សភា​ម៉ាឡេស៊ី បោះឆ្នោត​លុបចោល​ច្បាប់​ស្តីពី​ព័ត៌មាន​មិន​ពិត​
អន្តរជាតិ
សភា​ម៉ាឡេស៊ី បោះឆ្នោត​លុបចោល​ច្បាប់​ស្តីពី​ព័ត៌មាន​មិន​ពិត​
10, Oct 2019 , 11:25 am        
រូបភាព
​សមាជិកសភា​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​៩  ខែតុលា បាន​បោះ​លុបចោល​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​មិន​ពិត​។ ចំពោះ​ច្បាប់​នេះ ត្រូវបាន​គេ​រិះគន់ថា មានបំណង​បង្ក្រាប​លើ​មតិ​រិះគន់​ទាំងឡាយ​។ ចំណែក​ទណ្ឌកម្ម​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គឺ​ដាក់ទោស​ឲ្យ​នៅក្នុង​គុក​រយៈពេល ៦​ឆ្នាំ​។ នេះ​ជា​លើក​ទី​ពីរ​ដែល​សភា​ជាន់​ទាប​ម៉ាឡេស៊ី​បោះឆ្នោត​លុបចោល​ច្បាប់​នេះ បន្ទាប់ពី​ត្រូវបាន​សភា​ជាន់ខ្ពស់​ជំទាស់​កាលពី​ការបោះឆ្នោត​លើកទីមួយ​។



​ច្បាប់​ព័ត៌មាន​ក្លែងក្លាយ មាន​គោលបំណង​ដាក់ទណ្ឌកម្ម​លើ​ជន​ទាំងឡាយណា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ ហើយ​ដែល​អាជ្ញាធរ​ចា​តុ​ទុក​ថា ជា​ព័ត៌មាន​មិន​ពិត​។ តាមច្បាប់​នេះ បុគ្គល​ដែល​ប្រព្រឹត្ត​ខុស នឹងត្រូវ​ផាកពិន័យ​រហូតដល់ ១២​ម៉ឺន​ដុល្លារ ចំពោះ​ការបង្កើត​ព័ត៌មាន​មិន​ពិត​តាមរយៈ​ការបោះ​ពុ​ម្ភ​ផ្សាយ ដល់​ការផ្សព្វផ្សាយ​រយៈ​បណ្តាញ​សង្គម​ផ្សេងៗ​។

​ច្បាប់​ស្តីពី​ព័ត៌មាន​មិន​ពិត​នេះ ត្រូវបាន​សភា​ជាន់​ទាប​បោះឆ្នោត​ឲ្យ​លុបចោល​ម្តង​ហើយ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ត្រូវ​ទទួល​បរាជ័យ​ទៅវិញ ព្រោះ​សភា​ជាន់ខ្ពស់​ដែល​គ្រប់គ្រង​ដោយ​បក្សប្រឆាំង បដិសេធចោល​ការលុបចោល​នេះ​។ ជាការ​ព្យាយាម​លើក​ទី​ពីរ នៅ​ថ្ងៃទី​៩ ខែតុលា​សភា​ជាន់​ទាប​ម៉ាឡេស៊ី ក៏​បោះឆ្នោត​លុបចោល​ច្បាប់​នេះ​ម្តងទៀត  ហើយ​ទទួលបាន​សំឡេង គាំទ្រ​៩២​ទល់នឹង​៥១​។ មានន័យថា ច្បាប់​នេះ អាច​លុបចោល​បាន​ហើយ ដ្បិត​សភា​ជាន់ខ្ពស់​មិនអាច​ជំទាស់​លើក​ទី​ពីរ​បានឡើយ​។

​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុង​អាណត្តិ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ក្នុង​គោលបំណង​ទប់ស្កាត់​មតិ​រិះគន់​មកលើ​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​ផ្ទាល់ ជាពិសេស​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​មូលនិធិ រដ្ឋ 1MDB ។ តាម​ការលើកឡើង​រប​ស់លោក Mohamed Hanipa Maidin អនុរដ្ឋមន្ត្រី​នៅក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី​ក្នុង​កិច្ច​ប្រ​ជុះ​សភា ច្បាប់​នេះ គឺមាន​ធាតុ​ផ្សំ​ជាច្រើន ដែល​បង្ក​ឲ្យ​មានការ​រំលោភបំពាន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

​ស្រដៀង​គ្នា​ទៅនឹង​លោក Mohamed ដែរ សមាជិកសភា​ជាន់​ទាប​លោក Charles Santiago បានបញ្ជាក់​ប្រាប់​សារព័ត៌មាន AFP ថា ច្បាប់​នេះ បង្កើតឡើង​គឺ​គ្រាន់តែ​ចង់​បិទបាំង​នូវ​ការរំលោភបំពាន និង​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​លោក ណា​ជីប តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ច្បាប់​មួយ​នេះ ត្រូវបាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ចាត់ទុកថា មិន​សំខាន់​ទៀត​ទេ ព្រោះ​ទាក់ទង​នឹង​ការគ្រប់គ្រង​ព័ត៌មាន​មិន​ពិត រដ្ឋាភិបាល​ទីក្រុង​គូ​ឡា​ឡាំ​ពួ អាច​ដោះស្រាយ​ជាមួយ​ច្បាប់​ផ្សេងៗ​បាន ដូចជា ច្បាប់ព្រហ្មទណ្ឌ ច្បាប់​ស្តីពី​ការបោះ​ពុ​ម្ភ និង​ផ្សព្វផ្សាយ​សារព័ត៌មាន​ជាដើម​។ គួររំលឹកថា ដោយសារតែ​ច្បាប់​ព័ត៌មាន​មិន​ពិត​នេះ អតីត​នាយករដ្ឋមន្ត្រី Najib បាន​ស៊ើបអង្កេត​លោក មហា​ធៀ មហាម៉ាត់ ដែលជា​គូប្រឆាំង​កាលពីមុន​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ ពីបទ​ចែកចាយ​ព័ត៌មាន​មិន​ពិត​៕

Tag:
 ​ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com