អន្តរជាតិ
តើ​ដឹង​ទេ​ថា សេះ​សមុទ្រ​ឈ្មោល​មាន​តួនាទី​ជា​អ្នក​បង្កើតកូន​?
14, Oct 2019 , 8:59 am        
រូបភាព
​សមុទ្រ​គឺជា​ពិភព​មួយ​ដែល​សម្បូរ​ទៅដោយ​រឿង​ដ៏​ភ្ញាក់ផ្អើល​ដែល​បកស្រាយ​ពី​ជីវិត​សត្វ​នានា​នៅលើ​ភពផែនដី​។ ជម្រៅ​ដ៏​ជ្រៅ ទីតាំង​សណ្ឋាន​ដី​ដ៏​ស្មុគស្មាញ និង​គ្មាន​ពន្លឺ​គ្រប់គ្រាន់ បានធ្វើ​ឲ្យ​ពិភព​សមុទ្រ​មួយ​នេះ​ជា​កន្លែង​មួយ​លំបាក​ខ្លាំង​សម្រាប់​ការស្រាវជ្រាវ​។ ក្នុងនោះ​មានរឿង​រ៉ាវ​មួយ​ដែល​ហាក់បីដូចជា​ផ្ទុយទៅនឹង​ច្បាប់ធម្មជាតិ​ក្នុងការ​បង្កើតកូន​។ ក្នុងនោះ​គឺ​សត្វ​សេះ​សមុទ្រ​។



​តាម​ការបកស្រាយ​រប​ស់​គេហទំព័រ​ទូរទស្សន៍ National Geographic សត្វ​សេះ​សមុទ្រ​គឺជា​សត្វ​ដែលមាន​លក្ខណៈ​ប្លែក​មួយ​ដោយសារតែ​ចំពោះ​សត្វ​មួយ​នេះ ភេទ​ឈ្មោល​គឺជា​អ្នក​ពរ​ពោះ និង​បង្កើតកូន​។ ពួកគេ​ចូលចិត្ត​រស់នៅ​តាម​តំបន់​សមុទ្រ​រាក់ៗ​នៃ​តំបន់​ក្តៅ​ហើយ​សើម​ត្រូពិច នានា​ជុំវិញ​ពិភពលោក​។

​វា​មាន​ទំហំ​ចាប់ពី​១​សង់ទីម៉ែត្រ រហូត​ទៅដល់​៣០​សង់ទីម៉ែត្រ ជាមួយនឹង​កន្ទុយ​រាង​គួច ក្នុងការ​តោង​ខ្លួន​ជាមួយ​ដើម​រុក្ខជាតិ​សមុទ្រ និង​មាត់​ដូច​បំពង់ ក្នុងការ​ស៊ី​សត្វ​សមុទ្រ​តូចៗ ដូចជា​ពពួក​«​គ្រូ​ស្តារ​សេ​»​ជាដើម​។

​ខ្លួនប្រាណ​របស់​វា​លូតលាស់​ឡើង​ជាមួយនឹង​គ្រោងឆ្អឹង​ដ៏​រឹង​។ សព្វថ្ងៃ គេ​បាន​រកឃើញ​៣២​ប្រភេទ​នៃ​សត្វ​សេះ​សមុទ្រ នៅក្រោម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Hippocampus ។ ក្នុង​ការធ្វើ​ចំណែក​ថ្នាក់​សត្វ​តាមបែប​ទ្រឹស្តី​វិទ្យាសាស្ត្រ គេ​បាន​ចាត់ទុកថា សេះ​សមុទ្រ​មិនមែនជា​សេះ​ទេ វា​គឺជា​ពពួក​ត្រី​។​

 ទោះបីជា​ខ្លួនប្រាណ​ដ៏​រឹងមាំ​របស់​ពួកគេ​អាច​ការពារ​ខ្លួន​ពី​សត្វរំពារ​ក្នុង​ទឹក​មែន តែ​វា​មិនអាច​ការពារ​ខ្លួនឯង​ពី​ការនេសាទ​របស់​មនុស្ស​នោះឡើយ​។ សេះ​សមុទ្រ​ត្រូវបាន​គេ​នេសាទ​យ៉ាង​កាច​សាហាវ​សម្រាប់​ការយក​ធ្វើជា​ថ្មាំ​បុរាណ​។​

 ប៉ុន្តែ​ទិន្នន័យ​ជាក់លាក់​នៃ​ការនេសាទ​សេះ​សមុទ្រ​មួយ​នេះ​មិនទាន់​ត្រូវបាន​គេ​ធ្វើឡើង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ បើ​និយាយ​ពី​សត្វ​ឈ្មោល​វិញ ពួកគេ​អាច​បង្កើតកូន​ម្តង​បាន​រហូត​ទៅដល់​២០០០​ក្បាល​ម្តង​។ ការ​ពរ​ពោះ​អាចមាន​រយៈពេល​១០ ទៅ​២៥​ថ្ងៃ អាស្រ័យ​លើ​ប្រភេទ​។

​វា​ចាប់ផ្តើម​ដំបូង​ពី​ការ​បន្ទា​ក់​កន្ទុយ​រវាង​សត្វ​ញី និង​សត្វ​ឈ្មោល​ជាមួយគ្នា ហើយ​ការបន្ត​ពូជ​អាចធ្វើ​ឡើង​រហូត​ទៅដល់​៨​ម៉ោង​។ ក្រោយមក សត្វ​ញី​នឹង​បញ្ចូល​ពង​តូចៗ​ទៅ​ឲ្យ​
​សរីរាង្គ​ចិញ្ចឹម​នៃ​សត្វ​ឈ្មោល​។​

 ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត (​កោសិកាបន្តពូជ​ឈ្មោល​) នឹង​ត្រូវបាន​បញ្ចូល​ទៅកាន់​ពង​នៅក្នុង​សារី​រា​ង្គ​ចឹ​ញ្ចិ​ម​នៃ​សត្វ​ឈ្មោល​។ ពង​តូចៗ​នឹង​លូតលាស់​នៅក្នុង​ខ្លួន​សត្វ​ឈ្មោល រហូតដល់​ពេលដែល​វា​ញាស់​។ នៅពេលដែល​ញាស់ សត្វ​ឈ្មោល​នឹង​ប្រឹង​កន្ត្រាក់​សាច់ដុំ​បាញ់​កូនតូចៗ​ទាំងនោះ​ចេញមកក្រៅ​។ កូន​សេះ​សមុទ្រ​មិនត្រូវ​បាន​មេបា​មើលថែ​នោះទេ​។

​ក្នុងចំណោម​១០០០​ក្បាល មានតែ​តិច​ជា​៥​ក្បាល​ប៉ុណ្ណោះ​ដែល​អាច​រស់នៅ​ដល់​វ័យ​បន្ត​ពូជ​។ ចំពោះ​សត្វ​ញី នៅពេលដែល​សត្វ​ឈ្មោល​រវល់​ពរ​ពោះ សត្វ​ញី​ក៏​រវល់​បង្កើត​ពង​បន្ថែមទៀត​ដែរ​សម្រាប់​សត្វ​ឈ្មោល​។ ពេលខ្លះ សត្វ​សេះ​សមុទ្រ​ឈ្មោល​អាច​បង្កើតកូន​ពេលព្រឹក ហើយ​ពរ​ពោះ​បន្តទៀត​នៅពេល​ល្ងាច​៕


Tag:
 ចំណេះដឹង​ទូទៅ​
  សេះ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com