អន្តរជាតិ
បញ្ហាចរាចរណ៍នៅម៉ានីល៖ពលរដ្ឋក្តៅស្លឹកត្រចៀកក្រោយមន្ត្រីថា «ចង់ដល់គោលដៅលឿន ត្រូវរូតរះចេញដំណើរ» ប្រភពរូប៖ AFP
× អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋ ក្រោយច្រានចោលកង្វល់សាធារណៈពាក់ព័ន្ធរឿងស្ទះចរាចរណ៍នៅរដ្ឋធានីម៉ានីល។ ជាប់ឈ្មោះជាទីក្រុងមានបញ្ហាចរាចរណ៍អាក្រក់បំផុតមួយលើពិភពលោក អ្នកនយោបាយហ្វីលីពីនរូបនេះ ប្រាប់ឲ្យពលរដ្ឋដែលរស់នៅទីក្រុងនេះ រូតរះចេញដំណើរ បើពួកគេចង់ដល់គោលដៅលឿន។ ប្រជាជនហ្វីលីពីនចោទប្រកាន់មន្ត្រីរូបនេះថា «គ្មានយល់ពីតថភាពជាក់ស្តែង»។
ម៉ានីល ដែលមានប្រជាជនសរុបជិត២លាននាក់ គឺជាទីក្រុងមានមនុស្សរស់នៅកកកុញបំផុតមួយលើពិភពលោក។ ដោយសារប្រជាជនច្រើន តែផ្ទៃដីតូច (៤២,៨៨គីឡូម៉ែត្រការ៉េ) ទីក្រុងនេះ ជួបប្រទះបញ្ហាកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ ហើយក្នុងឆ្នាំ២០១៥ ជាប់ឈ្មោះជាទីក្រុងអាក្រក់បំផុតសម្រាប់ការធ្វើចរាចរណ៍។ ទោះជាបែបនេះក្តី អ្នកនាំពាក្យប្រធានាធិបតិ លោក Salvador Panelo ហាក់គ្មានខ្វាយខ្វល់នឹងសុខទុក្ខពលរដ្ឋហ្វីលីពីនបន្តិចសោះឡើយ។
ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៩ ខែតុលា លោក លើកឡើងថា៖«តើពួកគេមានន័យបែបណា ដោយនិយាយថា វិបត្តិមធ្យោបាយដឹកជញ្ជូន? សម្រាប់ខ្ញុំ វាគ្រាន់តែជាបញ្ហាចរាចរណ៍ប៉ុណ្ណោះ»។ លោក បន្តថា៖ «វានៅតែមានសកម្មភាពដឹកជញ្ជូន, យើងទាំងអស់គ្នានៅតែអាចធ្វើចរាចរណ៍បាន។ ប្រជាជនអាចធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងដែលពួកគេចង់ទៅ»។
នេះ គឺជាដំណោះស្រាយ។ លោក Panelo និយាយបែបនេះ ដោយបន្ថែមថា ប្រសិនបើអ្នកចង់ទៅដល់គោលដៅលឿននោះ អ្នកគួរចេញដំណើរឲ្យបានរហ័សបន្តិច។ យ៉ាងណាមិញ យោបល់របស់មន្ត្រីជាន់ខ្ពស់រូបនេះ មិនទទួលការលើកសរសើរពីសំណាក់ពលរដ្ឋហ្វីលីពីនឡើយ។ ពួកគេ បានចោទលោកថា គ្មានដឹងតថភាពជាក់ស្តែងអំពីចរាចរណ៍ក្នុងទីក្រុងម៉ានីល។ ពលរដ្ឋម្នាក់បាននិយាយថា សិស្សចំណាយពេលយ៉ាងតិច៣ម៉ោងឯណោះដើម្បីធ្វើដំណើរពីផ្ទះទៅដល់ថ្នាក់រៀន។
«វា គឺជាវិបត្តិមធ្យោបាយដឹកជញ្ជូនក្នុងទីក្រុងម៉ានីល។» សកម្មជនតំណាងសិស្សហ្វីលីពីនម្នាក់ ឈ្មោះថា John Gemuel Maramba ប្រាប់សារព័ត៌មាន BBC បែបនេះ ដោយបន្ថែមថា សិស្សចាកចេញពីផ្ទះនៅម៉ោង៥ព្រឹកសម្រាប់ថ្នាក់រៀនម៉ោង៨ព្រឹក។ ម្យ៉ាងវិញទៀត រូបគេ កត់សម្គាល់ថា ប្រជាជនភាគច្រើន ពឹងផ្អែកលើសេវាកម្មដឹកជញ្ជូនសាធារណៈដើម្បីធ្វើដំណើរទៅធ្វើការ និងរៀនសូត្រ ក៏ប៉ុន្តែពួកគេជួបបញ្ហាកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុត ដ្បិតមនុស្សច្រើនលើសលប់ត្រូវការជិះយានយន្តសាធារណៈ និងពេលខ្លះ រថភ្លើងមិនដំណើរថែមទៀតផង។
ក្នុងសប្តាហ៍នេះ បញ្ហាចរាចរណ៍ក្នុងទីក្រុងកាន់តែដុនដាប ព្រោះតែបណ្តាញរថភ្លើងសំខាន់ចំនួន៣ខ្សែលែងដំណើរការដោយសារបញ្ហាបច្ចេកទេស។ ការណ៍នេះជាហេតុបណ្តាលឲ្យប្រជាជនហ្វីលីពីនគ្មានជម្រើសអ្វីផ្សេងក្រៅពីបន្តដំណើរដែលនៅសេសសល់របស់ពួកគេដោយថ្មើរជើង។
ដោយលើកយកបញ្ហាបច្ចេកទេសរបស់រថភ្លើងមកសំអាង ប្រជាជនហ្វីលីពីនជាច្រើន សម្តែងការមិនយល់ស្របចំពោះយោបល់របស់លោកអ្នកនាំពាក្យ Panelo ដោយចោទថា អ្នកនយោបាយរូបនេះ មិនទាំងប្រើមធ្យោបាយធ្វើដំណើរសាធារណៈ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃផងនោះ។ មតិមួយទៀត លើកឡើងថា សម្តីរបស់លោក Panelo បង្ហាញសារមួយយ៉ាងច្បាស់ថា ក្នុងនាមជាមន្ត្រីម្នាក់ លោកគ្មានដឹងលឺពីការលំបាកប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងការដំណើរឡើយ។
អ្វីគួរឲ្យកត់សម្គាល់នោះ កាលពីថ្មីនេះ រដ្ឋាភិបាលហ្វីលីពីន បានសម្រេចចិត្តទិញយន្តហោះយោធាពីអាមេរិកមួយគ្រឿង តម្លៃ៣៩,៩លានដុល្លារ ដើម្បីប្រើប្រាស់ជាយន្តហោះឯកជនរបស់ប្រធានាធិបតី។ រដ្ឋាភិបាលក្រុងម៉ានីល អះអាងថា យន្តហោះដែលនឹងបញ្ជូនទៅដល់ហ្វីលីពីននាឆ្នាំ២០២០ ក៏នឹងត្រូវប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ហ្វីលីពីនផ្សេងទៀត និងក្នុងស្ថានភាពអាសន្នណាមួយ។ ក៏ប៉ុន្តែវាពុំមានចំណែកពលរដ្ឋហ្វីលីពីននោះទេ។
ទាក់ទិនរឿងទិញយន្តហោះនេះ ប្រជាជនហ្វីលីពីន តាមរយៈបណ្តាញសង្គម Twitter បានរិះគន់ថា បញ្ហាចរាចរណ៍នៅម៉ានីលកាន់តែអាក្រក់ខ្លាំងឡើងៗ រដ្ឋបាលលោកប្រធានាធិបតី ឌូទើតេ បែរជាជូនរង្វាន់ខ្លួនឯងដោយយន្តហោះឯកជនទៅវិញ។ ដូចគ្នានេះដែរ និស្សិតពេទ្យហ្វីលីពីនម្នាក់ឈ្មោះថា Lya Elago បានចោទថា កញ្ចប់ថវិកាជាតិសម្រាប់វិស័យសុខាភិបាល និងអប់រំ ត្រូវបានកាត់បន្ថយសម្រាប់រឿងទិញយន្តហោះនេះ៕
Tag:
ហ្វីលីពីន
បញ្ហាចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com