ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីការងារឃើញផលល្អច្រើនលើដំណើការសភាពាណិជ្ជកម្មចិនប្រចាំខេត្តព្រះសីហនុ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រូបថត៖ ពីទំព័រហ្វេសប៊ុកក្រសួងការងារ ។ Front
× ភ្នំពេញ៖ ការបង្កើតសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ គឺកាន់តែជួយជំរុញពាណិជ្ជករ និងវិនិយោគគិនចិនឱ្យងាយស្រួលថែមទៀត ក្នុងការពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយ វិនិយោគគិនក្នុង និងក្រៅស្រុកដើម្បីធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងពិធីសម្ពោធសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ តុលា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថា សមាគមនេះ នឹងធ្វើឱ្យពាណិជ្ជករ និងវិនិយោគគិនចិន បង្កើតនូវយន្តការនានា សម្រាប់ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក អំពីបរិយាកាសធុរកិច្ច និងសក្តានុពល ក្នុងការវិនិយោគ ក៏ដូចជាគោលនយោបាយសេដ្ឋកិច្ច គោលនយោបាយពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅកម្ពុជា សម្រាប់ធ្វើការទាក់ទាញដៃគូចិនដូចគ្នា ក៏ដូចជាទាក់ទាញដៃគូបរទេសផ្សេងៗ។
លោក អ៊ិត សំហេង បានកោតសរសើរអ្នកវិនិយោគទាំងអស់ ដែលបានសម្រេចចិត្ត ជ្រើសរើសកម្ពុជា ជាទីតាំងបណ្តាក់ទុនវិនិយោគ។ កត្តានេះ បានបញ្ជាក់ឱ្យឃើញនូវជំនឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគទុនបរទេស ជាពិសេសអ្នកវិនិយោគទុនដែលជាជនជាតិចិន ទៅលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធានាបាននូវបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរ(កម្ពុជា-ចិន)បានបង្កើតនិងបន្តជំរុញកិច្ចសហប្រតិបត្តិការដល់កម្រិត យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយតាមរយៈនេះ ក៏បានបន្តលើកទឹកចិត្ត និងជំរុញដល់ពាណិជ្ជករ និងវិនិយោគិនចិន មកធ្វើធុរកិច្ចនៅកម្ពុជា ស្របទៅតាមគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ របស់ចិននិងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា៕
Tag:
ចិន
ពាណិជ្ជកម្ម
សភាពាណិជ្ជកម្ម
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com