អន្តរជាតិ
អ្នកមានជាងគេនៅចិន៖ Jack Ma នៅតែកាន់កាប់កៅអីលេខមួយដដែល លោក Jack Ma អ្នកមានជាងគេនៅចិន។ រូបភាព CGTN
×
ដោយ៖ ងួន សុភាវត្តី
វិទ្យាស្ថានស្រាវជ្រាវចិន Hurun បានបញ្ចេញបញ្ជីឈ្មោះមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសចិន។ អតីតមេក្រុមហ៊ុន Alibaba លោកJack Ma និងគ្រួសារ ឈរនៅចំណាត់ថ្នាក់ទី១ក្នុងបញ្ជីនេះ។
ក្នុងបញ្ជីដែលចេញផ្សាយថ្ងៃទី១០ ខែតុលា លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba មានទ្រព្យសម្បត្តិប្រមាណ២៧៥ពាន់លានយ័នឬ ស្មើនឹង ៣៨.៥៦ពាន់លានដុល្លារ។ បើគិតត្រឹមខែកញ្ញាវិញ Alibaba មានតម្លៃទីផ្សារដល់ទៅ៤៦៤ពាន់ដុល្លារឯណោះ ខណៈប្រាក់ចំណេញឆ្នាំ២០១៩ មានជិត៤០០ពាន់លានយ័ន ដែលកើនឡើង៥១ភាគរយ។
ចំណែកឯចំណាត់ថ្នាក់ទីពីរបានទៅលើលោក Ma Huateng ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនអ៊ិនធឺណិត និងបច្ចេកវិទ្យាដ៏ធំមួយប្រចាំប្រទេសចិន។ លោកមានទ្រព្យសម្បត្តិសរុប ២៦០ពាន់លានយ័ន (ប្រមាណ៣៧ពាន់លានដុល្លារ)។
លោក Xu Jiayin ដែលជាសេដ្ឋីមួយរូបនៅប្រទេសចិន និងជាប្រធាននៃក្រុមហ៊ុនអចលនទ្រព្យ Evergrande Group បានជាប់ចំណាត់ថ្នាក់ទី៣ក្នុងបញ្ជីឈ្មោះអ្នកមានជាងគេនៅប្រទេសចិន។ លោកមានទ្រព្យសម្បត្តិក្នុងដៃរហួតដល់ទៅ២១០ពាន់លានយ័ន។
យ៉ាងណាមិញ បញ្ជីឈ្មោះអ្នកមានជាងគេនៅប្រទេសចិននេះ បានរួញតូចជាងមុន។ ជាង៤០ភាគរយនៃសហគ្រិនដែលគ្មានឈ្មោះក្នុងបញ្ជីឆ្នាំ២០១៩ នេះ ត្រូវបានដកចេញតាំងពីឆ្នាំ២០១៨ មកម្លេះ។
លោក Rupert Hoogewerf ប្រធានស្រាវជ្រាវនៅ Hurun បាននិយាយថា នេះគឺជាការធ្លាក់ចុះចំនួនមនុស្សក្នុងបញ្ជីនេះច្រើនជាគេក្នុងរយៈពេល២១ឆ្នាំនេះ។ ប៉ុន្តែមនុស្ស១៩នាក់ដែលមានឈ្មោះក្នុងបញ្ជីនេះ បានកើនទ្រព្យសម្បត្តិពួកគេលើសពី១០០ពាន់លានទៅហើយ។ អត្រាកំនើនទ្រព្យសម្បត្តិជាមធ្យមរបស់សេដ្ឋីនៅក្នុងបញ្ជីនេះគឺ ៩,៨ពាន់លានយ័ន៕
© រក្សាសិទ្ធិដោយ thmeythmey.com