ជាតិ
សម្តេច ហ៊ុន សែន នឹងទៅទស្សនកិច្ចប្រទេសបីនៅតំបន់អឺរ៉ុបកណ្តាល
× ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសចំនួន៣ គឺសាធារណរដ្ឋឆេក ប៊ុលហ្គារី និង ហុងគ្រី ដែលស្ថិតក្នុងតំបន់អឺរ៉ុប។ ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃទី១១តុលា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន សែន គឺដើម្បីពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ សម្តេចនឹងចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ និងថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នៅថ្ងៃទី១៥តុលា។ សុន្ទរកថា របស់សម្តេច គឺផ្តោតទៅលើអាទិភាពយុទ្ធសាស្ត្រ និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com