FIFA
កីឡាជាតិ
ជាតិ
ចាញ់​អ៊ីរ៉ង់ ១៤-០ ដែលជា​កំណត់ត្រា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ជម្រើសជាតិ​កម្ពុជា​
10, Oct 2019 , 10:20 pm        
រូបភាព
ស្ត្រី​អ៊ីរ៉ង់ចូលគាំទ្រជម្រើសជាតិ​របស់ខ្លួន។ រូបថត FFC
ស្ត្រី​អ៊ីរ៉ង់ចូលគាំទ្រជម្រើសជាតិ​របស់ខ្លួន។ រូបថត FFC
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​រង​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​លទ្ធផល ១៤-០ ក្នុងការ​ប្រកួត​ជម្រុះ World Cup ជុំ​ទី​ពីរ ពូ​ល C ដោយសារ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ នៅ​កីឡដ្ឋាន Azadi ក្រុង​តេ​ហេ​រ៉ង់ នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា នេះ​។ អ៊ីរ៉ង់​ដែលជា​ក្រុម​លេខ​១​អាស៊ី រកបាន​៧​គ្រាប់​នៅ​តង់​ទីមួយ ហើយ​បន្ថែម​បាន​៧​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ​។​



Karim Ansarifard រកបាន​៤គ្រាប់, Sardar Azmoun សម្រេចបាន​៣គ្រាប់, Mehdi Taremi និង Mohammad Mohebi ជួយបានម្នាក់​២គ្រាប់ រីឯ Ahmad Nourollahi, Hossein Kanaanizadegan និង Mehrdad Mohammadi រួមចំណែក​បាន​ម្នាក់១គ្រាប់។

កម្ពុជាបាត់បង់ឱកាសមាសទម្លាយសំណាញ់អ៊ីរ៉ង់នៅ​ដើមតង់ទីពីរ បន្ទាប់ពីអ្នក​ចាំទី Alireza Beiranvand ធ្វើឲ្យ កែវ សុខផេង​ ដួល​នៅ​តំបន់គ្រោះថ្នាក់។ សុខផេង ផ្ទាល់ជាអ្នក​ទាត់​ប៉េណាល់ទី ប៉ុន្តែ Alireza Beiranvand ដែល​ជាអ្នក​ចាំទី​ឆ្នើម​៤ឆ្នាំ​ជាប់គ្នានៅ​លីគកំពូលអ៊ីរ៉ង់ និង​ជាកីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៩ នៅ​អ៊ីរ៉ង់ សង្គ្រោះ​បាល់បាន​យ៉ាងល្អ។

អ្នក​ចាំទីវ័យ​២៧​ឆ្នាំ​រូបនេះ ក៏ធ្លាប់​រារាំង​បាល់ប៉េណាល់ទី​របស់ Cristiano Ronaldo នាជំនួបស្មើ ១-១ រវាងអ៊ីរ៉ង់ និងព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក​ឆ្នាំ​២០១៨ផងដែរ។

​នេះ​ជា​លទ្ធផល​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​កម្ពុជា ខណៈ​លទ្ធផល​កន្លងមក គឺ​កើតឡើង​នៅ​ឆ្នាំ​១៩៩៥ ដែល​នៅពេលនោះ កម្ពុជា បាន​ចាញ់​ឥណ្ឌូណេស៊ី ១០-០ នា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​

​កែវ សុខ​សីលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប (​ប៊ិន ធា​រី ៦៩), សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ប្រាក់ មុនី​ឧ​ត្ត​ម (​សៀង ច​ន្ធា ៥៧), អ៊​ន ចាន់​ប៉ូ​លីន​, គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា​, អ៊ុក សុវណ្ណ​, កែវ សុខ​ផេង​, ឆេង ម៉េង (​កែន ច័ន្ទ​សុ​ភ័​ក្រ ៦៩)៕


© រក្សាសិទ្ធិដោយ thmeythmey.com