អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​ទាស់​គ្នា​មួយ​ប្រាវ​ដោយសារ​កា​ស្មៀ​រ​, ចិន និង​ឥណ្ឌា​សន្យា​រួមគ្នា​ប្រឆាំង​ភេរវកម្ម​
12, Oct 2019 , 10:58 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី នាជំនួបនៅទីក្រុងមាត់សមុទ្រ Chennai ក្នុងរដ្ឋ Tamil Nadu ។ រូបភាព​Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី នាជំនួបនៅទីក្រុងមាត់សមុទ្រ Chennai ក្នុងរដ្ឋ Tamil Nadu ។ រូបភាព​Xinhua
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ថ្ងៃទី​១១ ខែតុលា បាន​ស្វាគមន៍​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុងជំនួប​កំពូល​មិន​ផ្លូវ​ការលើក​ទី​ពីរ​នៅឯ​តំបន់​បេតិកភណ្ឌ​ពិភពលោក Mahabalipuram របស់​ឥណ្ឌា​។ ជំនួប​នេះ ធ្វើឡើង​ក្រោយ​ឥណ្ឌា និង​ចិន​ទាស់​គ្នា​មួយ​ប្រាវ​ដោយសារ​បញ្ហា​កា​ស្មៀ​រដែ​ល​ក្រុង​ញូវដែលី​បាន​ដក​ឋានៈ​ស្វ័យភាព​។ បើតាម​មន្ត្រី​ឥណ្ឌា មេដឹកនាំ​ទាំងពីរ បាន​យល់ព្រម​រួមគ្នា​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ដែលជា​បញ្ហា​ប្រឈម​រួមគ្នា​។

 
​ជំនួប​មិន​ផ្លូវការ​ពីរ​ថ្ងៃ​រវាង​មេដឹកនាំ​ឥណ្ឌា និង​ចិន​កំពុង​ធ្វើឡើង​នៅ​តំបន់​មាត់សមុទ្រ​នៃ​រដ្ឋ Tamil Nadu របស់​ឥណ្ឌា ជាមួយនឹង​គោលដៅ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នកជិតខាង​ទាំងពីរ​ដែលមាន​បញ្ហា​ជូរចត់​មិនចេះចប់​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​ទទួល​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​វូ​ហាន ត្រូវ​ដល់​វេន​ទៅ​ឥណ្ឌា​វិញ​ម្ដង​។ 
 
​ជំនួប​មិន​ផ្លូវ​ការដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១១ ខែតុលា គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​ប្រេះស្រាំ​ដោយសារ​បញ្ហា​ជាច្រើន​។ លើកចុងក្រោយ​នេះ ក្នុង​ខែសីហា ឥណ្ឌា​បាន​បង្កាត់ភ្លើង​ដ៏​ធំ​មួយ​តាមរយៈ​ការសម្រេចចិត្ត​ដក​ឋានៈ​ស្វ័យភាព​របស់​តំបន់​កា​ស្មៀ​រដែ​ល​ខ្លួន​កំពុង​កាន់កាប់​។ ការសម្រេចចិត្ត​នេះ ធ្វើ​ឲ្យ​តំបន់ Ladakh ដែលជា​ផ្នែក​មួយ​នៃ​តំបន់​កា​ស្មៀ​រ ហើយ​ដែលជា​ចិន​ទាមទារ​គ្រប់គ្រង ក្លាយជា​ទឹកដី​រដ្ឋបាល​ដោយឡែក​របស់​ឥណ្ឌា​។​
 
​ចិន ក៏​ផ្លុំ​ផ្សែង​ដាក់​ឥណ្ឌា​តាមរយៈ​ការប្រកាស​គាំទ្រ​ប៉ា​គី​ស្ថាន​ដែល​កាន់កាប់​ចំណែក​ភាគច្រើន​នៃ​ដែន​ដីកា​ស្មៀ​រ​។ លើសពីនោះ ចិន​ក៏​អូស​សំណុំ​រឿងនេះ​ឡើង​ក្រុមប្រឹក្សាសន្តិសុខ​ទៅទៀត ទោះជា​ឥណ្ឌា​ចាត់ទុក​រឿងនេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​ក្ដី​។ 
 
​យ៉ាងណាមិញ ក្នុងជំនួប​មិន​ផ្លូវ​ការលើក​ទី​ពីរ​នេះ មេដឹកនាំ​ទាំងពីរ​ត្រូវបាន​មើលឃើញថា រួសរាយ​រាក់ទាក់​ដាក់គ្នា​ខ្លាំង និង​បានទទួល​ស្គាល់​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​ដោះស្រាយ​រួមគ្នា​។ មន្ត្រីជាន់ខ្ពស់​ឥណ្ឌា  លោក Vijay Gokhale ប្រាប់​អ្នកសារព័ត៌មាន​ថា ចិន និង​ឥណ្ឌា​សុទ្ធតែជា​ប្រទេស​ធំ ហើយ​ភេរវកម្ម​ជា​បញ្ហា​រួមមួយ ដែល​តម្រូវ​ឲ្យ​ប្រទេស​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ទប់ស្កាត់​ទង្វើ​ជ្រុលនិយម និង​ភេរវកម្ម​មក​បំផ្លាញ​ក្ដី​សុខ​ប្រទេស​ទាំងពីរ​។​
 
​ចំ​ណែ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua វិញ មិនបាន​ផ្ដល់ព័ត៌មាន​ច្រើន​ពី​ជំនួប​នេះ​ទេ តែ​បាន​ផ្សាយ​ពី​ការស្វាគមន៍​កក់ក្ដៅ​រប​ស់​ភាគី​ឥណ្ឌា​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ដដែល​នេះ​សរសេរ ថា មេដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​ក្នុងការ​សិក្សា និង​គោរព​គ្នា​ទៅវិញទៅមក​ដើម្បី​រួមគ្នា​សម្រេច​ឲ្យ​បានការ​អភិវឌ្ឍ​រួម និង​វិបុលភាព​រួម​៕ 
 
 
 

Tag:
 ចិន​
  ឥណ្ឌា​
  កា​ស្មៀ​រ​
  ស៊ី ជិន​ភីង​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com