FIFA
កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ ជម្រើសជាតិ​អ៊ីរ៉ាក់ មកដល់​ភ្នំពេញ ៣​ថ្ងៃមុន​ជំនួប​ជាមួយ​កម្ពុជា​
12, Oct 2019 , 9:19 pm        
រូបភាព
ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាជំនួបកន្លងមកជាមួយ​ហុងកុង។ រូបថត AFP
ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាជំនួបកន្លងមកជាមួយ​ហុងកុង។ រូបថត AFP
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ាក់ បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែតុលា នេះ ដើម្បី​ប្រកួត​តទល់​ជាមួយ​ម្ចាស់ផ្ទះ​កម្ពុជា​ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ពូ​ល C នៃ​ព្រឹត្តិការណ៍ FIFA World Cup  នា​រយៈពេល​៣​ថ្ងៃ​បន្ទាប់​។



​អ៊ីរ៉ាក់​ស្ថិតក្នុង​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​សញ្ជាតិ​ស្លូ​វេ​នី លោក Srečko Katanec កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៧៩​ក្នុង​តារាង FIFA Ranking ដោយ​ពីលើ​កម្ពុជា​ចំនួន​៩០​លេខ​។ ក្នុងការ​ប្រកួត​បើកឆាក​ដំបូង​ក្នុង​ពូ​ល C ពួកគេ​បាន​យកឈ្នះ​ហុងកុង ២-០ នៅ​កីឡដ្ឋាន Basra International Stadium របស់ខ្លួន បន្ទាប់ពី​ស្មើ ១-១ នៅ​ទឹកដី​បា​រ៉ែ​ន​។​

​អ៊ីរ៉ាក់​ស្ថិតនៅ​លេខ​២​បណ្តោះអាសន្ន​នៅក្នុង​ពូ​ល C រីឯ​កម្ពុជា ត្រូវ​ប្រឹងប្រែង​យ៉ាងខ្លាំង​សម្រាប់​ការប្រកួត​នៅ​ទឹកដី​ខ្លួន ក្រោយ​បរាជ័យ ១៤-០ នៅ​ទឹកដី​អ៊ីរ៉ង់ ដែលជា​ក្រុម​លេខ​១​ប្រចាំ​តំបន់​អាស៊ី​។ ខណៈ​អ៊ីរ៉ាក់​មាន​៤​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​ពីរលើក កម្ពុជា​ទើបបាន​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ជំនួប​៣​លើក ដោយ​ស្មើ​ហុងកុង ១-១ ចាញ់​បា​រ៉ែ​ន ១-០ និង​ចាញ់​អ៊ីរ៉ង់ ១៤-០​។​



​ខ្សែប្រយុទ្ធ Mohanad Ali ដែល​លេង​ឲ្យ​ក្លិប​កាតា Al-Duhail SC ជា​កម្លាំង​ដ៏​មុត​ស្រួច ដោយ​គេ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ពីរ​ប្រកួត​ជាប់ៗ​គ្នា​សម្រាប់​អ៊ីរ៉ាក់​។ ក្រៅពី​កីឡាករ​ដែល​លេង​ក្នុងស្រុក អ៊ីរ៉ាក់​មាន​សមាសភាព​កីឡាករ​ដែល​លេង​នៅ​កាណាដា ស៊ែ​ប៊ី អ៊ីរ៉ង់ និង​ក្រូ​អាស៊ី ផងដែរ​។​

​សូមបញ្ជាក់ថា អ៊ីរ៉ាក់​ធ្លាប់បាន​បង្ហាញ​វត្តមាន​ម្តង​ដែរ​នៅ​ព្រឹត្តិការណ៍ World Cup កាលពី​ឆ្នាំ​១៩៨៦ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​អាស៊ី​លើកដំបូង​កាលពី​ឆ្នាំ​២០០៧៕




© រក្សាសិទ្ធិដោយ thmeythmey.com