អន្តរជាតិ
តួ​ក​គី បើក​យុទ្ធនាការ​យោធា​ចូល​ទឹកដី​ស៊ី​រី
10, Oct 2019 , 12:19 pm        
រូបភាព
ជនភៀសខ្លួនចេញពីប្រតិបត្តិការយោធាតួកគី។ រូបភាព AFP
ជនភៀសខ្លួនចេញពីប្រតិបត្តិការយោធាតួកគី។ រូបភាព AFP
​យោធា​តួ​ក​គី នៅ​ថ្ងៃទី​៩ ខែតុលា ចាប់ផ្ដើម​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ចូល​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​ដើម្បី​បោសសម្អាត​ក្រុម​ជ្រុលនិយម និង​បង្កើត​តំបន់​សុវត្ថិភាព​ចន្លោះ​ព្រំដែន​តួ​ក​គី និង​ស៊ី​រី​។ តួ​ក​គី ទទួល​ភ្លើង​បៃតង​ពី​លោក ដូ​ណា​ល់ ត្រាំ ដែល​បញ្ជា​ឲ្យ​ដកទ័ព​អាមេរិក​ចេញពី​តំបន់​ដែល​ត្រួតត្រា​ដោយ​ក្រុម​ឃើ​ដ​ស៊ី​រី​។ លោក ត្រាំ ដែល​រង​ការរិះគន់​ជុំ​ទិស​ថា បោះបង់​សម្ព័ន្ធមិត្ត​ដ៏​ស្មោះត្រង់​របស់​អាមេរិក ព្រមាន​តួ​ក​គី​មិន​ឲ្យ​ធ្វើ​អ្វី​ហួសហេតុ​ឡើយ​។​



​សំឡេង​កាំភ្លើង​ធំ និង​យន្តហោះ​លាន់​កក្រើក​ភាគ​ខាងជើង​ស៊ី​រី ជា​សញ្ញា​នៃ​ការចាប់ផ្ដើម​យុទ្ធនាការ​យោធា​របស់​តួ​ក​គី​ចូល​ទឹកដី​ស៊ី​រី​ក្រោយ​ការចាកចេញ​របស់​កង​ទ័ព​អាមេរិក​តាម​បញ្ជា​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ យោធា​តួ​ក​គី និង​ក្រុម​ឧទ្ទាម​ស៊ី​រី​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ក៏​ផ្ដើមធ្វើ​ប្រតិបត្តិការ​ផ្លូវគោក​នៅ​ថ្ងៃទី​៩ ខែតុលា ដោយបាន​វាយប្រហារ​លើ​គោលដៅ​នានា​របស់​សកម្មជន​ឃើ​ដ​ស៊ី​រី​ដែលជា​ស្មោះត្រង់​នឹង​អាមេរិក​។​

​គោលដៅ​នៃប្រតិបត្តិ​ការ​របស់​យោធា​តួ​ក​គី គឺ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​នៅ​សេសសល់ និង​ក្រុម​សកម្មជន​ឃើ​ដដែល​កាន់កាប់​តំបន់​ភាគ​ខាងជើង​នេះ​។ ក្រុម​ឃើ​ដ​ស៊ី​រី​នេះ ត្រូវបាន​ក្រុង​អង់កា​រ៉ា​ចោទថា មាន​ទំនាក់​ទំនងជា​មួយក្រុម​ឃើ​ដ​តួ​ក​គី​ដែលជា​ត្រូវបាន​ចាត់ទុកជា​អង្គការ​ភេរវកម្ម​។ លើសពីនោះ តួ​ក​គី ក៏​ចង់​បង្កើត​តំបន់​សុវត្ថិភាព​មួយ​ដើម្បី​ទទួល​ជនភៀសខ្លួន​ស៊ី​រី​រាប់លាន​នាក់​ដែល​រត់គេច​ពី​សង្គ្រាម​ក្នុងស្រុក​ជាង​៨​ឆ្នាំ​មកនេះ​។  

​បើតាម​សារព័ត៌មាន​តួ​ក​គី យោធា​តួ​ក​គី​ឆ្លង​ចូល​តំបន់​ភាគ​ខាងកើត​ទន្លេ Euphrates តាម​ច្រក​ចំនួន​បួន ដោយ​ពីរ​នៅក្បែរ​ទីក្រុង Tel Abyad និង​ពីរ​ទៀត​នៅក្បែរ​ទីក្រុង Ras al Ain ។ ក្រុម​ឧទ្ទាម​ស៊ី​រី​ដែល​ដឹកនាំ​ដោយ​ក្រុម​ឃើ​ដ​ស៊ី​រី (SDF) អះអាងថា សកម្មជន​របស់ខ្លួន​បាន​ប្រយុទ្ធ​ជាមួយ​យោធា​តួ​ក​គី​នៅ​ទីក្រុង Tel Abyad ហើយក៏​ចោទប្រកាន់​តួ​ក​គី​ថា ធ្វើ​ប្រតិបត្តិការ​ដែនអាកាស​លើ​តំបន់​ជន​ស៊ីវិល​រស់នៅ​។ ជន​ស៊ីវិល​យ៉ាងតិច​៥​នាក់ និង​កម្លាំង SDF បីនាក់ បាន​ស្លាប់ ហើយ​ជាច្រើន​នាក់​ទៀត​របួស​។​

​លោក ត្រាំ ឯណោះ​វិញ​ដែល​កំពុង​ឈឺក្បាល​នឹង​ពាក្យរិះគន់​រឿង​ក្បត់​ក្រុម​ឃើ​ដ​ស៊ី​រី​នោះ បាន​ព្រមាន​តួ​ក​គី​ជាថ្មី​។ មេដឹកនាំ​អាមេរិក​រូបនេះ ហៅ​យុទ្ធនាការ​របស់​តួ​ក​គី​ជា​គំនិតអាក្រក់ ហើយ​ថា លោក​មិន​ដែ​ផ្ដល់​អនុញ្ញាត​ឲ្យ​រឿង​បែបនេះ​កើតឡើង​ឡើយ​។ ដោយ​គំរាម​កម្ទេច​សេដ្ឋកិច្ច​តួ​ក​គី លោក ត្រាំ ក៏​សង្ឃឹមថា យោធា​តួ​ក​គី នឹង​ការពារ​ជន​ស៊ីវិល និង​ជនភាគតិច​នានា ហើយ​ធ្វើយ៉ាងណា​បញ្ចៀស​មិន​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ឲ្យ​សោះ​។

​ប្រតិបត្តិការ​របស់​តួ​ក​គី រង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ព្រោះ​វា​អាច​នឹង​ឲ្យ​មាន​វិបត្តិ​ថ្មី​មួយទៀត​នៅ​ស៊ី​រី បន្ថែម​ពីលើ​វិ​ប​ត្ត​ដ៏​មហន្តរាយ​នៅពេល​បច្ចុប្បន្ន​។ យ៉ាងណាមិញ តួ​ក​គី​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា យុទ្ធនាការ​សឹក​របស់ខ្លួន នឹង​ធ្វើឡើង​ដោយមាន​សមាមាត្រ មាន​គិតគូរ​ជាក់លាក់ និង​មានការ​ទទួលខុសត្រូវ​។ នេះ​បើតាម​លិខិត​ជូនដំណឹង​ដែល​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ៕

Tag:
 តួ​ក​គី​
  ស៊ី​រី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com