ជាតិ
សង្គមជាតិ
បណ្តា​ខេត្ត​មួយចំនួន​ចាប់ផ្តើម​រៀបចំ​ពិធី​អុំទូក
12, Oct 2019 , 8:39 am        
រូបភាព
ដោយ:
​​ភ្នំពេញ​៖ ពិធីបុណ្យ​អុំទូក នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​ខាងមុខ​។ មុន​ប្រារព្ធ​នេះ​នៅ​ទន្លេចតុមុខ រាជធានី​ភ្នំពេញ  បណ្តា​ខេត្ត​មួយ​ដូចជា​ខេត្តកណ្តាល បាត់ដំបង ស្វាយរៀង និង​ខេត្តស្ទឹងត្រែង នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក​ដើម្បី​សាទរ​ពិធី​បុណ្យអុំទូក អកអំបុក  សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​។



​ខេត្តកណ្តាល នឹង​រៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី ១២-១៣ ខែតុលា នៅតាម​ដង​ទន្លេបាសាក់ ក្រុង​តាខ្មៅ និង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក​។ បើតាម​រដ្ឋបាលខេត្ត​នៅ​ខេត្តកណ្តាល កម្មវិធី​នេះ ក៏មាន​ការប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ព្រមទាំង​មានការ​បាញ់​កាំជ្រួច​ផង នៅ​ថ្ងៃ​ចុងក្រោយ​គឺ​ថ្ងៃទី​១៣ ខែតុលា​។​

​ខេត្តបាត់ដំបង ក៏​មិន​ខកខាន​សម្រាប់​ការរៀបចំ​ពិធី​ប្រណាំងទូក​នេះដែរ​។ ខេត្ត​នេះ នឹង​រៀបចំ​ពិធី​ប្រណាំងទូក​លើក​ទី​១៩ និង​ពិធី​ចេញ​ព្រះវស្សា នៅ​ថ្ងៃទី​១២-១៣ ខែតុលា នៅតាម​បណ្តោយ​ស្ទឹង​សង្កែ​។ នៅក្នុង​ពិធី​នេះ នឹងមាន​ការរៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម ភូមិ​មួយ និង​ផលិតផល​មួយ និង​ការប្រគំ​តន្ត្រីបុរាណ និង​សម័យ នៅ​បរិវេណ​ដើម​ពោធិ៍​សួន​នាគ​បាញ់​ទឹក​។ នៅពេល​យប់ នឹងមាន​បាញ់​កាំជ្រួច បង្ហោះគោម និង​បណ្តែតប្រទីប​។ នេះ​បើ​យោងតាម​រដ្ឋបាល​ខេត្តបាត់ដំបង​។

​នៅ​ទន្លេ​វ៉ៃ​គោ ខេត្តស្វាយរៀង​ឯណោះ​វិញ នៅ​ថ្ងៃទី ២៧ ខែតុលា ក៏​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​ខ្នាត​អន្តរជាតិ និង​ទូក​ក្តារ​បីសន្លឹក​ដែរ​។ សម្រាប់​ខេត្តស្ទឹងត្រែង នឹង​រៀបចំ​ពិធី​ប្រណាំងទូក «​ង​» នៅ​ថ្ងៃទី​១-២ ខែវិច្ឆិកា នៅតាម​ដង​ទន្លេសេកុង ដើម្បី​រួមចំណែក​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​។

​នៅ​ថ្ងៃទី​២-៣ ខែវិច្ឆិកា រដ្ឋបាលខេត្ត​កំពង់ស្ពឺ នឹង​ប្រារព្ធ​ពិធី​ប្រណាំងទូក​នៅតាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត មុខ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​អម​ជាមួយនឹង​ការបាញ់​កាំជ្រួច ព្រមទាំង​មានការ​ប្រគំ​តន្ត្រី​ផងដែរ​។

​ចំណែក​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​រៀប​ចំការ​ប្រណាំងទូក​ដែលមាន​លក្ខណៈ​ខ្នាត​ជាតិ នៅ​ទន្លេចតុម្មុខ ថ្ងៃបុណ្យ​អុំទូក​ទី​១០-១២ ខែវិច្ឆិកា ដែល​ចំណុះ​ដោយ​ទូក​ទូទាំង​រាជធានី​ខេត្ត​។ ជាមួយគ្នា​ផងដែរ ទូក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៤៩ ទូក សម្រាប់​ត្រៀម​ប្រកួត​ជាមួយ​ទូក​តាម​បណ្តា​ខេត្ត​ដទៃទៀត​៕


Tag:
 អុំទូក​
 ​រាជធានី​ភ្នំពេញ​
 ​កណ្តាល​
 ​កំពង់ស្ពឺ​
 ​ស្វាយរៀង​
 ​ស្ទឹងត្រែង​
 ​បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com