អន្តរជាតិ
ជប៉ុន ត្រៀមទទួលរងនូវខ្យល់ព្យុះដ៏កំណាចមិនធ្លាប់មានតាំងពីឆ្នាំ១៩៥៨
× ព្យុះកំណាច Hagibis បានបក់មកដល់ប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា ហើយកំពុងគំរាមកំហែងលើទីក្រុងមួយចំនួន ជាមួយកម្រិតទឹកភ្លៀងច្រើនបំផុតក្នុងរយៈពេល ៦០ឆ្នាំមកនេះ។ ការណ៍នេះ បានបង្កឲ្យការផ្អាកប្រកួតប្រណាំងឡាន Formula One និង ការប្រកួតពានរង្វាន់កីឡាបាល់ឱបពិភពលោក។
ព្យុះទីហ្វុង Hagibis មានន័យថាល្បឿនក្នុងភាសាហ្វីលីពីន នឹងបោកបក់មកដល់កោះ Honshu នៅថ្ងៃទី១២ ខែតុលា។ វត្តមានព្យុះកំណាចនេះ កើតមានមួយខែបន្ទាប់ពីជប៉ុនឆ្លងផុតព្យុះដ៏កំណាចមួយដែលបានបំផ្លាញផ្ទះប្រជាជនប្រមាណជា ៣០ម៉ឺនខ្នង និងបានកាត់ផ្តាច់ចរន្តអគ្គិសនីជាច្រើនកន្លែង។
«ព្យុះទីហ្វុង អាចនាំយកទឹកភ្លៀង និងខ្យល់ក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីទីភ្នាក់ងារឧតុនិយមជប៉ុន។ ដោយសារតែវាជាព្យុះដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៥៨ អាជ្ញាធរបានអំពាវនាវឲ្យប្រជាជនត្រៀមរៀបចំសម្ភារដើម្បីការពារខ្យល់ព្យុះ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ នៅមិនស្ងៀមឡើយ ហើយបានបញ្ជាឲ្យរដ្ឋមន្ត្រីទាំងអស់ ព្យាយាមឲ្យអស់លទ្ធភាពក្នុងការជួយសង្គ្រោះប្រជាជន។ ចំណែកមន្ត្រីនៅតំបន់ Chiba នៅភាគខាងកើតទីក្រុងតូក្យូ បានប្រាប់ឲ្យប្រជាជនត្រៀមម្ហូបអាហារ ទឹក ឲ្យបានលើសពីរយៈពេល៣ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ចំណែកកម្មវិធីកីឡាធំៗមួយចំនួន នៅក្នុងប្រទេសជប៉ុន ត្រូវបានបង្អាក់ដោយសារតែបញ្ហាព្យុះ។ ជាក់ស្តែងការប្រកួតការប្រណាំរថយន្ត Formula One Grand Prix ដែលគ្រោងនឹងប្រកួតក្នុងនាថ្ងៃទី១២ ខែតុលា ត្រូវបានលុបចោល ប៉ុន្តែគេអាចលើកថ្ងៃប្រកួតទៅថ្ងៃ១៣ ខែតុលាវិញ។ ទាក់ទិននឹងការប្រកួតបាល់ឱបវិញ ការប្រកួតកីឡានេះត្រូវបានគេលុបចោល ២ដងរួចមកហើយ ខណៈពេលការប្រកួតជប៉ុន និងស្កុតឡែនក្នុងថ្ងៃទី១៣ ខែតុលា កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។
បន្ថែមពីលើនេះទៅទៀត មធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនជាច្រើនត្រូវផ្អាកមួយរយៈពេលសិន ដើម្បីរង់ចាំឲ្យស្ថានការណ៍មានភាពប្រសើរជាងមុន។ ក្រុមហ៊ុនអាកាសចរណ៍ Ariline ANA Holding បានលុបចោលជើងហោះហើរនៅក្នុងស្រុកទាំងអស់ក្នុងថ្ងៃទី១១ ខែតុលា។ សម្រាប់ក្រុមហ៊ុន Japan Airline Co ក៏បានលុបជើងហោះហើរទៅទីក្រុងសំខាន់ដូចជា Osaka និងNagoya ផងដែរ។
ដោយឡែក រថភ្លើងល្បឿនលឿនវិញ ត្រូវបានគេបិទមិនឲ្យប្រតិបត្តិការដូចគ្នា។ ប្រព័ន្ធរថភ្លើងជាច្រើនខ្សែនៅក្នុងទីក្រុងតូក្យូ Nagoya និង Osaka ជាដើមត្រូវបានបិទចោល ដើម្បីការពារសុវត្ថិភាពប្រជាជន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈជប៉ុន NHK។
សូមបញ្ជាក់ថា ចរន្តខ្យល់ព្យុះ នឹងបក់មកពីតំបន់ប៉ាស៊ីហ្វិក តាមបណ្តោយឆ្នេរ Honshu នៅថ្ងៃទី១២ និង១៣ ខែតុលានេះ ដែលបង្កឲ្យមានភ្លៀង និងទឹកជំនន់នៅក្នុងប្រទេសជប៉ុន ដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីឆ្នាំ ១៩៥៨។ ព្យុះទីហ្វុង Kanogawa ដែលបានកើតឡើងក្នុងឆ្នាំ ១៩៥៨នោះ បានសម្លាប់ប្រជាជនជាង ១០០០នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com