ជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បេ្ដ​ជ្ញា​ធ្វើឱ្យ​តំបន់​អាស៊ាន​គ្មាន​ផ្សែង​អ័ព្ទ​ឆ្លងដែន​នៅ​ឆ្នាំ​២០២០
12, Oct 2019 , 7:19 pm        
រូបភាព
​សៀមរាប​៖ ក្រៅពី​បញ្ហា​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក ការបំពុល​ដោយ​ផ្សែង​អ័ព្ទ​ឆ្លងដែន​វិញ ក៏​ជា​របៀបវារៈ​សំខាន់​សម្រាប់​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ដែរ​។ បញ្ហា​ផ្សែង​អ័ព្ទ​ឆ្លងដែន​នេះ ត្រូវបាន​លើកយក​មក​ពិភាក្សា ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៩ តុលា ក្នុងនោះ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​បេ្ដ​ជ្ញា​ចិត្ត និង​ខិតខំ​ប្រឹងប្រែង រៀបចំ​យន្តការ​យ៉ាងណា​ដើម្បី​ធានាថា លែងមាន​បញ្ហា​នេះ​នៅ​ឆ្នាំ​២០២០​។



​លោក នេត្រ ភក្ដ្រា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​កិច្ចប្រជុំ​ទាក់ទង​នឹង​ផ្សែង​អ័ព្ទ​ឆ្លងដែន​នេះ​ថា ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន លើ​ការគ្រប់គ្រង​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​។ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក៏បាន​បញ្ជាក់​ជាថ្មី​ដែរ នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ និង​មធ្យោបាយ​ការអនុវត្ត ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ឈានទៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​តំបន់​អាស៊ាន​គ្មាន​ផ្សែង​អ័ព្ទ​ឆ្លងដែន​នៅ​ឆ្នាំ​២០២០​។ នេះ​បើតាម​លោកអ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​។


​តែ​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ទទួលស្គាល់​ការងារ​នេះ មិនមែនជា​ដែល​ងាយ​នឹង​សម្រេច​ឡើយ ដោយ​វា​អាស្រ័យ​លើ​ការរៀបចំ​យន្តការ ការកៀងគរ​មូលនិធិ​ហិរញ្ញវត្ថុ និង​ការរៀបចំ​យុទ្ធសាស្ដ្រ​ឱ្យបាន​ច្បាស់លាស់​។ ប៉ុន្តែ​យ៉ាងហោចណាស់ កិច្ចសហប្រតិបត្តិការ​រួមគ្នា​នេះ អាច​បន្ថយ​ផលប៉ះពាល់​ពី​ផ្សែង​អ័ព្ទ​នេះ​ឲ្យ​កាន់តែ​តិច និង​ជាពិសេស​ទប់ស្កាត់​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់      បរិស្ថាន គុណភាព​ខ្យល់ សុខភាព​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​របស់​អាស៊ាន​នោះទេ​។ នេះ​បើតាម​លោក​នេត្រ ភក្ត្រា ដែល​បន្តទៀតថា ប្រទេស​សិង្ហ​បុរី ក៏បាន​គាំទ្រ​ការផ្ដួចផ្តើម​របស់​កម្ពុ​ជា ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ ពី​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ផ្សែង​អ័ព្ទ​នេះ​៕


Tag:
 បរិស្ថាន​
  អាស៊ាន​
  ផ្សែង​អ័ព្ទ​ឆ្លងដែន​
© រក្សាសិទ្ធិដោយ thmeythmey.com