ទូត​អាមេរិក​ថ្មី ប្រាប់​ស្ដ្រី​ខ្មែរ ថែរក្សា​សុខភាព​កូន​ឲ្យ​បានល្អ​និង​មាន​ភាពរឹងមាំ​
ជាតិ
ទូត​អាមេរិក​ថ្មី ប្រាប់​ស្ដ្រី​ខ្មែរ ថែរក្សា​សុខភាព​កូន​ឲ្យ​បានល្អ​និង​មាន​ភាពរឹងមាំ​
11, Oct 2019 , 10:19 pm        
រូបភាព
​សៀមរាប​៖ ជា​ទស្សនកិច្ច​លើកដំបូង​មកកាន់​ខេត្តសៀមរាប និង​ជា​ខេត្ត​ទីមួយ​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក W. Patrick Murphy បាន​ចុះ​សិក្សា​ឈ្វេងយល់​ពី​គម្រោង​របស់​អង្គការ​មួយចំនួន​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អាមេរិក​។ នៅ​ខេត្តសៀមរាប លោក​បាន​ចូលរួម​ក្នុង​ពិព័រណ៍​ភូមិ​សម្រាប់​គ្រួសារ​មួយ​ពាន់​ថ្ងៃ ក្រោម​គម្រោង Nourish (​ណូរី​ស​) របស់​អង្គការ Save The Childre (​អង្គការ​សង្គ្រោះ​កុមារ​)​។​



​ទៅកាន់​ស្ដ្រី​ជា​ម្ដាយ​ប្រមាណ​៦០​នាក់ ស្ថិតនៅក្នុង​ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម នៅ​ព្រឹក​ថ្ងៃទី​១១ តុលា លោក Murply ប្រាប់ថា លោក​និង​ប្រជាពលរដ្ឋ​អាមេរិក មានចិត្ត​សប្បាយរីករាយ​ដែល​បាន​ក្លាយជា​ដៃគូ​ធ្វើការ​សម្រាប់​ការអភិវឌ្ឍ​នានា​ក្នុង​សហគមន៍​នេះ​។ លោក​ក៏​រីករាយ​ដែរ ពេល​ឃើញ​ស្ត្រី​ជា​ម្ដាយ​ទាំងអស់​ថែរក្សា​កូន​បានល្អ និង​ជំរុញ​ស្ដ្រី​គ្រប់រូប​ត្រូវ​ថែរក្សា​កូន​ឲ្យ​មាន​សុខ​ភាពល្អ និង​មាន​ភាពរឹងមាំ​។ លោក​ទូត​ប្រាប់ទៀតថា លោក​នឹង​ប្រាប់​ប្រជាជន​អាមេរិក​ថា ស្ត្រី​ជា​ម្តាយ​នៅទីនេះ​ធ្វើការ​បានល្អ​ណាស់​ដើម្បី​សុខភាព​កូន​។​

​គួរ​បញ្ជាក់ថា ក្នុង​ទស្សនកិច្ច​មកកាន់​ខេត្តសៀមរាប​នេះ លោក Murply ចុះ​សិក្សា​ឈ្វេងយល់​នៅ​ទីតាំង​និង​គម្រោង​មួយចំនួន​ដែល​ទទួលបាន​ការឧបត្ថម្ភ​គម្រោង​កម្មវិធី USAID ដូចជា​នៅ​មជ្ឈមណ្ឌល​ខេ​មរ​សិក្សា បណ្ណាល័យ​អាមេរិក ក្រុមយុវជន YSEALI គម្រោង​ណូរី​ស មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ខេត្តសៀមរាប និង សិក្សា​គម្រោង​ជួសជុល​ប្រាសាទភ្នំបាខែង ជាដើម​៕












Tag:
 ទូត​អាមេរិក​
  W. Patrick Murphy
  Save the Children
© រក្សាសិទ្ធិដោយ thmeythmey.com