ជាតិ
ដាំ «​ស្ពៃក្តោប​» ចន្លោះ​ពី​ខែតុលា ទៅ​ខែកុម្ភៈ នៅ​ឆ្នាំ​បន្ទាប់ បាន​ទិន្នផល​ច្រើន​
13, Oct 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ស្ពៃក្តោប​ជា​ប្រភេទ​បន្លែ ដែលមាន​រាង​មូល​ផ្តុំ​ឡើង​ដោយ​ស្លឹក​ជាច្រើន​ស្រទាប់​។ ស្ពៃ​កោ្ត​ប​មាន​បី​ប្រភេទ​គឺ ប្រភេទ​ពូជ​ពណ៌​ស ពណ៌​ស្វាយ និង​ពណ៌​ក្រហម​។ ប៉ុន្តែ​សម្រាប់​ប្រជាកសិករ​កម្ពុជា គឺ​និយម​ដាំ​ស្ពៃ​កោ្ត​ប​ពណ៌​ស​។  ដើម្បី​ដាំ​ស្ពៃ​កោ្ត​ប ដែលមាន​គុណភាព​ល្អ​និង​ទិន្នផល​ច្រើន​ពី​២៥​ទៅ​៣០​តោន​ក្នុង​មួយ​ហិកតា ប្រជាកសិករ​គ្រប់រូប​ខ្មែរ​គួរណា​ស់ដាំ​បន្លែ​ប្រភេទ​នេះ នៅ​រដូវ​ត្រជាក់​ក្នុង​ចន្លោះ​ខែតុលា​ដល់​ខែកុម្ភៈ​។



​បើ​យោងតាម​សៀវភៅ​បច្ចេកទេស​នៃ​ការដាំ​បន្លែ​និង​ឈើ​ហូប​ផ្លែ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការដាំដុះ​ស្ពៃក្តោប​ក្នុង​ចន្លោះ​ខែតុលា ដល់​ខែកុម្ភៈ​ឆ្នាំ​បន្ទាប់​នេះ ព្រោះ​មាន​សីតុណ្ហភាព​ត្រជាក់ ពន្លឺ​ថ្ងៃ និង​ចំណាំង​របស់​ពន្លឺ​ថ្ងៃ​សមស្រប​។ ដោយឡែក ការរំខាន​ឬ​រាតត្បាត​ពី​សត្វល្អិត និង​ជំងឺ​ផ្សេងៗ​ក៏​ច្រើន​ផងដែរ​។ ជាទូទៅ​បន្លែ​ប្រភេទ​នេះ មាន​រយៈពេល​ដាំ​ដុះ​ពី​៨០-៩០​ថ្ងៃ ទើប​អាច​ប្រមូល​ផល​បាន​។​

​ខ្លឹមសារ​ក្នុង​សៀវភៅ​បច្ចេកទេស​ដាំ​បន្លែ​នេះ​បាន​បញ្ជាក់ថា ដើម្បី​ដាំ​ដុះ​ស្ពៃក្តោប​បាន​កាន់តែ​ល្អ​ក្នុង​រដូវ​ត្រជាក់​នេះ ដំបូង​កសិករ​ត្រូវ​លើក​រង​បន្លែ​ជាមុនសិន ក្នុង​កម្ពស់​ពី​១៥-២០​សង់ទីម៉ែត្រ ទទឹង​១០០​សង់ទីម៉ែត្រ និង​បណ្តា​យ​១០-១៥​សង់ទីម៉ែត្រ​។

​ករណី​ដី​មាន​ជំរាល ត្រូវ​លើក​រង​បន្លែ​ទទឹង​ជំរាល​របស់​ដី បន្ទាប់មក​ត្រូវ​កសិករ​ត្រូវ​រាស់​ដី​ដោយ​រនាស់ដៃ ដើម្បី​យក​ស្មៅ​ចេញ និង​ពង្រា​បរង​ឱ្យ​ស្មើ​ល្អ ទើប​កសិករ​អាច​កាប់​រណ្តៅ​នៅលើ​រង​ជា​ពីរ​ជួរ​ចន្លោះ​៧០​សង់ទីម៉ែត្រ ជាមួយនឹង​រណ្តៅ​ពី​៥០-៦០​សង់ទីម៉ែត្រ ហើយ​យក​ជីគីមី ជី​លាមក​សត្វ​ឬ​ជី​កំ​ប៉ុស្តិ៍​លាយ​ចូលគ្នា​ដាក់​ក្នុង​រណ្តៅ​ដាំ​បន្លែ​នោះ​។

​សម្រាប់​ផ្ទៃដី​ដាំ​បន្លែ​មួយ​ហិកតា កសិករ​អាច​យក​ជីគីមី​ប្រភេទ​១៥.១៥.១៥​ឬ​១៨.៤៦.០ ចំនួន​២០០​គីឡូក្រាម លាមក​សត្វ​(​អាចម៍គោ អាចម៍មាន់​) ឬ​ជី​កំ​ប៉ុស្តិ៍​ពី​១៥-២០​តោន និង​រោយ​ថ្នាំ​ប្រភេទ Furadan ១០​គីឡូក្រាម​លាយ​ប​ញ្ជូ​ល​គ្នា​បាច់​លើ​ផ្ទៃដី​ដាំ​ដុះ ទើប​យក​កូន​ស្ពៃ​កោ្ត​បម​កដាំ​។ ក្នុង​រយៈពេល​ដាំ​ដុះ​បន្លែ​នេះ​ដី​ត្រូវមាន​សំណើម​ជា​មធ្យម​ពី​៨០-៨៥​ភាគរយ និង​ស្រោច​ទឹក​ក្នុង​មួយថ្ងៃ​ពីរដង គឺ​ពេលព្រឹក និង​ពេល​ល្ងាច​៕


Tag:
 ស្ពៃ​កោ្ត​ប​
  ចំណេះដឹង​
© រក្សាសិទ្ធិដោយ thmeythmey.com