អន្តរជាតិ
កូរ៉េខាងត្បូង ពិចារណា​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ
11, Oct 2019 , 7:19 pm        
រូបភាព
​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃទី​១០ ខែតុលា កំពុង​ពិចារណា​លើ​រឿង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ គម្រោង​នេះ ពិតជា​ផ្លាស់ប្ដូរ​តុល្យភាព​អំណាច​រវាង​អាស៊ី​ខាងកើត ជាពិសេស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ការបារម្ភ​ពី​ប្រទេសជិតខាង​កូរ៉េខាងត្បូង​យ៉ាងខ្លាំង​។



​បន្ទាប់ពី​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ទីក្រុង​សេ​អ៊ូ​ល​គឺជា​ប្រទេស​តែមួយគត់ ដែល​ត្រូវបាន​ហ៊ុម​ព័ន្ធ​ដោយ​ប្រទេស​នុយក្លេអ៊ែរ​ដូចជា ចិន រុស្សី និង​កូរ៉េខាងជើង​។ ម្យ៉ាងវិញទៀត ការសាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​បាញ់​ចេញពី​នាវាមុជទឹក​របស់​កូរ៉េខាងជើង​នាពេល​ថ្មីៗ​នេះ រឹតតែ​ធ្វើ​ឲ្យ​សន្តិសុខ​កូរ៉េខាងត្បូង​រង​ការគំរាមកំហែង ទោះជា​បច្ចុប្បន្ន​កូរ៉េខាងត្បូង​ស្ថិត​ការ​ក្រោម​ការការពារ​របស់​អា​មេ​រិ​ក្ដី​។ នេះ​អាចជា​មូលហេតុ​កូរ៉េខាងត្បូង​ត្រូវតែមាន​នាវាមុជទឹក​ទំនើប និង​ខ្លាំង​។

​តាមរយៈ​របាយការណ៍​មួយច្បាប់​ដាក់​ទៅ​សភា កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​បាន​អះអាងថា ខ្លួន​បាន​បង្កើត​ក្រុមការងារ​មួយ​ដែល​ដឹកនាំ​ដោយ​ថ្នាក់​មេបញ្ជាការ ដើម្បី​ពិនិត្យមើល​អំពី​លទ្ធភាព​ក្នុង​ការទិញ​នាវាមុជទឹក​ក្នុង​រយៈពេល​យូរអង្វែង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ វា​គឺជា​លើកដំបូង​ហើយ​របស់​កូរ៉េខាងត្បូង ដែល​បានប្រកាស​ជា​សាធារណៈ លើ​ការអភិវឌ្ឍ​នាវាមុជទឹក​នុយក្លេអ៊ែរ ព្រោះ​ក្នុង​រយៈពេល​កន្លងមក​នេះ ទីក្រុង​សេ​អ៊ូ​ល មិន​និយាយ​អ្វី​ទាល់តែសោះ​ទាក់ទង​នឹង​នាវាមុជទឹក​នៅក្នុង​សៀវភៅ​ស​ការពារជាតិ​របស់ខ្លួន​។ កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​បន្តថា រឿង​នាវាមុជទឹក ជា​បញ្ហា​ចម្បង​មួយ ដើម្បី​កំណត់​គោលនយោបាយ​ជាតិ​មួយ​យកទៅ​ពិភាក្សា​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួងការពារជាតិ និង​នាយសេនាធិការ​យោធា​។

​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេរ​អ៊ែរ អាច​ប្រតិបត្តិ​នៅក្រោម​ទឹកបាន​យូរ និង​ល្អប្រសើរ​ជាង​នាវា​ធម្មតា​។ ជាពិសេស​នាវាមុជទឹក​ប្រភេទ​នេះ អាច​ស្វែងរក និង​កម្ទេច​នាវាមុជទឹក​បំពាក់​ជាមួយ​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​កូរ៉េខាងជើង​បាន​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង Sim Seung-seob ។

​ក្នុង​សៀវភៅ​ស​ការពារជាតិ​របស់​កូរ៉េខាងត្បូង​ដែល​បាន​បញ្ចេញ​ក្នុង​ខែមករា ឆ្នាំ​២០១៨ កូរ៉េខាងត្បូង​មាន​នាវាមុជទឹក​តែ​១០​គ្រឿង​ប៉ុណ្ណោះ​ដើរ​ដោយ​ចំហេះ​ប្រេង ខណៈពេល​កូរ៉េខាងជើង​មាន​រហូត​ដល់ ៧០​ឯណោះ​។ បើ​ធៀប​រឿង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ប្រទេស​មហាអំណាច​វិញ អាមេរិក​មាន ១៤​គ្រឿង រុស្ស៊ី ១៣​គ្រឿង និង​ចិន មាន​ត្រឹមតែ ៤​គ្រឿង​ប៉ុណ្ណោះ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com