ជាតិ
ក្រុមហ៊ុន​១៥០ ចូលរួម​ពិព័រណ៍​ម្ហូបអាហារ​និង​សណ្ឋាគារ​ឆ្នាំ​២០១៩
10, Oct 2019 , 5:15 pm        
រូបភាព
​សៀមរាប​៖ ពិព័រណ៍​ម្ហូបអាហារ​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ អង្គរ​ម្ហូបអាហារ​និង​សណ្ឋាគារ (ANGKORFOOD+HOTEL) ត្រូវបាន​រៀបចំឡើងរ​យៈ​ពេល​៣​ថ្ងៃ​នៅ​ខេត្តសៀមរាប​។ ពិព័រណ៍​នៅ​ឆ្នាំនេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាតិ​និង​អន្ដរជាតិ​១៥០ ដែល​មកពី​១៦​ប្រទេស​។​



​យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ម្ហូបអាហារ​និង​សណ្ឋាគារ​ចំនួន​១៥០​ក្រុមហ៊ុន មកពី​១៦​ប្រទេស​ចូលរួម​ពិព័រណ៍​ម្ហូបអាហារ​និង​សណ្ឋាគារ​នៅ​ឆ្នាំនេះ ក្នុងនោះ​មាន​ប្រទេស កូរ៉េ ម៉ាឡេស៊ី អ៊ីតាលី សិង្ហ​បុរី ថៃ អាមេរិក និង តៃវ៉ាន់​។ ពិព័រណ៍​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន AMB Tarsus Event Group សហការ​ជាមួយ​សមាគម​ចុងភៅ​កម្ពុជា​។​



​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា លោក ឡុង ប៊ុន​ហោ បានចាត់ទុក​ពិព័រណ៍​នេះ​ថា​មាន​សារសំខាន់ និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការតាំង​បង្ហាញ​ម្ហូបអាហារ ពិសេស​មុខម្ហូប​ខ្មែរ ដើម្បីឱ្យ​មានការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​។ ជាមួយគ្នា​នោះ តាម​ការបញ្ជាក់​ពី​លោក ប៊ុន​ហោ សមាគម​ចុងភៅ​ក៏បាន​រៀបចំ​ពិធី​ប្រកួត​ធ្វើ​ម្ហូបអាហារ​ក្នុង​ពិព័រណ៍​នេះដែរ ដែល​សរុប​មាន​ចំនួន​១១​វិញ្ញាសារ​ផ្សេងៗ ដែល​ចូលរួម​ដោយ​ចុងភៅ​កម្ពុជា​មកពី​បណ្ដា​ក្រុង​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ក្នុង​ពិធី​បើកសម្ពោធ​ពិ​ព័រ​ណ៌​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា លោក ប៉ាក់ សុខុម បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​ពិព័រណ៍​ដែល​លោក​ចាត់ទុកថា​មាន​ផលចំណេញ​ច្រើន​ដល់​វិស័យ​ទេសចរណ៍​។ លោក​បន្តថា វិស័យ​ម្ហូបអាហារ​បានរួម​ចំណែក​យ៉ាង​ធំ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ លោក​រដ្ឋលេខាធិការ​ស្នើ​ឱ្យ​ចុងភៅ​កម្ពុជា​ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​និង​ស្ដង់ដា​ឱ្យ​កាន់តែខ្លាំង ដើ​ម្ប​ស្របទៅនឹង​កំណើន​ទេសចរ​និង​ស្ដង់ដា​របស់​ទេសចរ​គ្រប់​ជាតិ​សាសន៍​។​

​គួរ​បញ្ជាក់ថា ពិព័រណ៍​ម្ហូបអាហារ​និង​សណ្ឋាគារ ត្រូវបាន​រៀបចំ​ដំបូង​នៅ​ឆ្នាំ​២០១៥​នា​ខេត្តសៀមរាប ដែល​ពេល​នោះបាន​ទាក់ទាញ​ក្រុមហ៊ុន​ប្រមាណ​១០០​។ ពិព័រណ៍​នេះ​ជា​វេទិកា​ដ៏​ល្អ​សម្រាប់​ការស្វែងរក​ការបណ្ដាក់ទុន​អាជីវកម្ម ជា​បណ្ដាញ​និង​ប្រភព​សម្រាប់​ផ្គត់ផ្គង់​ផលិតផល សម្ភារ និង​សេវាកម្ម​ថ្មីៗ​៕
















Tag:
 ពិព័រណ៍​ម្ហូបអាហារ​
  ចុងភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com