FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រៅពី​ឥណ្ឌូណេស៊ី FIFA ពិន័យ​ហុងកុង​ជា​ប្រាក់​១៥០០០​ដុល្លារ ជុំវិញ​ការរំខាន​ក្នុង​កីឡដ្ឋាន​
10, Oct 2019 , 6:49 pm        
រូបភាព
សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ពិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​ហុងកុង (HKF) ជា​ទឹកប្រាក់ ១៥០០០​ដុល្លារ​អាមេរិក​បន្ទាប់​ពី​អ្នកគាំទ្រ​ហុងកុង​ស្រែក និង​ផ្លុំ​កញ្ចែ​រំខាន​ពេល​ចាក់​បទ​ភ្លេងជាតិ​ចិន​មុន​ការប្រកួត​វគ្គ​ជម្រុះ World Cup ទល់នឹង​អ៊ីរ៉ង់​។ ការពិន័យ​នេះ​ធ្វើឡើង​ក្រោយ FIFA បាន​ពិន័យ​ឥណ្ឌូណេស៊ី​ជា​ទឹកប្រាក់ ៤៥០០០​ដុល្លារ​អាមេរិក ជុំវិញ​អំពើហិង្សា​របស់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​លើ​អ្នកគាំទ្រ​ម៉ា​ឡា​ស៊ីក្នុង​ប្រកួត​ជម្រុះ​ដូចគ្នានេះ​។​


 

​គណៈកម្មការ​វិន័យរ​បស់ FIFA មើលឃើញថា​អ្នកគាំទ្រ​ហុងកុង​បាន​បង្ក​ការរំខាន​ក្នុងពេល​ប្រកួត​ដោយមាន​សំឡេង​ទាក់ទង​នយោបាយ​ដែល​ខុស​នឹង​ច្បាប់​របស់​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ​។​

​ហុងកុង​ជា​ក្រុង​ស្វយ័ត​មួយ ប៉ុន្តែ​ដោយសារតែ​ជា​តំបន់​រដ្ឋបាល​របស់​ចិន ដូច្នេះ​ភ្លេង​ជាតិចិន​ត្រូវ​បន្លឺឡើង​មុនពេល​ចាប់ផ្តើម​ការប្រកួត​។​

​ទឹកដី​មួយ​នេះ កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ និង​ហ៊ុំព័ទ្ធ​ដោយ​បាតុកម្ម​ប្រឆាំង​ប៉េកាំង ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​រហូត​សព្វថ្ងៃ​។ បទ​ចម្រៀង​ជាតិចិន​បាន​បន្លឺឡើង ប៉ុន្តែ​អ្នកគាំទ្រ​ហុងកុង​បាន​រំខាន​ដោយ​ស្រែក និង​ភ​ផ្លុំ​កញ្ចែ​នៅមុន​ការប្រកួត ដែល​ជម្រើសជាតិ​ហុងកុង​ចាញ់​អ៊ីរ៉ង់ ២-០ កាលពី​ថ្ងៃទី ១០ ខែកញ្ញា​។​

​ហុងកុង​ដែល​ស្ថិតក្នុង​ពូ​ល C ជាមួយ​កម្ពុជា នឹងត្រូវ​ជួប​ម្ចាស់ផ្ទះ​អ៊ីរ៉ាក់​ក្នុងជំនួប​ជម្រុះ​ជុំ​ទី​២ World Cup 2022 នៅវេលា​ម៉ោង ១១:០០​នាទី​យប់​នេះ [​ម៉ោង​នៅ​កម្ពុជា​] មុន​ទទួលភ្ញៀវ​បា​រ៉ែ​ន​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩៕

Tag:
 World Cup
  FIFA
  ឥណ្ឌូណេស៊ី​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com