FIFA
កីឡាជាតិ
ជាតិ
​លោក Keisuke Honda ឲ្យ​កីឡាករ​បញ្ចេញមតិ​ម្តងម្នាក់ ក្រោយ​ចាញ់ ១៤-០
11, Oct 2019 , 9:39 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​ក្នុង​លទ្ធផល ១៤-០ នា​ការប្រកួត​ជម្រុះ World Cup ជុំ​ទី​ពីរ ពូ​ល C នៅ​កីឡដ្ឋាន Azadi នៅ​ថ្ងៃទី​១០ ខែតុលា​។ ក្រោយ​ការប្រកួត​ភ្លាមៗ អ្នកចាត់ការ​ទូទៅ​កម្ពុជា​លោក Keisuke Honda បាន​កោះហៅ​កូនក្រុម​ទាំងអស់​ជុំគ្នា​ដើម្បី​ឲ្យ​ពួកគេ​រៀបរាប់​អារម្មណ៍​តាមរយៈ​បរាជ័យ​ជា​កំណត់ត្រា​នេះ​ម្នាក់​ម្តងៗ​។​



​ប្រធាន​ក្រុម​គោព្រៃ​កម្ពុជា សឿ​យ វិសាល​បាន​ប្រា​ប់លោក Honda មុនគេ អំពី​ផលវិបាក​ក្នុងជំនួប​ជាមួយ​អ៊ីរ៉ង់​ដែលជា​ក្រុ​មាន​ចំណាត់ថ្នាក់​ទី​១​នៅ​តំបន់​អាស៊ី​សព្វថ្ងៃ​។ វិសាល យល់ឃើញថា​ក្រុម​ម្ចាស់ផ្ទះ​មាន​កម្រិត​ខ្ពស់ជាង​កម្ពុជា​ដាច់​ឆ្ងាយ​ទាំង​កម្លាំង កាយ​សប្ប​ទា​។ «​នៅពេល​យើង​មាន​បាល់ គេ​ដាក់​សម្ពាធ​យើង​បានល្អ​តែម្តង ប៉ុន្តែ​យើង​ពិបាក​ការពារ នៅពេល​បាល់​នៅលើ​ជើង​គេ​»​។ នេះ​ជាការ​រៀបរាប់​របស់​ខ្សែការពារ​ក្លិប​ព្រះ​ខ័​ណ្ឌ​រាជ​ស្វាយរៀង​ទៅកាន់​អ្នកចាត់ការ​របស់ខ្លួន​។​



​ដោយឡែក គួច សុ​កុ​ម្ភះ ក៏បាន​បង្ហាញ​អារម្មណ៍​របស់ខ្លួន​ផងដែរ​ក្នុង​កិច្ចប្រជុំ និង​បរិ​ភោគអាហារ​នោះ​។ កុ​ម្ភះ​ដែល​ប្រកប​អាជីព​ឲ្យ​ក្លិប​ណាហ្គា​វើ​ល មានមតិ​មិន​ខុសពី​វិសាល​ប៉ុន្មាន​ដែរ​នៅពេល​រូបគេ​ប្រាប់​ទៅកាន់​លោក Honda​។ « កម្រិត​ខុសគ្នា ប៉ុន្តែ​យើង​អាច​លេង​បាន​ខ្លះ​ដែរ មិនមែន​គ្មាន​បាល់​លេង​នោះទេ​»​។ លើសពីនេះ កុ​ម្ភះ​បន្ថែមថា ពាក់ព័ន្ធ​ការប្រមូល​អារម្មណ៍ ពេលខ្លះ​ពួកគេ​មិនអាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន រហូត​បាត់បង់​ម្ចាស់ការ​។​

​ក្រោយ​ស្តាប់​ការលើកឡើង​របស់​វិសាល និង​កុ​ម្ភះ​រួច អ្នកចាត់ការ​សញ្ជាតិ​ជប៉ុន​រូបនេះ​បាន​សួរ​មួយ​សំនួរ​ទៅកាន់​កូនក្រុម​ខ្លួន​។ Honda សួរថា អ្វី​ទៅ​ដែល​កីឡាករ​គិតថា​មាន​ភាពខុសគ្នា​ខ្លាំង​បំផុង​រវាង​កម្ពុជា និង​អ៊ីរ៉ង់​?​។ ភ្លាមនោះ កែវ សុខ​ផេង ដែល​ខកខាន​ឱកាស​រក​គ្រាប់​បាល់​ឲ្យ​កម្ពុជា​តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល​នោះបាន​ផ្តល់​ចម្លើយ​ដែល​ផ្តោតលើ​កម្រិត និង​ទំហំ​មាឌ​សំខាន់បំផុត​។​

«​សម្រាប់​យើង ភាពខុសគ្នា​បំផុត​នោះ​គឺ​កាយសម្បទា ដែល​ធ្វើ​ឲ្យ​ការ​ប្រជែង​ដណ្តើម​បាល់​គឺ​ចាញ់​គេ​ដាច់​តែម្តង​»​។ ខ្សែប្រយុទ្ធ​ក្លិប​វិសាខា​និយាយ​បែបនេះ​ដដែលៗ​ទៅកាន់ Honda បើ​ទោះ​អ្នកចាត់ការ​បញ្ជាក់​ពី​សំនួរ​ពី​ភាពខុសគ្នា​ចម្បង​បំផុង​របស់ខ្លួន​ជាច្រើនលើក​ក៏ដោយ​។​

​សំនួរ​ដដែល​នេះ ក៏ត្រូវ​បាន​លោក Honda សួរ​ទៅ​ខ្សែបម្រើ​របស់​ភ្នំពេញ​ក្រោ​ន អ៊​ន ចាន់​ប៉ូ​លីន​ដែរ​។ យ៉ាងណាក៏ដោយ ប៉ូ​លីន​បាន​មើលឃើញ​ពី​ភាពខុសគ្នា​មួយ​ចំនុច​គឺ​អ៊ីរ៉ង់​មានការ​គាំទ្រ និង​​ផ្លាស់ទី​លឿន​ជាង​កម្ពុជា​។​

​ប្រាក់ មុនី​ឧ​ត្ត​ម អះអាងថា​មិន​ត្រឹមតែ​កាយសម្បទា​នោះទេ អ៊ីរ៉ង់​មានប្រៀប​លើ​កម្ពុជា​ទាំងអស់ ដូចជា​កម្ពស់ កម្រិត​លេង​ជាដើម រួមទាំង​អាកាសធាតុ​ផង​។​

​ក្រោយ​ឆ្លើយ​របស់​កីឡាករ​ខាងលើ អតីត​សមាជិក​ជម្រើសជាតិ​ជប៉ុន​បានចាត់ទុក​ចម្លើយ​រប​ស់​សុខ​ផេង​គឺ​ត្រឹមត្រូវ​បំផុត​សម្រាប់​សំនួរ​របស់លោក​។ Honda បញ្ជាក់ថា ភាពខុសគ្នា​រវាង​កម្ពុ​ជា​និង​អ៊ឺ​រ៉ង់​គឺ​កំលាំង និង​កាយសម្បទា​។​



Honda បាន​ប្រើ​វិធីសាស្ត្រ​លើកទឹកចិត្ត​កីឡា​ខ្លួន​ក្រោយ​ចាញ់​អ៊ីរ៉ង់​ដល់​ទៅ ១៤-០ នេះ តាមរយៈ​ការប្រៀបធៀប​មាឌ កម្លាំង ហើយ​កីឡាករ​របស់​ពួកគេ​សុទ្ធតែ​លេង​ក្នុង​លី​គ​កីឡាបាល់ទាត់​ដែលមាន​កម្រិត​ខុសពី​លី​គ​កម្ពុជា​ដាច់​ឆ្ងាយ​។​

​មួយវិញទៀត Honda ថែមទាំង​ប្រាក់​ក្រុម​កីឡាករ​កម្ពុជា​ទាំងអស់​មិនត្រូវ​ខកចិត្ត​នឹង​លទ្ធផល​នេះ​ទេ តែ​ត្រូវ​ចងចាំ​វា​ទុក​ដើម្បី​សម្រេច​ជោគជ័យ​ទៅ​ថ្ងៃមុខ ជាពិសេស​គឺ​កីឡាករ​ក្មេងៗ​។​
​ឆ្លងកាត់​៣​ប្រកួត កម្ពុជា​រកបាន​១​ពិន្ទុ ក្នុងនោះ​ស្មើ​១ និង​ចាញ់​២​លើក ស្ថិតនៅ​បាត​តារាង​ពូ​ល C​។ ជំនួប​បន្ទាប់ កម្ពុជា​ត្រូវ​ទទួល​ស្វាគមន៍​អ៊ីរ៉ាក់​ដែលជា​ក្រុម​ខ្លាំង​ក្នុង​ពូ​ល​នេះដែរ នៅ​ថ្ងៃទី​១៥ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច​៕





Tag:
 World Cup
  ជម្រើសជាតិ​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com