ជាតិ
ទូត​អាមេរិក​លើកទឹកចិត្ត​ឱ្យ​បរិច្ចាគ​ឈាម​ដើម្បី​លើកកម្ពស់​សុខភាព​សាធារណ​
13, Oct 2019 , 9:19 pm        
រូបភាព
​សៀមរាប​៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បានមក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​របស់ខ្លួន​នៅ​ខេត្តសៀមរាប​។ ក្នុងចំណោម​គម្រោង​កម្ម​វិធី​របស់ខ្លួន លោក​ទូត​ក៏បាន​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​អាគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ខេត្តសៀមរាប និង​បាន​ចូលរួម​បរិច្ចាគ​ឈាម​ផងដែរ​។​



​ជា​អ្នកដើរ​បរិច្ចាគ​ឈាម​ដ៏​សកម្ម​មួយរូប លោក Murply ក៏បាន​បរិច្ចាគ​ឈាម​នៅ​ខេត្តសៀមរាប​ផងដែរ អំឡុងពេល​លោក​ទស្សនកិច្ច​ទៅកាន់​អាគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ លោក​ប្រាប់ថា នៅ​ថ្ងៃទី​១១ តុលា បុគ្គលិក​ស្ថានទូត​ទាំងមូល​ចូលរួម​បរិច្ចាគ​ឈាម ហើយ​លោក​ក៏មាន​បំណង​ចូលរួម​ដែរ ដើម្បី​ពង្រឹង​សេវា​សុខភាព​សាធារណ​ក្នុងប្រទេស​កម្ពុជា​។



​បន្ថែម​ពីនេះ លោក​ទូត​ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឯទៀត ឱ្យ​ចូលរួម​បរិច្ចាគ​ឈាម ព្រោះថា​ការផ្តល់​ឈាម​នឹង​ជួយសង្គ្រោះ​ដល់​ជីវិត​មនុស្ស​ដែល​ត្រូវការ​ឈាម ហើយ​វា​ជា​រឿង​ដែល​ងាយស្រួល​បំផុត​ដែល​យើង​អាច​ផ្តល់ឱ្យ​ពួកគេ​។​

​គួរ​បញ្ជាក់ថា អាគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ខេត្តសៀមរាប ទទួលបាន​ជំនួយ​ពី​រាជរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែមីនា ឆ្នាំ​២០១៦​។ យោងតាម​របាយការណ៍​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត ក្រោយ​មាន​វត្តមាន​អាគារ​នេះ​មក សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល​នេះ​មានការ​កើនឡើង​៣​ដង​។ ក្នុង​ឆ្នាំ​២០១៥ មុន​មានការ​អាគារ​នេះ ការប្រមូល​ឈាម​បានត្រឹមតែ​១,៣៩៨​ប្លោក ហើយ​ឆ្នាំ​២០១៨​ប្រមូលបាន​ជាង ៣​ពាន់​ប្លោក និង​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ប្រមូលបាន ជាង​៣​ពាន់​ប្លោក​រួចហើយ​៕










Tag:
 ទូត​អាមេរិក​
  W. Patrick Murply
© រក្សាសិទ្ធិដោយ thmeythmey.com