អន្តរជាតិ
ថៃ នឹង​ទាមទារ​ធានារ៉ាប់រង​សុខភាព​ចំពោះ​ភ្ញៀវទេសចរ​រយៈពេល​វែង​
10, Oct 2019 , 7:19 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ភ្ញៀវទេសចរ​បរទេស​ដែលមាន​អាយុ​លើសពី ៥០​ឆ្នាំ​ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​ដែល​អាចមាន​ហានិភ័យ​សុខភាព ដូច្នេះ​រដ្ឋាភិបាល​ថៃ​តម្រូវ​ឲ្យ​មានការ​ធានារ៉ាប់រង​សុខភាព នៅពេល​ដាក់​ស្នើ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​រយៈពេល​វែង​របស់​ប្រទេស​ថៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងសុខាភិបាល​ថៃ​។ គោលដៅ​នៃ​វិធានការ​ថ្មី គឺ​ធានាថា ពួកគេ​មានលទ្ធភាព​បង់ថ្លៃ​ព្យាបាល​ដោយ​ខ្លួន ហើយ​រដ្ឋាភិបាល​ថៃ​មិនចាំបាច់​ថ្លៃ​ជំនួស​ឡើយ​។​



​វិធានការ​ថ្មី​ដែល​ត្រូវ​ឲ្យ​ជនបរទេស​ចូល​ទឹកដី​ថៃ​រយៈពេល​យូរ ត្រូវមាន​ធានារ៉ាប់រង​សុខភាព នឹង​ចូល​ជាធរ​មាននៅ​ចុងខែ​តុលា​ខាងមុខ​។ នេះ​ជាការ​វិធានការ​ដើម្បី​ធានាថា ភ្ញៀវទេសចរ​ទាំងអស់​អាចមាន​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​ក្នុងអំឡុង​ពេលដែល​មក​ស្នាក់នៅ​រយៈពេល​យ៉ាងយូរ​មួយឆ្នាំ​។ នេះ​បើតាម​ប្រសាសន៍​របស់​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក Sathit Pitutecha ប្រាប់​មក​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ផ្សាយ​នៅ​ថ្ងៃទី​៩ ខែតុលា​។​

​ដូច​ដឹង​ស្រាប់ ថៃ គឺជា​តំបន់​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ដែល​ពេញនិយម​ពី​សំណាក់​ប្រជាជន​លោកខាងលិច​ដែលមាន​វ័យ​ចំណាស់​។ បើតាម​លោក Sathit  រដ្ឋាភិបាល​ត្រូវ​ចំណាយលុយ​ប្រម​ណ ៥​រយ​លាន​បាត (​ជាង​១៦​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ​ទៅលើ​ការព្យាបាល​សម្រាប់អ្នកទេសច​រ​ដែលមាន​អាយុ​លើសពី​៥០​ឆ្នាំ​។​

​លោក Sathit បាន​បន្ថែមថា មន្ទីរពេទ្យ​ត្រូវតែ​ព្យាបាល​ពួកគេ​ក្រោម​ហេតុផល​សិទ្ធិមនុស្ស ប៉ុន្តែ​នៅពេល​ខាង​មន្ទីរពេទ្យ​សុំ​ឲ្យ​គេ​បង់ប្រាក់ គឺ​ពួកគេ​មិនមាន​លទ្ធភាព​។ ការចំណាយ​ទាំងអស់​គឺជា​បន្ទុក​រប​ស់​ក្រសួងសុខាភិបាល ដូច្នេះ​ត្រូវតែ​ជំរុញ​ឲ្យ​មាន​គោលនយោបាយ​ធានារ៉ាប់រង​សុខភាព​។​

​ទិន្នន័យ​ប៉ូលិសអន្តោប្រវេសន៍​ថៃ​បង្ហាញថា ក្នុងឆ្នាំនេះ​ប្រទេស​ថៃ​បានទទួល​ពាក្យសុំ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ចំនួន​ជាង ៨​ម៉ឺន​នាក់​ហើយ​មកទល់ពេលនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com