កីឡាអន្តរជាតិ
អន្តរជាតិ
FIFA រំភើប​ដោយ​ឃើញ​ស្ត្រី​៣៥០០​នាក់​ទៅ​មើល​ជំនួប​អ៊ីរ៉ង់​-​កម្ពុជា ដូច​ការ​ព្រាងទុក​
11, Oct 2019 , 12:19 pm        
រូបភាព
​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​ជិត ៤០​ឆ្នាំ ដែល​ស្ត្រី​អ៊ីរ៉ង់​រាប់ពាន់នាក់​បានផ្តល់​ការអនុញ្ញាត​ឲ្យ​ចូល​កីឡដ្ឋាន​ជាថ្មី​ដើម្បី​ទស្សនាការ​ប្រកួត​កីឡាបាល់ទាត់​របស់​ក្រុម​បុរស​ក្នុងប្រទេស​ខ្លួន​។ ស្រី្ត​អ៊ីរ៉ង់​ចំនួន​៣៥០០​នាក់ បាន​អង្គុយ​មើល​ជម្រើសជាតិ​អ៊ីរ៉ង់​លត់​កម្ពុជា​យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល ១៤-០ ក្នុងការ​ប្រកួត​ជម្រុះ World Cup ជុំ​ទី​ពីរ ពូ​ល C នា​កីឡដ្ឋាន Azadi ក្រុង​តេ​ហេ​រ៉ង់​។​



អត្ថបទទាក់ទង


​ក្រោយ​ឃើញ​ស្ត្រី​អ៊ីរ៉ង់​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន​សាជាថ្មី​ឡើងវិញ បន្ទាប់ពី​មានការ​ហាមប្រាម​តាំងពី​ឆ្នាំ​១៩៧៩​មក​នោះ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានបង្ហាញ​ក្តី​រីករាយ ដោយ​លើកឡើងថា​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅមុខ​ដែល​ស្ថាប័ន​ខ្លួន និង​ជាពិសេស​ក្មេងស្រី និង​ស្ត្រី​អ៊ីរ៉ង់​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​។​

«​ភាព​ត្រេកត្រអាល និង​ភាព​រីករាយ​ដែល​ពួកគេ​បានបង្ហាញ​នៅថ្ងៃនេះ​គឺ​ពិតជា​អស្ចារ្យ និង​ជាការ​លើក​ទឹក​ចិ​ត្តិ​ដ៏​ធំ​មួយ​ដើម្បី​បន្ត​លើផ្លូវ​ដែល​កំពុង​ចាប់ផ្តើម​នេះ​។ ប្រ​វ​ត្ដិ​សាស្ដ្រ​បង្រៀន​យើង ថា​វឌ្ឍនភាព​កើតឡើង​តាម​ដំណាក់កាល ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នៃ​ជំហាន​ដំបូង​ប៉ុណ្ណោះ​»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ FIFA ទៅកាន់​ភាគី​អ៊ីរ៉ង់​។​



FIFA ដែលមាន​លោក Gianni Infantino ជា​ប្រធាន ក៏បាន​អរគុណ​ទាំង​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ (F.F.I.R.I.) និង សហព័ន្ធ​កីឡា​បាល់​អាស៊ី (AFC) រួមទាំង​អាជ្ញាធរ​ដែល​បាន​ចូលរួម​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​គួរ​ឲ្យ​រំភើប​មួយ​នេះ​។ ស្ថាន​ប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក សន្យា​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ធានា​ឲ្យ​បាន​ក្នុងការ​អនុញ្ញាត​អ្នកគាំទ្រ​ទាំងពីរ​ភេទ​អាច​ចូល​កីឡាដ្ឋាន​ដោយ​សេរី និង​រីករាយ​ក្នុង​បរិយាកាស​សុវត្ថិភាព​នា​ការប្រកួត​បាល់ទាត់​នាពេលនេះ​។​

​អ្វីដែល​ពិសេស និង​ជា​មោទកភាព​សម្រាប់ FIFA នោះ​គឺ​ភាពក្លាហាន​របស់​ក្មេងស្រី និង​ស្ត្រី​អ៊ីរ៉ង់​ទាំងអស់​ដែល​បង្ហាញ​ភាពក្លាហាន​ក្រោកឈរ​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ រហូត​ទទួលបាន​ការអនុញ្ញាត​ពី​ការហាម​ប្រាម​នេះ​វិញ​។ FIFA បញ្ជាក់​ច្បាស់ៗ​ក្នុង​សេចក្តីថ្លែងការណ៍​ទៀតថា នឹង​គាំទ្រ​ឈរ​ប្រកៀក​ស្មា​ពួកគេ​យ៉ាង​ពេញ​ទ​ហឹ​ង​តែម្តង​។​



​ក្នុងជំនួប​ក្រោម​ក្រសែភ្នែក​ស្ត្រី​អ៊ីរ៉ង់​ចូលរួម​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​នេះ ជម្រើសជាតិ​អ៊ីរ៉ង់​មិនបាន​បន្ធូរដៃ​ឲ្យ​គូប្រជែង​កម្ពុជា​ដែលជា​ក្រុម​ភ្ញៀវ​ឡើយ​។ លទ្ធផល​១៤​គ្រាប់​ទល់នឹង​សូន្យ​មកលើ​កម្ពុជា​ជាការ​ដូ​សម្រាប់​ស្ត្រី​អ៊ីរ៉ង់​ជាង​បី​ពាន់​នាក់​ដែលមាន​វត្តមាន​ក្នុង​កីឡដ្ឋាន Azadi នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​។

​អ៊ីរ៉ង់​រក្សា​តំណែង​កំពូល​តារាង​ពូ​ល C ដោយ​ទទួលបាន​៦​ពិន្ទុ ពី​ការប្រកួត​២​លើក នាំមុខ​អ៊ីរ៉ាក់​ដែលមាន​៤​ពិន្ទុ​នៅ​លេខ​២ និង​បា​រ៉ែ​ន​មាន​៤​ពិន្ទុ​ឈរ​លេខ​៣ ដ្បិត​មាន​គ្រាប់​ស៊ុត​តិចជាង​អ៊ីរ៉ាក់​។ ហុងកុង និង​កម្ពុ​ជាមាន​១​ពិន្ទុ​ដូចគ្នា​នៅ​លេខ​រៀង​បន្តបន្ទាប់​៕


Tag:
 World Cup
  FIFA
  អ៊ីរ៉ង់​
  ជម្រើសជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com