អន្តរជាតិ
សង្គ្រាម​ពាណិជ្ជកម្ម​៖ ចិន មិន​រំពឹង​ខ្ពស់​លើ​ការចរចា​ជាមួយ​អាមេរិក បន្ទាប់ពី​ការចុះ​បញ្ជីខ្មៅ​
10, Oct 2019 , 8:19 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ចិន​មានការ​ភ្ញាក់ផ្អើល និង​អាក់អន់ចិត្ត​ផងដែរ​ចំពោះ​ការចុះឈ្មោះ​ក្រុមហ៊ុន​ចិន​ចំនួន​២៨​ក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​ដោយ​អាមេរិក​ពាក់ព័ន្ធ​បញ្ហា​ស៊ីន​ជាំ​ង​។ បញ្ហា​នេះ ក៏​ជះឥទ្ធិពល​ដល់​ការចរចា​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ដោយ​ចិន​បាន​ទម្លាក់​ក្តី​រំពឹង​លើ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ក្នុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​រដ្ឋាភិបាល​ចិន ខណៈ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វិញ បានបង្ហាញ​ពី​គំនិត​សុទិដ្ឋិនិយម​ថ្មី​។​



​មន្ត្រី​ទទួលបន្ទុក​ការចរចា​របស់​រដ្ឋ​អាមេរិក និង​ចិន នឹង​បន្ត​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នា​ជំនួប​ពីរ​ថ្ងៃ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១០ ខែតុលា ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ដែលមាន​រយៈពេល ១៥ ខែ​។ បញ្ហា​នេះ​កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​និង​គំរាមកំហែង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល ។​

​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក លីវ ហឺ និង​អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Robert Lighthizer និង​រដ្ឋមន្ត្រី​រតនាគា​រ លោក Steven Mnuchin នឹង​ដឹកនាំ​កិច្ចចរចា​ដែល​មិនសូវមាន​ក្ដី​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​។ បើ​គ្មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ទេ​លោក ត្រាំ នឹង​ដំឡើង​អត្រាពន្ធ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ ២៥០​ពាន់​លាន​ដុល្លារ​ពី​២៥​ភាគរយ​ទៅ​៣០​ភាគរយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​

​ផ្អែកលើ​ស្ថានការណ៍​បច្ចុប្បន្ន មានលទ្ធភាព​កិច្ចពិភាក្សា​រវាង​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​របស់​ពិភពលោក ក្នុង​សប្តាហ៍​នេះ​អាច​នឹង​បញ្ចប់​ដោយ​ភាពជាប់គាំង​។ មន្ត្រី​រដ្ឋាភិបាល​ចិន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters និយាយថា នៅពេល​កិច្ចពិភាក្សា​ថ្នាក់ក្រោម​រវាង​សហរដ្ឋអាមេរិក និង​មន្ត្រី​ចិន​មាន​គោលបំណង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​កិច្ចប្រជុំ​នាពេលខាងមុខ ការចុះបញ្ជី​ខ្មៅ​របស់​ក្រុមហ៊ុន​ចិន​ចំនួន ២៨ បាន​បង្កើត​បរិយាកាស​អវិជ្ជមាន​ជំនួស​វិញ​។​

​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បានដាក់​ក្រុមហ៊ុន​ចិន​ក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម ដោយ​អះអាងថា ពួកគេ​ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើទុក្ខបុកម្នេញ​ជនភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ឯទៀត​នៅ​ខេត្ត​ស៊ីន​ជាំ​ង​ភាគ​លិច​។

​ឯ​រឿង​ពាណិជ្ជកម្ម​វិញ រដ្ឋ​អាមេរិក​ទាមទារ​ឱ្យ​ចិន​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​របៀប​ដែល​ខ្លួន​ដឹកនាំ​សេដ្ឋកិច្ច​ទៅរក​គំរូ​នៃ​ទីផ្សារ​មូលធន​សេរី​តាមបែប​លោកខាងលិច បញ្ឈប់​នយោបាយ​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​រដ្ឋ​ដែល​នាំ​ឲ្យ​មានការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ បើក​ទីផ្សារ​ឲ្យ​ទូលាយ និង​លែង​លួច​កម្មសិទ្ធិបញ្ញា​ជាដើម​។ ប៉ុន្តែ​ភាគី​ទាំងពីរ សុទ្ធ​តែមាន​មាន​ទស្សនៈ​ខុសគ្នា​ពី​ប្រធានបទ​ទាំងនោះ​។ មន្ត្រី​ចិន​អះអាងថា ចិន​មិនបាន​លួច​យក​កម្មសិទ្ធិបញ្ញា​ទេ ពោលគឺ​ក្រុមហ៊ុន​លោកខាងលិច​បាន​លះបង់​វា​ដោយ​ស្ម័គ្រចិត្ត​ហើយ​ប្រមូល​ផលប្រយោជន៍​។ 

​មុន​ការចរចា លោក ត្រាំ ក៏​ស្រាប់តែ​បង្ហាញ​ជំហរ​សុទិដ្ឋិនិយម ហើយ​ថា មានឱកាស​ល្អ​ដែល​ភាគី​ទាំងពីរ​អាចឈាន​ដល់​កិច្ចព្រមព្រៀង​។ ដូច​រាល់ដង លោក ត្រាំ និយាយ​ដោយ​មោទកភាព​ថា ចិន​ចង់បាន​កិច្ចព្រមព្រៀង​ជាង​អាមេរិក​ទៅទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com