អន្តរជាតិ
​ម្តាយ​ភ្លេច​បិទ App ក្នុង​ទូរ​សព្ទ កូន​អាយុ​២​ឆ្នាំ​ចុច​បញ្ជា​ទិញ​ឥ​វ៉ាន់​អស់​៤៣០​ដុល្លារ​
13, Oct 2019 , 10:19 pm        
រូបភាព
ដោយ: ធីតា
​អ្នកស្រី Isabella McNeil ដែល​រស់នៅ San Diego សហរដ្ឋអាមេរិក បាន​ឈរ​ស្រឡាំងកាំង បន្ទាប់ពី​មាន​អ្នក​ទូរ​សព្ទ​ប្រាប់ថា កៅអី​សា​ឡុង​កំពុង​ត្រូវបាន​ដឹក​ទៅផ្ទះ​របស់គាត់​។ ក្រោយមក​ទើប​គាត់​ភ្ញាក់ខ្លួន​ថា កូនស្រី​អាយុ​២​ឆ្នាំ​របស់គាត់ បាន​បញ្ជា​ទិញ​ឥ​វ៉ាន់​នេះ ដោយ​ចៃដន្យ​តាមរយៈ Amazon ក្នុងតម្លៃ​៣៥០​ផោន (​ប្រមាណ​៤៣០​ដុល្លារ​អាមេរិក​)​។



​យោងតាម​ការផ្សាយ​រប​ស់ NBC San Diego អ្នកស្រី Isabella បាន​រៀបរាប់ថា គាត់​ធ្លាប់​បើក App ក្រុមហ៊ុន Amazon ដើម្បី​ស្វែងរក​មុខទំនិញ​ដែល​ត្រូវ​ទិញ​ដាក់​ផ្ទះ ប៉ុន្តែ​នៅពេលនោះ កូនស្រី​អាយុ​២​ឆ្នាំឈ្មោះ Rayna បាន​ស្រែក​សុំ​ទូរ​សព្ទ ដោយ​ថា «​ម៉ាក់ៗ ទូរ​សព្ទ​! ម៉ាក់ៗ ទូរ​សព្ទ​»​។​



​គាត់​បាន​ឲ្យ​ទូរ​សព្ទ​ទៅ​កូន ដោយ​មិនបាន​បិទ App ជាពិសេស​ចំណាក់​កាល​ចុងក្រោយ ដោយ​ក្មេងស្រី​តូច​រូបនោះ គ្រាន់តែ​ចុច 1-click កៅអី​សា​ឡុង​ដែលមាន​ពូក​បី ត្រូវបាន​បញ្ជា​ទិញ​រួចរាល់​។​

​ក្រោយ​ដឹងថា កូនស្រី​បាន​ទិញ​ទំនិញ​ដែល​មិនត្រូវ​ការចាំបាច់ អ្នកស្រី Isabella បាន​ព្យាយាម​លុប​ការបញ្ជាទិញ ប៉ុន្តែ​វា​យឺត​ពេល​ទៅហើយ​។ បន្ទាប់មក គាត់​បានប្រកាស​លក់​វិញ ក្នុងតម្លៃ​ទាប​។ ជា​សំណាងល្អ តំណាង​ក្រុមហ៊ុន Amazon បានដឹង​រឿងរ៉ាវ​នេះ ក៏បាន​សម្រេច​សងលុយ​ទាំងអស់​ទៅ​អ្នកស្រី Isabella វិញ ចំណែក​ទំនិញ ស្ត្រី​រូបនេះ អាច​យកទៅ​ប្រើប្រាស់ ឬ​បរិច្ចាគ​សប្បុរសធម៌​ទៅតាម​ចិត្ត​របស់ខ្លួន​។​

Amazon បាន​ណែ​នាំទៅ​អ្នកស្រី Isabella ដាក់ Disable (​មិន​ដំណើរការ​) នៅលើ​ដំណាក់កាល 1-click​។ ស្ត្រី​អាមេរិក​រូបនេះ បាន​លើកឡើងថា ករណី​របស់ខ្លួន​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ចង់​សើច ប៉ុន្តែ​វា​ជា​មេរៀន​មួយ​សម្រាប់​ឪពុកម្តាយ​ទូទៅ ប្រុងប្រយ័ត្ន និង​បិទ App ឲ្យ​បាន​ត្រឹមត្រូវ មុនពេល​ឲ្យ​ទូរ​សព្ទ​ទៅ​កូន​លេង​៕




Tag:
 Amazon
  App
© រក្សាសិទ្ធិដោយ thmeythmey.com