ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
កម្ពុជា​ពឹងផ្អែក​ខ្លាំង​ការវិនិយោគ និង​ទេសចរ​ចិន ខណៈ​សេដ្ឋកិច្ច​ចិន​នឹង​បន្ត​ថយចុះ​
11, Oct 2019 , 9:52 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៩ ត្រូវបាន​ព្យាករណ៍​ថា​នៅតែមាន​ភាពរឹងមាំ​ដដែល​ពោលគឺ​៧​ភាគរយ ទោះបី​ថយចុះ​ខ្លះ​បើ​ធៀប​នឹង​ឆ្នាំមុន​ដែល​ឡើងដល់ ៧,៥​ភាគរយ​។ តែ​ទន្ទឹមនឹងនេះ សេដ្ឋកិច្ច​របស់​ប្រទេស​ដែលមាន​កំណើន​ខ្លាំង​មួយ​នេះ ក៏​អាច​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដែល​អាច​ទាញ​ទៅរក​ភាព​ទ្រោម​ចុះ​ផងដែរ​។ នេះ​បើតាម​របាយការណ៍​ថ្មី​មួយ​ក្រោម​ចំណងជើង​ថា​«​ពុះពារ​ក្រោម​គំនរ​ហានិភ័យ​» ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ខែតុលា​នេះ​។​


​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ថយ​ល្បឿន​បន្តិច​ក្នុង​រយៈពេល​ខ្លី និង​មធ្យម ព្រោះ​ការនាំចេញ​ស្រុតចុះ​បន្តិច ទន្ទឹមគ្នា​នឹង​ការធ្លាក់ចុះ​នៃ​តម្រូវការ​លើ​សកលលោក ហើយ​ការវិនិយោគ​ក៏​ថយ​ល្បឿន​ដែរ​ស្រប​ពេលដែល​មិនសូវមាន​មូលធន​ហូរ​ចូល​ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​ចិន​នឹង​ថយចុះ​ផង​នោះ​។ នេះបើតាមរបាយការណ៍ខាងលើ។

​ជាក់ស្ដែង​ការនាំចេញ​ផលិតផល​កាត់ដេរ​ដែលមាន​កំណើន​១៧,៧​ភាគរយ​នៅ​ឆ្នាំ​២០១៨ បាន​ចុះមក​ត្រឹម​១៥,៣​នៅត្រឹម​ខែមិថុនា​ឆ្នាំនេះ​។ តែ​ជាមួយគ្នានេះ ផ្នែក​សំណង់​នៅតែមាន​សកម្មភាព​មមា​ញឹក​ដដែល ខណៈ​ការ​នាំចូល​ដែកថែប​កើន​ដល់ ៦៣,៥​ភាគរយ ពី​២៧,៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។ តម្លៃ​គម្រោង​វិនិយោគ​ថ្មី​ដែល​ត្រូវ​បានអនុម័ត​រួច មាន​សន្ទុះ​កើន ក្នុងអំឡុង​៦​ដើមឆ្នាំ​២០១៩​។

​លទ្ធផល​ព្យាករណ៍​ខាងលើនេះ មិន​រ៉ាប់​បញ្ចូល​បញ្ហា​អំពី​លទ្ធភាព​ដក​ការអនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​របស់​សហភាព​អឺរ៉ុប​(EBA) នោះទេ ព្រោះ​ការដក​នេះ​ស្ថិតក្នុង​ភាពមិន​ច្បាស់​នៅឡើយ​។

​ទោះយ៉ាងណា របាយការណ៍​ធនាគារ​ពិភពលោក បានលើកឡើង​ដូច្នេះ​ថា​៖«​ប្រសិន​មានការ​ដក​EBA មែន បូករួម​នឹង​ការធ្លាក់ចុះ​គំហុក​នៃ​សេដ្ឋកិច្ច​ចិន (​ដែល​បណ្ដាល​ពី​អូសបន្លាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​) អាចធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា ទ្រោម​ចុះ​ខ្លាំង នៅពេលដែល​សេដ្ឋកិច្ច​មួយ​នេះ​កំពុង​ពឹងផ្អែក​កាន់តែខ្លាំង​ទៅលើ​ការនាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​ទៅលើ​ការហូរចូល​ទុនវិនិយោគ​ផ្ទាល់ និង​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​ចិន​»​។ នេះ​ជា​អ្វីដែល World Bank ប្រាប់​ឲ្យ​កម្ពុជា​យកចិត្តទុកដាក់​ខ្លាំង ព្រោះ​បើតាម​តួលេខ​ថ្មីៗ​នេះ ដែល​ធនាគារ​នេះ​លើកឡើង​ផងដែរ​នោះ គឺ​វិនិយោគ​ចិន និង​ទេសចរ​ចិន​មក​កម្ពុជា កាន់​ចំណែក​ជិត​៤០​ភាគរយ​រៀង​គ្នា​។

​អ្នកជំនាញ​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក លោក លី សូ​ដេ​ត មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​មិនទាន់​ឃើញ​ការធ្លាក់ចុះ​នៅឡើយ​ចំពោះ​លំហូរ​ទេសចរ​ចិន​មក​កម្ពុជា ហើយ​តួលេខ​ទេសចរ​ចិន​ឆមាស​ទី​១​ក៏​បន្ត​កើនឡើង​ដែរ ប៉ុន្តែ​យើង​បានកត់សម្គាល់​ការ​ថម​ថយ​ការវិនិយោគ​ផ្ទាល់​(​ពី​ចិន​)​។ តែ​ជាមួយគ្នានេះ​យើង​មើលឃើញថា​សំណង់​នៅតែ​ផុសផុល ប៉ុន្តែ​វិស័យ​មួយចំនួនទៀត​មាន​លំហូរ​វិនិយោគ​តិចជាង​មុន​»​។​

​ជាមួយគ្នានេះដែរ ទំហំ​សំពៀត​ឥណទាន​របស់​វិស័យ​ធនាគារ​សព្វថ្ងៃ ពិសេស​ឥណទាន​ដែល​ចាក់​បញ្ចូល​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ក៏​អាច​បង្ក​ហានិភ័យ​មួយ​ផងដែរ​។ លោក លី សូ​ដេ​ត អះអាង​ដូច្នេះ​ថា​«​ទំហំ​ឥណទាន​ធៀប​នឹង​GDP គឺ​រីក​ធំ​លឿន​ណាស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ សំពៀត​ឥណទាន​សព្វថ្ងៃនេះ​មាន​ជាង​១០០​ភាគរយ​នៃ​GDP ដែលជា​ទំហំ​ធំ​ណាស់ ទាមទារ​ត្រូវ​តាមដាន និង​គ្រប់គ្រង​ហានិភ័យ​នៃ​ការបញ្ចេញ​ឥណទាន​ទាំងនេះ​»​។ លោក​លើកឡើង​អំពី​វិស័យ​អចលនទ្រព្យ​ដូចនេះ​ទៀតថា​៖«​ហានិភ័យ​មួយ​ដែល​យើង​លើកឡើង​នៅទីនេះ គឺ​ការ​ហក់​ឡើង​ខ្លាំង​នៃ​វិស័យ​សំណង់ ដោយ​វិស័យនេះ​តែងតែមាន​វដ្ដ​របស់​វា ដែល​យើង​មិន​រំពឹងថា​វា​នឹង​ហក់​ឡើងជា​រៀងរហូត​នោះទេ​»​។​

​ធនាគារពិភពលោក​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​កម្ពុជា​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ហានិភ័យ​ដែល​អាច​កើតឡើង និង​ត្រូវមាន​វិធានការ​ទប់ទល់​។ របាយការណ៍​ខាងលើនេះ​ក៏​បន្ត​ឲ្យ​កម្ពុជា​ពង្រឹង​សេដ្ឋកិច្ច​ផ្ទៃក្នុង តាមរយៈ​ការសម្រួល​នីតិវិធី​ធ្វើ​អាជីវកម្ម បន្ថយ​ថ្លៃដើម​ផលិត និង​លើកកម្ពស់​ជំនាញ​ធនធានមនុស្ស​ជាដើម​៕


Tag:
 កំណើនសេដ្ឋកិច្ច​
  ចិន​
  វិនិយោគ​ចិន​
  ទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com