ជាតិ
មហោស្រពអក្សរសិល្ប៍ខ្មែរ ជំរុញយុវជនស្វែងយល់ពីសារសំខាន់នៃការតែងនិពន្ធ
× ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែរ បង្កើតឡើងដើម្បីចូលរួមជំរុញចលនាស្វែងយល់ពីសារសំខាន់នៃការតែងនិពន្ធ និងគុណតម្លៃរបស់អ្នកនិពន្ធ សម្រាប់ការអភិវឌ្ឍបុគ្គលផ្ទាល់ខ្លួន រួមទាំងប្រទេសជាតិទាំងមូល។ នេះជាលើកទី៣ហើយ ដែលមហោស្រពអក្សរសិល្ប៍ខ្មែរបានប្រារព្ធឡើង បន្ទាប់ពីបានជោគជ័យកាលពីលើកទី២នៅខេត្តបាត់ដំបង និងលើកទី១នៅខេត្តសៀមរាបនោះ។
ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ អ្នកនាង សូ ភីណា ថាគោលបំណងសំខាន់ក្នុងមហោស្រពនេះ គឺដើម្បីលើកកម្ពស់គុណតម្លៃអ្នកនិពន្ធ និងអក្សរសិល្ប៍ខ្មែរ។ មានរយៈពេល២ថ្ងៃក្នុងបរិវេនបណ្ណាល័យជាតិ មហោស្រពអក្សរសិល្ប៍ខ្មែរ មានរៀបចំវេទិកាពិភាក្សាមួយចំនួនស្ដីពីអក្សរសិល្ប៍ និងតួនាទីរបស់អ្នកនិពន្ធ ក្នុងការជួយអភិវឌ្ឍសង្គម។ ក្រៅពីនោះទម្រង់សិល្បៈដូចជាល្ខោនយីកេ ល្ខោនស្បែកធំនិងតូច រួមទាំងល្ខោននិយាយ ក៏នឹងសម្ដែងក្នុងមហោស្រពនេះដែរ។
អ្នកនាង សូ ភីណា បញ្ជាក់៖« នៅពេលដែលមនុស្សអានកាន់តែច្រើន នោះពួកគេនឹងមានការគិតបែបស៊ីជម្រៅ។ សៀវភៅមានឥទ្ធិពលដល់ឥរិយាបថរស់នៅក្នុងសង្គម ជាពិសេសដល់ការអភិវឌ្ឍន៍ប្រទេស។ សៀវភៅបង្កើតឱ្យមានធនធានមនុស្ស»។
អ្នកនាង សូ ភីណា បានមើលឃើញថាចរន្តនៃការតែងនិពន្ធនាពេលបច្ចុប្បន្ន មានការកើនឡើង។ ទោះជាយ៉ាងណា ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែររូបនេះ ថាការពង្រឹងគុណភាពស្នាដៃគឺត្រូវតែយកចិត្តទុកដាក់ជានិច្ច។ «កាលពីឆ្នាំទី១យើងមានតែតុ១និងកន្ទេល១សម្រាប់លក់សៀវភៅ នៅឆ្នាំទី២យើងមានតូបលក់សៀវភៅប្រហែលពី៥ទៅ៦តូប ប៉ុន្តែនៅឆ្នាំទី៣នេះ យើងមាន២០តូប ដូច្នេះបញ្ជាក់ឱ្យឃើញថាការតែងនិពន្ធគឺមានការកើនឡើង។ អ្នកចូលរួមក៏ដូចគ្នាដែរ កាលពីឆ្នាំទី១មានអ្នកចូលរួមប្រហែល៥០០នាក់ ហើយឆ្នាំទី២យើងទទួលបានប្រហែល១៥០០នាក់ ប៉ុន្តែនៅឆ្នាំទី៣នេះ យើងរង់ចាំដល់ថ្ងៃបញ្ចប់សិន»។ នេះជាការបន្ថែមរបស់អ្នកនាង សូ ភីណា។
ស្នាដៃបោះពុម្ពសៀវភៅថ្មីប្រចាំមហោស្រពអក្សរសិល្ប៍ខ្មែរ ក្នុងឆ្នាំទី៣នេះមានចំណងជើងថា “ពីដៃទៅបេះដូង” ដែលប្រមូលផ្ដុំស្នាដៃជ័យលាភីឆ្នាំមុនៗ រួមទាំងស្នាដៃរង្វាន់លើកទឹកចិត្ត មកបោះពុម្ពរួមគ្នា។ ចំណូលដែលបានមកពីការលក់សៀវភៅនេះ នឹងទុកសម្រាប់ការរៀបចំមហោស្រពនៅឆ្នាំបន្ទាប់ទៀត។
«យើងចង់ធ្វើមហោស្រពនេះនៅតាមបណ្ដាខេត្តនានា ដើម្បីឱ្យចរន្តនៃការផ្សព្វផ្សាយពីវប្បធម៌និងអក្សរសាស្ត្រខ្មែរ មាននៅគ្រប់ទីកន្លែង។ សម្រាប់អ្នកចូលរួម ខ្ញុំចង់ឱ្យពួកគាត់គិតថា ហេតុអ្វីបានជាពួកយើងធ្វើកម្មវិធីនេះឡើង? អ្នកចូលរួមគ្រាន់តែអានសៀវភៅឱ្យបានច្រើន នោះបានន័យថាពួកគាត់បានជួយដល់មហោស្រព ជួយដល់ខ្លួនឯង និងជួយដល់សង្គមទាំងមូល ហើយទាំងនេះគឺជាអ្វីដែលមហោស្រពចង់បាន»។
ជាគម្រោង នៅឆ្នាំក្រោយមហោស្រពអក្សរសិល្ប៍ខ្មែរ គ្រោងរៀបចំនៅខេត្តពោធិ៍សាត់៕
Tag:
អក្សរសិល្ប៍
អក្សរសាស្ត្រ
មហោស្រព
តាំងពិព័រណ៍
សៀវភៅ
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com