FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ កម្ពុជា នេប៉ាល់ ស្រីលង្កា ម៉ុងហ្គោលីសុទ្ធតែប៉ះក្រុមគីឡូ World Cup
× ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ជុំទីពីរ នៅថ្ងៃទី១០ ខែតុលានេះមានចំនួន១៦គូ។ ក្នុងចំណោមនេះ មាន៤គូដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់វគ្គជម្រុះប្រចាំតំបន់អាស៊ីនេះ ដ្បិតសុទ្ធតែជាការប៉ះគ្នារវាងក្រុមគីឡូស្រាលទល់ នឹងក្រុមគីឡូ World Cup និងថែមមានគម្លាតពិន្ទុឆ្ងាយគ្នាលើសពី១០០លេខ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking លំដាប់ពិភពលោកបច្ចុប្បន្ននេះ។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះអ៊ីរ៉ង់នៅកីឡដ្ឋាន Azadi ក្រុងតេហេរ៉ង់ នាវេលាម៉ោង៨ និង៣០នាទី [ម៉ោងនៅកម្ពុជា] នៃវគ្គជម្រុះពូល C។
អ៊ីរ៉ង់ជាក្រុមយក្សនៅតំបន់អាស៊ីដោយឈរនៅលេខរៀងទី១ ក្នុងតារាងចំណាត់ថ្នាក់ AFC និងលេខរៀងទី២៣ក្នុងរាតាងលំដាប់ពិភពលោក។ ផ្ទុយទៅវិញគូប្រជែងរបស់ពួកគេគឺកម្ពុជាមានចំណាត់ថ្នាក់ក្នុង FIFA Ranking ទី១៦៩ឯណោះដែលមានគម្លាតឆ្ងាយពីគ្នារហូតដល់១៤៦លេខ។
នេប៉ាល់ ដែលត្រូវធ្វើដំណើរទៅជួបអូស្ត្រាលីក៏មានចំណាត់ថ្នាក់ Ranking ខុសគ្នាឆ្ងាយដែរ។ នេប៉ាល់ដែលជាក្រុមស្ថិតនៅតំបន់អាស៊ីខាងត្បូងមានចំណាត់ថ្នាក់ទី១៦១ ខណៈអូស្ត្រាលីដែលជាក្រុមថ្មីនៅអាស៊ី មានចំណាត់ទី៤៤ ពិភពលោក និង៤នៅ AFC ពោលគឺមានគម្លាតគ្នាចំនួន១១៧លេខ។ ក្រុមទាំងពីនឹងត្រូវតតាំងគ្នានៅវេលាម៉ោង ៤:០០នាទី [ម៉ោងនៅកម្ពុជា] ល្ងាចនេះសម្រាប់វគ្គជម្រុះពូល B។
សម្រាប់ការជួបគ្នានៅពូល H ក្រុមឈរចំណាត់ថ្នាក់ទី៣ ប្រចាំតំបន់អាស៊ីកូរ៉េខាងត្បូង ត្រូវទទួលភ្ញៀងស្រីលង្កានៅវេលាម៉ោង ៦:០០នាទីល្ងាចនេះ [ម៉ោងនៅកម្ពុជា]។ ក្រុមទាំងពីរមានចំណាត់ថ្នាក់ពិភពលោកខុសគ្នារហូតដល់ទៅ១៦៥លេខ ក្នុងនោះ កូរ៉េខាងត្បូងនៅលេខរៀងទី៣៧ រីឯស្រីលង្កាលេខ២០២។
ដោយឡែកម៉ុងហ្គោលីដែលស្ថិតនៅពូល F នឹងត្រូវធ្វើដំណើរទៅជួបជប៉ុននៅថ្ងៃទី១០ ខែតុលានេះដែរ ដែលប្រព្រឹត្តិទៅនៅវេលាម៉ោង ៥:៣៥នាទីល្ងាចនេះ [ម៉ោងនៅកម្ពុជា]។ ក្រុមលំដាប់ទីពីរតំបន់អាស៊ី រហស្សនាមសាមូរ៉ៃ មានចំណាត់ថ្នាក់ល្អជាងម៉ុងហ្គោលីរហូតដល់១៥២លេខ។ ជប៉ុននៅលេខរៀងទី៣១ ហើយ ម៉ុងហ្គោលីលេខ១៨៣។
ចំណែកឯកយក្សចិន និងកោះហ្គាម ក៏មិនខុសពីការជួបគ្នារបស់ជំនួប៤គូខាងលើដែរ។ ចិនដែលជាម្ចាស់ផ្ទះក្នុងការប្រកួតនេះឈរនៅចំណាត់ថ្នាត់ទី ៦៨ ពិភពលោក ខណៈកោះហ្គាមនៅលេខរៀងទី១៩៥។ ក្រុមដែលត្រូវជួបគ្នានៅម៉ោង ៧:០០នាទីយប់នេះ មានគម្លាត FIFA Ranking ចំនួន១២៧លេខ៕
Tag:
World Cup
ជម្រើសជាតិ
FIFA Ranking
© រក្សាសិទ្ធិដោយ thmeythmey.com