អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រោយទាស់គ្នាមួយប្រាវដោយសារកាស្មៀរ, ចិន និងឥណ្ឌាសន្យារួមគ្នាប្រឆាំងភេរវកម្ម ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី នាជំនួបនៅទីក្រុងមាត់សមុទ្រ Chennai ក្នុងរដ្ឋ Tamil Nadu ។ រូបភាពXinhua
× នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី១១ ខែតុលា បានស្វាគមន៍ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបកំពូលមិនផ្លូវការលើកទីពីរនៅឯតំបន់បេតិកភណ្ឌពិភពលោក Mahabalipuram របស់ឥណ្ឌា។ ជំនួបនេះ ធ្វើឡើងក្រោយឥណ្ឌា និងចិនទាស់គ្នាមួយប្រាវដោយសារបញ្ហាកាស្មៀរដែលក្រុងញូវដែលីបានដកឋានៈស្វ័យភាព។ បើតាមមន្ត្រីឥណ្ឌា មេដឹកនាំទាំងពីរ បានយល់ព្រមរួមគ្នាប្រយុទ្ធប្រឆាំងភេរវកម្មដែលជាបញ្ហាប្រឈមរួមគ្នា។
ជំនួបមិនផ្លូវការពីរថ្ងៃរវាងមេដឹកនាំឥណ្ឌា និងចិនកំពុងធ្វើឡើងនៅតំបន់មាត់សមុទ្រនៃរដ្ឋ Tamil Nadu របស់ឥណ្ឌា ជាមួយនឹងគោលដៅដើម្បីពង្រឹងទំនាក់ទំនងរវាងអ្នកជិតខាងទាំងពីរដែលមានបញ្ហាជូរចត់មិនចេះចប់។ ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលទទួលនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅវូហាន ត្រូវដល់វេនទៅឥណ្ឌាវិញម្ដង។
ជំនួបមិនផ្លូវការដែលចាប់ផ្ដើមនៅថ្ងៃទី១១ ខែតុលា គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដែលប្រេះស្រាំដោយសារបញ្ហាជាច្រើន។ លើកចុងក្រោយនេះ ក្នុងខែសីហា ឥណ្ឌាបានបង្កាត់ភ្លើងដ៏ធំមួយតាមរយៈការសម្រេចចិត្តដកឋានៈស្វ័យភាពរបស់តំបន់កាស្មៀរដែលខ្លួនកំពុងកាន់កាប់។ ការសម្រេចចិត្តនេះ ធ្វើឲ្យតំបន់ Ladakh ដែលជាផ្នែកមួយនៃតំបន់កាស្មៀរ ហើយដែលជាចិនទាមទារគ្រប់គ្រង ក្លាយជាទឹកដីរដ្ឋបាលដោយឡែករបស់ឥណ្ឌា។
ចិន ក៏ផ្លុំផ្សែងដាក់ឥណ្ឌាតាមរយៈការប្រកាសគាំទ្រប៉ាគីស្ថានដែលកាន់កាប់ចំណែកភាគច្រើននៃដែនដីកាស្មៀរ។ លើសពីនោះ ចិនក៏អូសសំណុំរឿងនេះឡើងក្រុមប្រឹក្សាសន្តិសុខទៅទៀត ទោះជាឥណ្ឌាចាត់ទុករឿងនេះជាបញ្ហាផ្ទៃក្នុងរបស់ខ្លួនក្ដី។
យ៉ាងណាមិញ ក្នុងជំនួបមិនផ្លូវការលើកទីពីរនេះ មេដឹកនាំទាំងពីរត្រូវបានមើលឃើញថា រួសរាយរាក់ទាក់ដាក់គ្នាខ្លាំង និងបានទទួលស្គាល់បញ្ហាប្រឈមមួយដែលត្រូវដោះស្រាយរួមគ្នា។ មន្ត្រីជាន់ខ្ពស់ឥណ្ឌា លោក Vijay Gokhale ប្រាប់អ្នកសារព័ត៌មានថា ចិន និងឥណ្ឌាសុទ្ធតែជាប្រទេសធំ ហើយភេរវកម្មជាបញ្ហារួមមួយ ដែលតម្រូវឲ្យប្រទេសទាំងពីរធ្វើការជាមួយគ្នាដើម្បីទប់ស្កាត់ទង្វើជ្រុលនិយម និងភេរវកម្មមកបំផ្លាញក្ដីសុខប្រទេសទាំងពីរ។
ចំណែទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua វិញ មិនបានផ្ដល់ព័ត៌មានច្រើនពីជំនួបនេះទេ តែបានផ្សាយពីការស្វាគមន៍កក់ក្ដៅរបស់ភាគីឥណ្ឌា។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដដែលនេះសរសេរ ថា មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការសិក្សា និងគោរពគ្នាទៅវិញទៅមកដើម្បីរួមគ្នាសម្រេចឲ្យបានការអភិវឌ្ឍរួម និងវិបុលភាពរួម៕
Tag:
ចិន
ឥណ្ឌា
កាស្មៀរ
ស៊ី ជិនភីង
នារិន្ទ្រា ម៉ូឌី
© រក្សាសិទ្ធិដោយ thmeythmey.com