ប្រមុខ​ការទូត​កម្ពុជា​៖ យើង បង្ហាញ​ពិភពលោក​ថា វិធី​ដណ្តើម​អំណាច​របស់​បក្ស​ប្រឆាំង មិនមែន​ប្រជាធិបតេយ្យ​ឡើយ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខ​ការទូត​កម្ពុជា​៖ យើង បង្ហាញ​ពិភពលោក​ថា វិធី​ដណ្តើម​អំណាច​របស់​បក្ស​ប្រឆាំង មិនមែន​ប្រជាធិបតេយ្យ​ឡើយ​
10, Oct 2019 , 7:39 pm        
រូបភាព
លោក ប្រាក់ សុខុន ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩
លោក ប្រាក់ សុខុន ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា ចង់​ប្រាប់​ពិភពលោក​ឲ្យ​បានដឹងថា យុទ្ធសាស្ត្រ​ស្វែងរក​ចំណា​ចរ​បស់​ក្រុម​អ្នកប្រឆាំង មិនមែន​ធ្វើតាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ​។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ឆ្លើយ​ដូច្នេះ ទៅកាន់​អ្នកសារព័ត៌មាន VOA ដែល​ឆ្លៀត​សួរ​លោក ក្នុងឱកាស​ដែ​លោក ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន​។



​លោក ប្រាក់ សុខុន ថ្លែងថា រដ្ឋាភិបាល​កម្ពុជា មិនបាន​នឹកគិត​ពី​ការចរចា​ជាមួយ​ក្រុមប្រឆាំង​នោះទេ​។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា អ្វីដែល​រដ្ឋាភិបាល ចង់បង្ហាញ​នោះ គឺ​ទង្វើ​ខុសច្បាប់​របស់​ក្រុមប្រឆាំង​។ 

​ប្រមុខ​ការទូត​កម្ពុជា បញ្ជាក់​បែបនេះ​ថា​៖«​យើង អត់​ទាន់​និយាយ​ពី​រឿង​ចរចា​ឬ​មិន​ចរចា​ទេ ឥឡូវ និយាយ​ពី​ច្បាប់​។ ខ្ញុំ​លើកឡើង​ហ្នឹង គឺពាក់ព័ន្ធ​ទៅនឹង​ច្បាប់ គឺ​ខុស​អ៊ីចឹង បង្ហាញ​ពិភពលោក​ឲ្យ​ឃើញថា គណបក្សប្រឆាំង​នៅ​ស្រុក​ខ្មែរ វិធី ដែល [​ពួកគេ​ប្រើ​] មិនមែនជា​ពិធី​ប្រជាធិបតេយ្យ​ពិត​នោះទេ ដើម្បី​ដណ្តើម​អំណាច​»​។

​លោក សម រង្ស៊ី និង បក្សពួក​មួយចំនួន បាន​រង​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​និង​តុលាការ​កម្ពុជា ថា គម្រោង​វិល​ត្រឡប់មក​កម្ពុជា​រប​ស់​ពួកគេ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ គឺ​ដើម្បី​ធ្វើ​រដ្ឋប្រហារ​។ តុលាការ អះអាង​ពី​ក្រមព្រហ្មទណ្ឌ​ថា បទល្មើស​នេះ អាច​ឲ្យ​ពួកគេ ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ​។

​យ៉ាងណា លោក សម រង្ស៊ី ព្យាយាម​បកស្រាយ​ថា ដំណើរ​ធ្វើ​មាតុភូមិ​និ​វិត្ត​របស់លោក មិនមែន​ដើម្បី​ធ្វើ​រដ្ឋប្រហារ​នោះទេ តែ​ដើម្បី​បំផុស​ឲ្យ​កើតមាន​អំណាច​ប្រជាពលរដ្ឋ ពោលគឺ ឲ្យ​ប្រជាពលរដ្ឋ ងើប​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​។

​ខណៈ​លោក សម រង្ស៊ី កាន់តែ​ប្រកាស​ពី​ការវិលត្រឡប់​របស់លោក សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ស្រុក បាន​រង​ការចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ​ជា​ហូរហែ ដោយ​អ្នកខ្លះ ត្រូវបាន​ឃុំខ្លួន ហើយ​អ្នកខ្លះ បានគេច​ខ្លួន​។ តុលាការ លើក​អង្គ​ហេតុថា ពួកគេ ត្រូវ​ចោទប្រកាន់​និង​ចាប់ខ្លួន ដោយសារ​ពួកគេ ប្រកាស​ត្រៀមចាំ​ទទួល​លោក សម រង្ស៊ី និង​គាំទ្រ​លោក សម រង្ស៊ី ដែលមាន​ចេតនា​ធ្វើ​រដ្ឋប្រហារ​។

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ ឆាប់​ចេញមក​សារភាព​កំហុស ឲ្យ​បាន​មុន​តុលាការ​ចោទប្រកាន់ ដើម្បី​ទទួលបាន​ការលើកលែង​ទោស​៕ 


Tag:
 ប្រាក់ សុខុន​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com