE Warrior Series នឹង​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន​លំដាប់​អន្តរជាតិ ONE CHAMPIONSHIP​។ នៅ​ថ្ងៃទី​១៣ តុលា សប្ដាហ៍​ក្រោយ Adiwang ត្រូវ​ជួប​ម្ចាស់​ខ្សែក្រវាត់ Pancrase Flyweight World Champion កីឡាករ​ជប៉ុន Senzo Ikeda ក្នុងការ​ប្រកួត​គុន​ចម្រុះ​ទម្ងន់  Strawweight នៅ​សង្វៀន ONE: CENTURY PART I នៅ​ទីលាន Ryogoku Kokugikan ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។



​នេះ​ជា​ក្ដី​ស្រមៃ​របស់ Adiwang ដែល​តែងតែ​ចង់​ចូលប្រឡូក​នៅ​សង្វៀន​ធំ​ជាច្រើន​ឆ្នាំ​មកហើយ​។ ទីបំផុត​រូបគេ​ទទួលបាន​ឱកាស​ដ៏​កម្រ​ដើម្បី​ប្រកួត​ជា​ប្រវត្តិសាស្ត្រ​នៅ​សង្វៀន​គម្រប់​ការរៀបចំ​ព្រឹត្តិការណ៍​លើក​ទី​១០០​នៃ​ស្ថាប័ន ONE CHAMPIONSHIP​។
«​ខ្ញុំ​ពិតជា​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​។ ខ្ញុំ​គិតថា ខ្ញុំ​អាច​ទទួល​ការប្រកួត​នៅ​ខែ វិច្ឆិកា ប៉ុន្តែ​បែរជា​បាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ Wow! វា​ជា​ឱកាស និង ពេលវេលា​ដ៏​អស្ចារ្យ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ចំពោះ​ឱកាស​នេះ ហើយ​ត្រូវ​ប្រកួត​ឲ្យ​អ្នកគាំទ្រ​រំភើប​»​។ កីឡាករ​វ័យ ២៦ ឆ្នាំ​សញ្ជាតិ​ហ្វីលីពីន​ថ្លែង​បែបនេះ​។

​ដូច​ទៅនឹង​មិត្ត​រួម​ក្រុម Team Lakay, Adiwang ជា​កីឡាករ​មាន​ក្បាច់​បាត​វូ​ស៊ូ​ដើម្បី​សម្លាប់​គូប្រកួត​ដ៏​មាន​ប្រសិទ្ធភាព ដែល​អាចធ្វើ​ឲ្យ​កីឡាករ​មកពី​ក្រុង Baguio រូបនេះ​ឈ្នះ ៩ ដង​និង ចាញ់ ២ ដង​ក្នុង​កំណត់ត្រា​ប្រកួត​អាជីព​កន្លងមក​។ ក្នុងនោះ រូបគេ ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ ៥ ដង និង​ធ្វើ​ឲ្យ​ដៃគូ​ចុះចាញ់​ចំនួន ៣ ដង​។ រូបគេ​ក៏មាន​កំណត់ត្រា​ឈ្នះ ៥ លើក​ជាប់​គ្នា​ដោយ ៣ លើក​ឈ្នះ​នៅ​សង្វៀន OWS​។  កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​យក​ស្ទិល​ប្រកួត​តាម​វីរបុរស​ក្នុង​ចិត្ត​អតីត​កីឡាករ​គុន​ចម្រុះ​ល្បីល្បាញ​អាមេរិក Rich Franklin​។ «​គោលដៅ​របស់ខ្ញុំ គឺ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​។ ខ្ញុំ​ចង់បាន​កំណត់ត្រា​ល្អ​ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន​ធំ​។ ខ្ញុំ​សន្យាថា វា​មិនមែនជា​ការប្រកួត​ដ៏​ធុញថប់​នោះឡើយ​។ ក្បាច់​របស់ខ្ញុំ​នឹងធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រំភើប​ពេល​ទស្សនា​ការប្រកួត​»​។ កីឡាករ​សញ្ជាតិ​ហ្វីលីពីន​សង្កត់ធ្ងន់​បែបនេះ​។



Adiwang នឹង​ក្លាយជា​គូប្រជែង​ដ៏​តានតឹង​សម្រាប់ Ikeda​។ Ikeda ដែលមាន​វ័យ ៣៧ ឆ្នាំ​ក្លាយជា​កីឡាករ​កំពូល​ម្នា​ក់នៅ​ជប៉ុន​តាំងពី​មិនទាន់មាន​គេ​ស្គាល់​។ គេ​ជា​កីឡាករ​ប្រដាល់​ដែលមាន​ក្បាច់​បាត​ចំបាប់​ដ៏​រឹងមាំ​។ កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​ក្លាយជា​ជើងឯក Pancrase Flyweight World Championship នា​ខែសីហា​ឆ្នាំ ២០១៧ ហើយ ៦​ខែ​បន្ទាប់ គេ​វាយ Yuya Wakamatsu ឲ្យ​សន្លប់​ទៀត​។ យ៉ាងណាក្ដី Adiwang បាន​ពន្យល់ថា​៖«​ខ្ញុំ​បានដឹងថា គេ​ជា​កីឡាករ​ខ្លាំង​ផ្នែក​ប្រដាល់ ហើយ​មាន​តិក​និក​ផ្ទាល់ខ្លួន​ក្នុងការ​ប្រយុទ្ធ​។ Ikeda រួមបញ្ចូល​ក្បាច់​បានល្អ​ដែលជា​គុណសម្បត្តិ​ដ៏​ល្អ​។ គេ​មាន​បម្លាស់​ទី​ល្អ​នៅលើ​សង្វៀន​។ យ៉ាងណាក្ដី ខ្ញុំ​បានរៀបចំ​ខ្លួន​ដើម្បី​វាយបក​រាល់​ក្បាច់​របស់គេ​»​។

​ទន្ទឹមគ្នានេះ «Thunder Kid» ក៏​ត្រៀម​ក្បាច់​ប្រយុទ្ធ​ដើម្បី​សម្លាប់​គូប្រកួត​បន្ទាប់ពី​ការបោះ​ជំរំ​ហ្វឹកហាត់​កន្លងមក​ដែរ​។ Adiwang ហ្វឹកហាត់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មិត្ត​រួម​ក្រុម  Team Lakay កីឡាករ Danny Kingad ដែល​ត្រូវ​ជួប  Demetrious Johnson នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ​។

​កីឡាករ​ហ្វីលីពីន​ដែល​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន​លំដាប់​អន្តរជាតិ ONE បាន​រៀបរាប់ថា​៖«Danny ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវតែ​ប្រើ​កម្លាំង​សន្ធាប់​លើ​រូប Ikeda ដើម្បី​ឲ្យ​រូបគេ​មាន​អារម្មណ៍​ថា​រង​សម្ពាធ​ទើប​អាច​ឈ្នះ​បាន​។ ប៉ុន្តែ​បើសិនជា​បង្កើត​កំហុស​បន្តិច គឺ ច្បាស់​ជា​ចាញ់​មិន​ខាន​។ យើង​ត្រូវតែ​អនុវត្តន៍​តាម​អ្វីដែល​យើង​រៀបចំ​ទុក​»​។

​កីឡាករ​មកពី Team Lakay គូសបញ្ជាក់ថា​៖«​ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​មាន​សម្ពាធ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ជម្នះ​វា​។ អ្នកគាំទ្រ​ជាច្រើន​នឹង​នៅ​ពីក្រោយ Ikeda ព្រោះ​ប្រកួត​នៅ​ជប៉ុន​។ ប៉ុន្តែ​អ្វីដែល​គ្រោងទុក គឺ ខ្ញុំ​ត្រូវធ្វើ​ឲ្យ​បានល្អ​បំផុត ដោយ​មិនអាច​រារាំង​ការរៀបចំ​ទុក​របស់ខ្ញុំ​បានឡើយ​»​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​

© រក្សាសិទ្ធិដោយ thmeythmey.com