អន្តរជាតិ
ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា «​គ្មាន​ទង្វើ​ឧ​ក្រិ​ដ្ឋ‍​» ណាមួយ​នៅក្នុង​ការសន្ទនា​តាម​ទូរ​សព្ទ​ជាមួយនឹង​លោក Trump ទេ​
11, Oct 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy និងប្រធានាធិបតីអាមេរិកលោក Donald Trump។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy និងប្រធានាធិបតីអាមេរិកលោក Donald Trump។
ដោយ: VOA
​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា «​គ្មាន​ទង្វើ​ឧក្រិដ្ឋ​» ណាមួយ​នៅក្នុង​ការសន្ទនា​របស់​លោក​តាម​ទូរស័ព្ទ​កាលពី​ខែកក្កដា​ជាមួយនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នោះទេ​។ ការសន្ទនា​នេះ​គឺជា​ចំណុច​ផ្ដោត​នៃ​ការស៊ើបអង្កេត​របស់រ​ដ្ឋ​សភា​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​។​



​លោក Zelenskiy បាន​ប្រាប់​អ្នកកាសែត​ថា នៅពេលដែល​លោក​និយាយ​តាម​ទូរស័ព្ទ​ជាមួយនឹង​លោក Trump នោះ លោក​មិនដឹងថា​លោក Trump បានសម្រេច​រួចហើយ​នៅក្នុង​ការផ្អាក​ជំនួយ​យោធា​រាប់រយ​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ​។​

​លោក Trump បាន​និយាយថា លោក​បានសម្រេច​នៅក្នុង​ការផ្អាក​ជំនួយ​ដូចនេះ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​កម្ចាត់​អំពើពុករលួយ​។ គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​លោក Trump ថា​បាន​ផ្អឹប​ទុក​ជំនួយ​នេះ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋបាល​របស់លោក Zelenskiy ឲ្យ​ស៊ើបអង្កេត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden និង​កូនប្រុស​របស់លោក Biden គឺ​លោក Hunter​។​

​លោក Zelenskiy បានបញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គោលបំណង​របស់លោក​នៅក្នុង​ការសន្ទនា​នេះ​គឺ​ដើម្បី​រៀបចំ​ការប្រជុំ​នៅពេល​អនាគត​ជាមួយនឹង​លោក Trump និង​ដើម្បី​ឲ្យ​លោក Trump កែប្រែ​ការលើក​ឡើងជា​សាធារណៈ​របស់លោក​ដែលថា​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​ប្រទេស​ពុករលួយ​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​រូបនេះ​បាន​និយាយថា ភាគី​សហរដ្ឋអាមេរិក​មិន​បានដាក់​លក្ខខណ្ឌ​ណាមួយ​សម្រាប់​ការប្រជុំ​នេះ​ទេ​។​

​បើ​យោងតាម​ពាក្យបណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ និង​អត្ថបទ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​ផ្សព្វផ្សាយ​ដោយ​សេត​វិមាន គេ​ឃើញថា លោក Trump បាន​ជំរុញ​លោក Zelenskiy ឲ្យ​បើក​ការស៊ើបអង្កេត​លើ​លោក Biden៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com