អន្តរជាតិ
ជម្លោះ​ពាណិជ្ជកម្ម​៖ អាមេរិក និង​ចិន​ឈានដល់​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​
12, Oct 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃប្រេសិតពិសេស និងជាឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ នៅសេតវិមាន។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃប្រេសិតពិសេស និងជាឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ នៅសេតវិមាន។ រូបភាព AFP
​ការចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ជុំ​ទី​១៣ ទទួលបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ជា​ពាក្យសម្ដី​លើ​ចំណុច​ជាច្រើន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​លទ្ធផល​មួយផ្នែក​នៃ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​អំឡុង​ជំនួប​ជាមួយ​ប្រតិភូ​ចិន​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី លីវ ហឺ ។ ការចុះហត្ថលេខា​ផ្លូវការ អាច​នឹង​កើត​មាននៅ​៥​សប្ដាហ៍​ខាងមុខ​ទៀត​។



​ពន្លឺ​នៃ​ដំណោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន បាន​លេចចេញ​បណ្ដើរ​ហើយ ខណៈ​សង្គ្រាម​ដ៏​រំជើបរំជួល​មួយ​នេះ ឈានចូល​ខែ​ទី​១៥ ទៅហើយ​។ តំណាង​ចរចា​រវាង​អាមេរិក និង​ចិន បានបញ្ចប់​ការចរចា​ជុំ​ទី​១៣ ដែល​ធ្វើ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយនឹង​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​។ ជាមួយ​អ្វីដែល​ទទួលបាន ទីក្រុង​ប៉េកាំង​ហាក់​ថយក្រោយ​មួយ​ជំហាន និង​បានផ្ដល់​សម្បទាន​ដើម្បី​សម្រួល​ចិត្ត​ក្រុង​វ៉ាស៊ីនតោន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចិន​បាន​យល់ព្រម​បង្កើន​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​អាមេរិក​ច​ឲ្យ​បាន​ពី​៤០​ពាន់​លាន​ដុល្លារ​ទៅ​៥០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ នេះ​ជាការ​សន្យា​ដ៏​ធំ​សម្រាប់​កសិករ​អាមេរិក ព្រោះ​កាលពី​ឆ្នាំ​២០១៧ ចិន​នាំចូល​ផលិតផល​កសិកម្ម​អាមេរិក​ចំនួន​១៩,៥​ពាន់​លាន​ដុល្លារ និង​ធ្លា​ក់មក​ត្រឹម​៩​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ។ ជាមួយគ្នា​នោះ ភាគី​ទាំងពីរ​ក៏​យល់ព្រម​ពី​តម្លាភាព​នៃ​ប្រព័ន្ធ​ប្ដូរប្រាក់​របស់​ចិន​ផងដែរ​។​

​ចិន និង​អាមេរិក​ក៏បាន​មូលមតិ​គ្នា​លើ​បញ្ហា​ផ្ទេរ​បច្ចេកវិទ្យា ដែលជា​បញ្ហា​ចម្រូងចម្រាស​មួយ​។ នា​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លីវ ហឺ នៅ​ថ្ងៃទី​១១ ខែតុលា​ក្រោយ​ចរចា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អះអាងថា ការចរចា​លើ​បញ្ហា​នេះ ធ្វើឡើង​ដោយ​រលូន ដោយ​ក្រុមហ៊ុន​អាមេរិក​នឹង​បន្ត​ផ្ទេ​បច្ចេកវិទ្យា​របស់ខ្លួន​ទៅ​ឲ្យ​ចិន ហើយ​ចិន​នឹង​បើកចំហ​ទីផ្សារ​របស់ខ្លួន​ឲ្យ​កាន់តែ​ធំ​សម្រាប់​អាមេរិក​។ ដោយ​មិន​ផ្ដល់ព័ត៌មាន​ជាក់លាក់ លោក​បន្តថា បញ្ហា​កម្មសិទ្ធិបញ្ញា ក៏​ឈានដល់​កិច្ចព្រមព្រៀង​ដែរ​។

​ដើម្បី​ដោះស្រាយ​ជម្លោះ​ទៅ​ថ្ងៃក្រោយ ភាគី​ទាំងពីរ​ក៏​ឯកភាពគ្នា​លើ​ការបង្កើត​យន្តការ​ដោះស្រាយ​ជម្លោះ​។ តំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក Robert Lighthizer បញ្ជាក់ថា យន្តការ​នេះ​កំពុងស្ថិត​ក្នុង​ដំណាក់​បញ្ចប់ ដែល​នឹង​បើកផ្លូវ​ដល់​ការធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​។ ចំណែកឯ​ការដំឡើង​ពន្ធ​ដែល​គ្រោង​អនុវត្ត​នៅ​ថ្ងៃទី​១៥ ខែធ្នូ​នោះ ត្រូវ​លុបចោល​វិញ​ហើយ​។

​យ៉ាងណាមិញ ការឯកភាព​គ្នា​នេះ មិនទាន់​សរសេរ​លើ​ក្រ​ដា​ស្នាម​អ្វី​នៅឡើយ​ទេ​។ ពោល គឺ​ភាគី​ទាំងពីរ​ឯកភាពគ្នា​ជា​សម្ដី​ប៉ុណ្ណោះ​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin និយាយថា ភាគី​ទាំងពីរ​មានការ​យល់ឃើញ​លើ​បញ្ហា​រួម​ជាច្រើន ប៉ុន្តែ​នៅមាន​ការងារ​សេសសល់​ជាច្រើន​ទៀត​។ លោក​បន្តថា នឹងមិន​មានការ​ចុះហត្ថលេខា​ឡើយ ប្រសិនបើ​មិនទាន់មាន​កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ​សម្រាប់​ប្រធានាធិបតី​នោះ​។

​ភាគី​ទាំងពីរ អាច​ចំណាយពេល​បី​ទៅ​ប្រាំ​សប្ដាហ៍​ដើម្បី​យក​អ្វីដែល​ព្រមព្រៀងគ្នា​ពេលនេះ សរសេរ​លើ​លិខិតផ្លូវការ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយ​រំពឹងថា លោក​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង នៅពេល​ខ្លី​ខាងមុខ​។ កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ស៊ី​លី​ពាក់កណ្ដាល​ខែវិច្ឆិកា​ខាងមុខ អាចជា​ពេលដែល​ភាគី​ទាំងពីរ​ចុះហត្ថលេខា​តែម្ដង​៕


Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com