កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ឆ្ពោះទៅមុខលើការដេញថ្លៃរៀប World Cup
× ប្រទេសតំបន់អាស៊ានចំនួន ៥ រួមមានសិង្ហបុរីផងបានយល់ព្រមបង្កើត «ក្រុមការងារបច្ចេកទេស» ដើម្បីត្រៀមដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤។ នេះយោងតាមសេចក្តីប្រកាសរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី ៥ (FAMMS) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី ១១ តុលា។
ថៃ រួមជាមួយសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាមនឹងចូលរួមដេញថ្លៃរួមគ្នាដើម្បីនាំយកព្រឹត្តិកាណ៍ World Cup 2034 ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ជាលើកដំបូង។ ដំបូងឡើយថៃចង់រួមគ្នាជាមួយប្រទេសទាំង១០តែម្តង ប៉ុន្តែបានផ្លាស់ប្តូរវិញយកត្រឹម៥ប្រទេសវិញ។
«យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ស្តីពីការដេញថ្លៃរួមគ្នារបស់អាស៊ានសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ក្នុងនាមជាសហគមន៍តែមួយយើង (សិង្ហបុរី) យល់ព្រមបង្កើតក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយថៃជាមួយប្រទេសអាស៊ានចំនួន ៤ ទៀត សម្រាប់គម្រោងនេះ»។ នេះជាការប្រកាសរបស់ FAMMS។
ការប្រកាសខាងលើនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី ៥ នៅក្រុងម៉ានីល ដែលមានការចូលរួមពីមន្ត្រីមកពីប្រទេសអាស៊ានទាំង១០ ក្នុងនោះរួមមានទាំងកម្ពុជាផង។
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្លាប់លើកឡើងពីការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក្នុងក្រុងបាងកក នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចន្ទអូចា ធ្លាប់បានប្រកាសហើយថា ប្រទេសតំបន់អាស៊ាន នឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣៤នេះ។
ប្រាយុទ្ធ ថែមទាំងអំពាវនាវឲ្យប្រជាជនអាស៊ានគាំទ្រសហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួនដើម្បីចម្រេចក្តីសុបិនមួយនេះ។
ក្នុងចំណោមការប្រកួតកីឡា World Cup ចំនួន២១លើកកន្លងមក ទ្វីបអាស៊ីទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះបានមួយលើកប៉ុណ្ណោះកាលពីឆ្នាំ២០០២ ដែលដឹកនាំដោយជប៉ុននិងកូរ៉េខាងត្បូង។ កាតាក៏នឹងក្លាយជាប្រទេសអាស៊ីទី៣ ដែលទទួលសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ២០២២ផងដែរ នៅឡើយតែអាស៊ានប៉ុណ្ណោះ ដែលមិនទាន់ស្គាល់រសជាតិ៕
Tag:
World Cup
ជម្រើសជាតិ
ថៃ
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com