ជាតិ
នយោបាយជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ នឹងប្រជុំជាមួយក្រុមការងាររាជធានី-ខេត្ត ទប់ស្កាត់អ្នកចង់បំផ្លាញស្ថិរភាព សម្តេច ស ខេង ថ្លែងក្នុងពិធីវោហារឆ្នើម
× នៅសប្តាហ៍ក្រោយ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំការប្រជុំដ៏សំខាន់មួយ ជាមួយប្រធានក្រុមការងារគ្រប់រាជធានី-ខេត្ត ដើម្បីចាប់ផ្តើមធ្វើសកម្មភាព ប្រឆាំងនឹងក្រុមមនុស្ស ដែលប៉ងបំផ្លាញស្ថិរភាព។ សម្តេចរដ្ឋមន្ត្រី លើកឡើងពីគម្រោងកិច្ចប្រជុំនេះ នៅក្នុងកម្មវិធីវោហារឆ្នើម ដែលជាការប្រកួតនិយាយភាសាអង់គ្លេសវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
សំឡេងសម្តេច ស ខេង
រដ្ឋមន្ត្រីមហាផ្ទៃ បានក្រើនរម្លឹកឲ្យសកម្មជនឬមន្ត្រីនៃអតីតគណបក្សប្រឆាំង ដកខ្លួនចេញពីគម្រោងធ្វើរដ្ឋប្រហារ ដែលរៀបចំដោយមេដឹកនាំរបស់ពួកគេ ពីក្រៅប្រទេសមក។ រដ្ឋមន្ត្រីរូបនេះ ថ្លែងដូច្នេះថា៖«ខ្ញុំ ក៏កោតសរសើរបងប្អូនភាគច្រើន ដែលបានយល់ដឹងបញ្ហានេះ ហើយដកខ្លួនចេញ។ យ៉ាងហោចណាស់ គាត់នៅស្ងៀមមិនធ្វើអ្វី ព្រោះអាហ្នឹង អត់បានទេ វា រលាក...។ អ៊ីចឹងហើយមានតែម្យ៉ាង គឺថាដកខ្លួនចេញមិនគាំទ្រ...»។
មានសកម្មជននិងមន្ត្រីនៃអតីតគណបក្សប្រឆាំងដល់ទៅ៣០-៤០នាក់ហើយ ដែលរងការចោទប្រកាន់ពីតុលាការ ដោយអ្នកខ្លះ ត្រូវចោទពីបទរួមគំនិតក្បត់ជាតិ និង អ្នកខ្លះ ត្រូវចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះត្រូវចាប់ខ្លួនយកទៅឃុំ ហើយមានអ្នកខ្លះ បានរត់គេចខ្លួន។
ទន្ទឹមនេះ មានសកម្មជនខាងប្រឆាំង២នាក់ ទទួលបានការលើកលែងការចោទប្រកាន់ ក្រោយពួកគេ ចេញមកសារភាពកំហុស និង បានផ្តល់តម្រុយដល់សមត្ថកិច្ច ពីគម្រោងផ្តួលរំលំរដ្ឋាភិបាល។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវនាពេលកន្លងមក ឲ្យអ្នកពាក់ព័ន្ធក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាល ឲ្យឆាប់ចេញមកសារភាព ដើម្បីបានរួចទោស។
លោក សម រង្ស៊ី និងគ្នីគ្នា៨នាក់ទៀត ត្រូវចោទពីបទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។ បទល្មើសនេះ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ហើយអ្នកចូលរួមគាំទ្រ អាចនឹងជាប់ពី៥ឆ្នាំទៅ១០ឆ្នាំ។ យ៉ាងណា លោក សម រង្ស៊ី ប្តេជ្ញាថាលោក នឹងមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរ៕
© រក្សាសិទ្ធិដោយ thmeythmey.com