ជាតិ
ព្រំដែន
លោក វ៉ា គឹមហុង​៖«​យើង ធ្វើ​ព្រំដែន មិនមែន​ឲ្យ​ពលរដ្ឋ​យើង ទឹកភ្នែក​ទឹកសំបោរ​ទេ​»
10, Oct 2019 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា ព្យាយាម​ពន្យល់​សាធារណជន ពី​ការទទួលបាន​ផលប្រយោជន៍​រៀងខ្លួន ក្នុងការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ដោយ​គ្មាន​ភាគី​ណាមួយ បាត់បង់​ទឹកដី​ឬ​ខាតបង់​នោះទេ​។ លោក សង្កត់ធ្ងន់ថា ការបោះបង្គោល​ព្រំដែន​នេះ​ទៀតសោត ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​ព្រំដែន​ដែរ​។



​ក្នុង​សន្និសីទកាសែត ដែល​រៀបចំឡើង​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ លោក វ៉ា គឹមហុង ថ្លែង​ដូច្នេះ​ថា​៖«​យើង ធ្វើ​ព្រំដែន បោះបង្គោល​ព្រំដែន មិនមែន​ឲ្យ​ប្រជាពលរដ្ឋ​យើង​នៅតាម​ព្រំដែន ទឹកភ្នែក​ទឹកសំបោរ​ទេ​។​...​ជាទូទៅ យើង​មាន​យន្តការ​ដើម្បី​ការពារ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានទុក្ខ​វេទនា ដោយសារ​ការបោះបង្គោល​ព្រំដែន​ទេ​»​។

​សំឡេង​លោក វ៉ា គឹមហុង៖





​កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​វៀតណាម បាន​ចុះហត្ថលេខា​ជាមួយគ្នា ដើម្បី​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការសម្រេចបាន​៨៤​ភាគរយ​នៃ​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ ចំណែក ១៦​ភាគរយ​ទៀត ដែល​នៅ​សេសសល់ ភាគី​ទាំងពីរ ប្តេជ្ញា​បន្តធ្វើ​រួមគ្នា ដើម្បី​បញ្ចប់​នាពេល​ខ​មុខ​។

​អតីត​គណបក្សប្រឆាំង មើលឃើញថា ការចុះហត្ថលេខា​ទទួល​ស្គាល់​ព្រំដែន​៨៤​នេះ ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី​បន្ថែម​។ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ដោយសារ​បញ្ចេញមតិ​ពី​រឿង​ព្រំដែន បាន​កាន់ទុក្ខ​៧​ថ្ងៃ សម្រាប់​ការបាត់បង់​ទឹកដី ក្រោម​ការចុះហត្ថលេខា​នេះ​។

​លោក វ៉ា គឹមហុង លើកឡើង​ក្នុង​សន្និសីទកាសែត​ថា លោក ក៏ដូចជា រដ្ឋាភិបាល មិនអាច​ហាមឃាត់​ការបញ្ចេញមតិ​របស់​អ្នកប្រឆាំង​បាន​នោះទេ​។ ប៉ុន្តែ លោក បកស្រាយ​ថា ការអះអាង​របស់​ពួកគេ គឺ​មិនមាន​ភស្តុតាង​ជាក់លាក់​ឡើយ​៕


Tag:
 វ៉ា គឹម ហុង​
  ព្រំដែន​កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com