ជាតិ
សុខភាព
​មន្ត្រី​សុខាភិបាល​ចង់បាន​គម្រោង​ជំនួយ​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដើម្បី​តាមដាន​ជំងឺមិនឆ្លង​
13, Oct 2019 , 8:19 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និង​មន្ត្រីពាក់ព័ន្ធ ចុះ​កិច្ច​សិក្សា និងដក​បទពិសោធន៍ពី​ក្រុម​គូ្រពេទ្យ​នៅ​ប្រទេស​ចិន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និង​មន្ត្រីពាក់ព័ន្ធ ចុះ​កិច្ច​សិក្សា និងដក​បទពិសោធន៍ពី​ក្រុម​គូ្រពេទ្យ​នៅ​ប្រទេស​ចិន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩
ដោយ:
​ភ្នំពេញ​៖ ជំងឺមហារីក ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​រុំ​ា​រ៉ៃ​ផ្សេងៗ ត្រូវបាន​ចាត់ទុកថា​ជំងឺមិនឆ្លង​ដែល​កម្ពុជា​កំពុង​តែមាន​ក្តីបារម្ភ ដោយមាន​អត្រា​ស្លាប់​ច្រើនជាង​ជំងឺ​ផ្សេងៗ​។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល  លោកស្រី ឱ វណ្ណឌី​ន បានស្នើ​សុំ​ឲ្យ​ដៃគូ​សុខាភិបាល​ផ្សេងៗ ជួយ​បង្កើត​គម្រោង​ជំនួយ Grant Project ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល សម្រាប់​តាមដាន​ជំងឺមិនឆ្លង​នៅ​កម្ពុជា​។ លោកស្រី​ថ្លែង​ដូចនេះ​នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីអំពី «2019 International Life Science Summit» នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​៨ ខែតុលា​។​



​លោកស្រី ឱ វណ្ណឌី​ន រួមជាមួយ ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​សុខភាព អង្គការ China UNOPS និង​ភាគី​ពាក់ព័ន្ធ​អន្តរជាតិ​ផ្នែក​ជំងឺមិនឆ្លង បាន​ចុះ​កិច្ច​សិក្សា និង​ដក​បទពិសោធន៍ ពី​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​ប្រចាំ​នៅ​ប្រទេស​ចិន (China UNOPS) និង​ដៃគូ​សុខាភិបាល​ផ្សេងៗ​។

​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូបនេះ សំឡឹង​ឃើញថា​ភាគី​ចិន មានប​ចេ្ច​ក​ទេស​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​នៃ​ការពិគ្រោះ​ជំងឺ​តាមរយៈ e-Health និង Telemedicine ដែល​អាច​បង្ក​ភាពងាយស្រួល ទាំង​គ្រូពេទ្យ គិ​លា​នុ​ដ្ឋា​ក​-​យិ​កា បុគ្គលិក​ពេទ្យ និង​អ្នកជំងឺ​ផ្ទាល់ ក្នុងការ​ព្យាបាល តាមដាន និង​គ្រប់គ្រង​ជំងឺមិនឆ្លង​។

​ដើម្បី​យក​គម្រោង​បច្ចេកទេស​នេះ​មក​អនុវត្ត​នៅ​កម្ពុជា លោកស្រី ឱ វណ្ណឌី​ន បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ ចូល​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​ជំងឺមិនឆ្លង និង​ទាំង​ដៃគូ​អភិវឌ្ឍន៍​សុខាភិបាល​នានា ធ្វើយ៉ាងណា​ស្វែងរក និង​កៀងគរ​ធនធាន​សហប្រតិបត្តិ​ការ ផ្តល់​ជំនួយឥតសំណង ដើម្បី​ជំរុញ​ឲ្យ​កិច្ចខិតខំ ពិនិត្យ បង្ការ ព្យាបាល និង​តាមដាន​ជំងឺមិនឆ្លង​នៅ​កម្ពុជា​។

​របាយការណ៍​របស់​អង្គការ​សុខាភិបាល​ពិភពលោក​បានបង្ហាញ នៅ​កម្ពុជា ឆ្នាំ​២០១៨ មនុស្ស​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​មាន​ប្រមាណ​៦៤​ភាគរយ ក្នុងនោះ ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​(​ស្ត្រូ​ក​) ជំងឺ​សរសៃឈាម និង​សាច់ដុំ​បេះដូង មាន​អត្រា​ស្លាប់ ២៤​ភាគរយ​, ជំងឺមហារីក ១៤​ភាគរយ ជំងឺ​សួត​រ៉ាំរ៉ៃ ៤​ភាគរយ និង​ជំងឺ​ទឹកនោមផ្អែម ២​ភាគរយ​។ រីឯ​ជំងឺ​ទឹកនោមផ្អែម មាន​ប្រមាណ​ជា ២,៩​ភាគរយ និង​ជំងឺ​លើស​សម្ពាធ​ឈាមមាន ១១,២​ភាគរយ ដែល​ជំងឺ​ទាំងនេះ ភាគច្រើន​កើត​នៅលើ​មនុស្សពេញវ័យ​៕


Tag:
 ក្រសួងសុខាភិបាល​
 ​ជំងឺ​
 ​ឌីជីថល​
 ​ឱ វណ្ណឌី​ន
© រក្សាសិទ្ធិដោយ thmeythmey.com