អន្តរជាតិ
ជម្លោះពាណិជ្ជកម្ម៖ អាមេរិកថា ការចរចាជាមួយចិនទទួលបានផ្លែផ្កាលើសពីការរំពឹងទុក
× ប្រតិភូអាមេរិក និងចិននៅថ្ងៃទី១០ ខែតុលា បានចាប់ផ្តើមចរចាពាណិជ្ជកម្មនៅថ្ងៃទីមួយ បន្ទាប់ពីខកខានអស់រយៈពេលជាពីរខែ។ ខណៈក្រុមអ្នកជំនួញបង្ហាញសុទិដ្ឋិនិយមថា ភាគីទាំងពីរនឹងអាចបន្ថយជម្លោះពាណិជ្ជកម្ម និងពន្យារពេលយកពន្ធរហូតដល់សប្តាហ៍ក្រោយ។
ជំនួបភាគីអាមេរិក រដ្ឋមន្ត្រីហិរញ្ញវត្ថុ Steven Mnuchin និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer ជាមួយភាគីចិនឧបនាយករដ្ឋមន្ត្រី Liu He និងមន្ត្រីជាន់ខ្ពស់ចិនផ្សេងទៀត បានធ្វើឡើងរយៈពេល៧ម៉ោង នាទីស្នាក់ការកណ្តាលការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក(USTR) នៅជិតសេតវិមាន។
«យើងមានកិច្ចចរចាដ៏ល្អបំផុតជាមួយចិន»។ នេះជាសម្តីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រាប់អ្នកកាសែត បន្ទាប់ពីកិច្ចចរចាបានបញ្ចប់។ លោក ត្រាំ បញ្ជាក់ថា លោកនឹងមានជំនួបជាមួយលោក Liu នៅសេតវិមាននាថ្ងៃទី១១ ដែលនេះជាសកម្មភាពវិជ្ជមានមួយសម្រាប់កិច្ចចរចារបស់ចិន និងអាមេរិក។ ចំណែកឯមន្ត្រីសេតវិមានវិញ ក៏បានលើកឡើងដូចលោក ត្រាំ ដែរថា កិច្ចចរចាមានដំណើរការល្អ និងល្អប្រសើរជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ដើរចេញពីកិច្ចប្រជុំក្នុងទឹកមុខញញឹមញញែម លោកឧបនាយករដ្ឋមន្ត្រី Lui He បានលើកដៃជាសញ្ញាទៅអ្នកកាសែត មុនពេលចេញពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកចូលទៅក្នុងរថយន្ត Cadillac ពណ៌ខ្មៅ ដោយមិនបាននិយាយអ្វីទាំងអស់។ ក្នុងកាយវិការបែបនេះ ទំនងជាកិច្ចចរចាទទួលបានផ្លែផ្កាដូចទៅនឹងអ្វីដែលភាគីចិនបានរំពឹងទុក។ ប៉ុន្តែអ្វីៗមិនទាន់ចប់ឡើយ ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងត្រូវជួបចរចាគ្នាម្តងទៀតនៅថ្ងៃទី១១ ខែតុលានេះ។
បើតាមមន្ត្រីសភាពាណិជ្ជកម្មអាមេរិក ប្រតិភូអាមេរិក និងចិន អាចនឹងយល់ព្រមលើកិច្ចព្រមព្រៀងពីមុន ពាក់ព័ន្ធទៅនឹងរូបិយប័ណ្ណ ការការពារកម្មសិទ្ធិបញ្ញាជាដើម។ ចំណែកលោក Myron Brilliant ប្រធានកិច្ចការអន្តរជាតិនៃសភាពាណិជ្ជកម្មវិញ បានអះអាងថា ភាគីទាំងសងខាង នឹងព្យាយាមរកច្រកចេញឲ្យឃើញកិច្ចព្រមព្រៀងដ៏ធំមួយស្តីពីការលក់ផលិតផលក្នុងទីផ្សារចិន កម្មសិទ្ធិបញ្ញា និងបញ្ហាមួយចំនួនទៀត។
ក្នុងន័យនេះ លោក Brilliant ជឿជាក់ថា ប្រទេសទាំងពីរអាចមានកិច្ចព្រមព្រៀងរូបិយប័ណ្ណ និងមិនមានការដំឡើងអត្រាពន្ធលើទំនិញនាំចូលពីអាមេរិកជាលើកទីបួន នៅថ្ងៃទី១៥ ខែតុលា។ ក្រៅពីបញ្ហាខាងលើភាគីអាមេរិក និងចិនក៏និយាយពីបញ្ហាសុវត្ថិភាពអ៊ិនធឺណិត ការផ្ទេរបច្ចេកវិទ្យា ការឧបត្ថម្ភធនលើរោងចក្រជាដើម។
សូមបញ្ជាក់ថា ជំនួបអាមេរិក និងចិនលើកនេះ កើតឡើងនៅក្នុងបរិបទនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងជនជាតិភាគតិចមូស្លីម វីហ្គ័រ យ៉ាងខ្លាំង។ នៅក្នុងភាពចម្រូងចម្រាស់នេះ ភាគីអាមេរិក បានដាក់អង្គការចិន២៨ ចូលទៅក្នុងបញ្ជីខ្មៅ និងរឹតត្បិតលើការផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលចិន ខណៈពេលចិនកំពុងចេញវិធានការសងសឹកវិញ។ ទាក់ទិននឹងបញ្ហានេះ ទីក្រុងប៉េកាំងមានគម្រោងរឹតត្បិតលើទិដ្ឋាការមន្ត្រីអាមេរិកដូចគ្នា។
© រក្សាសិទ្ធិដោយ thmeythmey.com