អន្តរជាតិ
កូរ៉េខាងជើង គំរាម​​សាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ​
11, Oct 2019 , 11:41 am        
រូបភាព
រូបភាព AP
រូបភាព AP

​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​កូរ៉េខាងជើង បាន​និយាយ​រិះគន់​ពី​ការកោះប្រជុំ​បន្ទាន់​របស់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើ​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​ន​វា​មុជទឹក​របស់ខ្លួន​។ ទីក្រុង​ព្យុងយ៉ាង​ក៏​គំរាមថា ខ្លួន​នឹង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ឡើងវិញ​។​



​តាមរយៈ​ក្រសួងការបរទេស​រប​ស់​ខ្លួន កូរ៉េខាងជើង បាន​ប្រតិកម្ម​ធ្ងន់ៗ​ដាក់​ប្រទេស​អឺរ៉ុប​ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជុំវិញ​ការកោះប្រជុំ​បន្ទាន់​លើ​ការសាកល្បង​មី​ស៊ី​ល​របស់ខ្លួន​។ កិច្ចប្រជុំ​នៅ​ញូវយ៉ក​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ប្រតិកម្ម​នេះ ធ្វើ​ឡើយ​ក្រោយ​ជំនួប​នៅ​ស៊ុយអែត​បរាជ័យ ដោយ​កូរ៉េខាងជើង​បាន​និយាយថា កិច្ច​ជំនួប​នេះ​បានបញ្ចប់​ដោយសារ​សហរដ្ឋអាមេរិក​មិនបាន​លើកយក​នូវ​ដំណោះស្រាយ​ថ្មីៗ​មក​និយាយ​។

​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រ​សូង​ការបរទេស​កូរ៉េខាងជើង ដោយបាន​និយាយថា ការសាកល្បង​អាវុធ​ទាំងនេះ​គឺជា​ពង្រឹង​ការការពារ​ខ្លួន​ប៉ុណ្ណោះ និង​បាន​ចោទប្រកាន់​អាមេរិក​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការប្រជុំ​បន្ទាន់​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។​

​លើសពីនេះទៅទៀត សេចក្តី​ថ្លែង​ការ​នោះ ក៏បាន​បង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត​រប​ស់​ក្រុង​ព្យុងយ៉ាង ដោយ​ថា​ការប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នេះ​ជាការ​រករឿង​មកលើ​ខ្លួន​។ ជា​បង្ករឿង​ធ្ងន់ធ្ងរ ព្រោះ​ក្រុមប្រឹក្សាសន្តិសុខ មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទេ នៅពេល​អាមេរិក​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​នៅ​ថ្ងៃទី​២ ខែតុលា​។​

​មន្ត្រី​កូរ៉េខាងជើង​ដដែល​ព្រមាន​ថា ការអត់ធ្មត់​របស់រ​បប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​គឺមាន​កំណត់ ហើយ​សកម្មភាព​របស់​អឺរ៉ុប​បាន​នឹង​កំពុង​រុញច្រាន​ឲ្យ​កូរ៉េខាងជើង​គិត​ឡើងវិញ​ពី​ការបញ្ចប់​កិច្ច​ជំនួប​ជាមួយ​សហរដ្ឋអាមេរិក​ទាំងស្រុង​។

​គួរ​រំលឹក​ផងដែរ​ថា កិច្ច​ជំនួប​រវាង​អាម​មេ​រិ​ក និង​កូរ៉េខាងជើង​ពី​រឿង​អាវុធ​នុយក្លេអ៊ែរ​ត្រូវបាន​ជាប់គាំង​បន្ទាប់ពី​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅ​វៀតណាម​បានបញ្ចប់​ដោយ​គ្មាន​ផ្លែផ្កា​។ យ៉ាងណាមិញ ភាគី​ទាំងពីរ នៅ​មិនទាន់​ទ្វារ​ចរចា​ឡើយ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​ដាក់​លក្ខខណ្ឌ​ឲ្យ​ក្រុង​វ៉ា​ស៊ី​តោន ខណៈ​ព្រមាន​ទៀតថា កូរ៉េខាងជើង​អាច​ផ្លាស់ប្ដូរ​ជំហរ​នៅ​ឆ្នាំក្រោយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com