ជាតិ
សេដ្ឋកិច្ច
ម៉ាកសមូហភាព«គុយទាវភ្នំពេញ» ត្រូវបានដាក់ឲ្យប្រើប្រាស់
× ភ្នំពេញ៖ កម្ពុជាបានសម្ពោធម៉ាកសមូហភាព«គុយទាវភ្នំពេញ» នៅថ្ងៃទី១០ខែតុលានេះ។ ពិធីសម្ពោធម៉ាកសមូហភាពនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្នុងព្រឹត្តការណ៍យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៤។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ឲ្យដឹងដូច្នេះថា៖«ក្រសួងបានដាក់ឲ្យដំណើរការម៉ាកសមូហភាពគុយទាវភ្នំពេញ ដែលជាប្រភេទយីហោអាជីវកម្មលើកដំបូង មានភ្ជាប់ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យគុណភាព និងស្ដង់ដារអនាម័យជាក់លាក់ នៅក្រោមការឧបត្ថមពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីសមាគមចុងភៅកម្ពុជា រួមជាមួយជំនាញការជាតិ និងអន្តរជាតិ»។
ក្រសួងពាណិជ្ជកម្ម អះអាងថា ម៉ាកសមូហភាព«គុយទាវភ្នំពេញ»នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខ្លួនលើវិស័យកម្មសិទ្ធិបញ្ញា បន្ទាប់ពីក្រសួងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាក«ម្លិះអង្គរ» ដែលជាម៉ាកវិញ្ញាតកម្មទីមួយ និងម៉ាក«ក្រូចថ្លុងកោះទ្រង់» ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទីបីរបស់កម្ពុជា បន្ថែមលើម៉ាក«ម្រេចកំពត» និង«ស្ករត្នោតកំពង់ស្ពឺ» ដែលកំពុងទទួលការពេញនិយមលើទីផ្សារ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ចូលជាសមាជិកសមាគមចុងភៅកម្ពុជា ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ម៉ាកសមូហភាព«គុយទាវភ្នំពេញ» ស្របច្បាប់ និងការគាំទ្របច្ចេកទេសផ្សេងៗ។ លោកបន្ថែមថា ការចូលរួមប្រើប្រាស់ម៉ាកសមូហភាពថ្មីនេះ សំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា និងទេសចរណ៍ តាមរយៈការផ្ដល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនូវបទពិសោធន៍ថ្មី និងរសជាតិគុយទាវដ៏ឈ្ងុយឆ្ងាញ់ នៃគំរូអាជីវកម្មហ្វ្រេនឆាយ ដែលបង្កើតឡើងដោយរដ្ឋាភិបាល សហការជាមួយ WIPO និងវិស័យឯកជន៕
Tag:
ម៉ាកសមូហភាព
គុណទាវភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com