ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរ​ថា​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​នឹង​ជួយ​ឱ្យ​សៀមរាប​ដើរ​លើ​គោលដៅ​ច្បាស់លាស់​
13, Oct 2019 , 4:35 pm        
រូបភាព
​សៀមរាប​៖ បន្ទាប់ពី​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ប​ង្កើ​ត​នៅ​ចុងឆ្នាំ​២០១៨​មក គណៈកម្មាធិការ​អន្ដរក្រសួង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប បាន​បើក​សិក្ខាសាលា​ចំនួន​២​លើក​ហើយ​បំណង​ដើម្បី​សិក្សា ស្វែងយល់​ពី​ចំណុច​បញ្ហា​ប្រឈម​នានា​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​ទេសចរណ៍​។ មាន​ចំណុច​ជាច្រើន ត្រូវបាន​លើក​មក​ពិភាក្សា​ក្នុងន័យ​កែលម្អ​នៅពេល​ផែនការ​មេនេះ​អនុវត្តន៍​នៅ​ដើមឆ្នាំ​២០២០​នេះ​។ អាជ្ញាធរខេត្ត​ចាត់ទុក​ផែនការ​មេនេះ​ថា​ជា​ចក្ខុវិស័យ​វែងឆ្ងាយ និង​ជា​ជា​គោលដៅ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែល​មិន​ធ្លាប់មាន​កន្លងមក​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




​គណៈកម្មាធិការ​អន្ដរក្រសួង​បានរៀបចំ​សិក្ខាសាលា​ជា​លើក​ទី​២ នៅ​ដើមខែ​តុលា ដោយ​ជជែក​ពិភាក្សា​ពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​។ ផែនការ​មេនេះ មានបំណង​ដើម្បី​ធ្វើឱ្យ​ខេត្តសៀមរាប​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​និង​ភាព​ទាក់ទាញ ហើយ​ដើម្បី​អាចធ្វើ​ទៅបាន​គឺ​ផែនការ​នេះ​ត្រូវ​គិតគូរ​ពី​ភាព​ស្អាត ភាព​បៃតង និង​ភាព​ឆ្លាត​វៃ​។​

​អ្នកជំនាញការ​ពី​បរទេសមួយ​រូបលោក Boris Viallet បានធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​នានា​ក្រោយពី​កិច្ចពិភាក្សា​ក្នុង​កូនក្រុម​របស់លោក​ដែល​មកពី​វិស័យ​មួយចំនួន ទាំង​ការដឹកជញ្ជូន សណ្ឋាគារ ម្ហូបអាហារ សិប្បកម្ម ផ្ទះសំណាក់​ជាដើម​។ បញ្ហា​សណ្ឋាគារ ពួកគេ​បាន​រកឃើញ​នូវ​ចំណុច​មួយចំនួន​ដូចជា​ការរៀបចំ ការកែលម្អ​ជួសជុល​មិនសូវ​ធ្វើជា​ទៀងទាត់ ក្នុងនោះ​មាន​បញ្ហា​ការដំឡើង​កម្រិត​ផ្កាយ​ជាដើម​។ ចំណុច​នេះ មាន​សំណើរ​ឱ្យមាន​ការចាត់​ចំណាត់ថ្នាក់​ផ្កាយ​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ ឱ្យ​ស្របតាម​ការវិវត្ត​ន៍​របស់​ទីផ្សារ​បច្ចុប្បន្ន​។​


​ក្រៅពីនេះ​បញ្ហា​អនាម័យ​បរិស្ថាន ការលក់​ចំណីអាហារ​នៅមាន​ភាព​រញ៉េរញ៉ៃ​នៅឡើយ​ដូចជា​នៅ​តំបន់​ផាប់​ស្ទ្រី​ត​ជាដើម​។ ទាក់ទង​នឹង​អាហារ​នេះដែរ ក៏មាន​ការពិភាក្សា​ពី​ការលើកទឹកចិត្ត​ក្នុងការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ឬ​ផលិតផល​សេរី​រា​ង្គ​ដែលមាន​សុវត្ថិភាព និង​អនាម័យ​ខ្ពស់ ធានា​សុខភាព​ដល់​អ្នក​បរិភោគ​។ តាម​ការបញ្ជាក់​ពី​លោក Boris Viallet អាហារ​មាន​សារសំខាន់​ណាស់ ហើយ​វា​ធានា​ដល់​មុខមាត់​នៃ​វិស័យ​ទេសចរណ៍​នៅ​តំបន់​នោះ​ផងដែរ​។​


​ការជជែក​របស់​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ក៏បាន​លើក​ពី​ការយក​ទឹកតែ​ខ្ពស់​ដែរ​។ ត្រង់ចំណុច​នេះ ពួកគេ​ឱ្យ​ពិចារណា​យក​ទឹកតែ​ក្នុងតម្លៃ​សមរម្យ​និង​កំណត់​ឱ្យបាន​ត្រឹមត្រូវ​។ ទឹកតែ​ខ្ពស់ ធ្វើឱ្យ​តម្លៃ​ទំនិញ​ដែល​ភ្ញៀវ​ទិញ​មានតម្លៃ​ខ្ពស់​ទៅតាម​នោះដែរ​។ មួយទៀត គឺ​ទាក់ទង​នឹង​ការលក់​ផលិតផល​ក្លែងក្លាយ ដែល​រឿងនេះ​ធ្លាប់​បានកើត​ឡើងជា​ញឹកញាប់ ដែល​ការលក់​ដាក់ថា​ជា​ផលិតផល​កម្ពុជា តែ​ជាក់ស្ដែង​ជា​ផលិតផល​នាំចូល​ពី​ប្រទេសជិតខាង​ទៅវិញ​។ អ្នកជំនាញការ​យល់ថា ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​គួរ​ពង្រឹង​បន្ថែម​ក្នុងការ​លើកកម្ពស់​នូវ​ផលិតផល ភូមិ​មួយ​ផលិតផល​មួយ​។​




​អ្នកជំនាញការ​មួយរូប​ទៀត លោក Pomnarong Chamnawong ក៏បាន​លើក​ពី​លទ្ធផល​នៃ​កិច្ចពិភាក្សា​ក្រុម​របស់លោក​ផងដែរ​។ អ្នកជំនាញការ​រូបនេះ​បញ្ជាក់ថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ចែកជា​៥​តំបន់​សំខាន់ៗ ដែល​រួមមាន​ទី​១ តំបន់ភ្នំ​គូលែន ដែល​សម្បូរ​ដោយ​ព្រៃឈើ​និង​ទឹកជ្រោះ​, ទី​២ តំបន់​ជនបទ ដែល​គួរ​បង្កើន​នូវ​សកម្មភាព​ទេសចរណ៍​ចម្រុះ​បែប​បន្ថែម​, ទី​៣ ឧទ្យាន​អង្គរ​,​ទី​៤ តំបន់​កណ្ដាល​ក្រុង ដែលមាន​ចម្រុះ​ពណ៌ និង​ទំនើបកម្ម និង​ទី​៥ តំបន់​បឹង​ទន្លេសាប​។​

​ក្រុម​របស់លោក Chamnawong រកឃើញ​ពី​បញ្ហា​តម្លៃ​ទិដ្ឋាការ ដែល​តម្លៃ​ពេលខ្លះ​ខ្ពស់​ដោយសារ​មាន​ការទារ​តម្លៃបន្ថែម​។ ចំណុច​មួយទៀត​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ដែរនោះ គឺមាន​ការស្នើ​ឱ្យ​គិត​ឡើងវិញ​លើ​គម្រោង​ទស្សនា​ប្រាសាទ​នាពេល​រាត្រី​។ ក្រុម​ប្រតិបត្តិ​ករ​យល់ថា ការងារ​នេះ​មិនសូវ​ចាំបាច់​ទេ ដ្បិតថា​អាចមាន​ផល​លំបាក​បន្ដិច និង​ត្រូវ​ធានា​នូវ​សុវត្ថិភាព​ខ្ពស់​ជូន​ទេសចរ​។​


​ថ្លែង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​នៅ​ថ្ងៃទី​៥ តុលា អភិបាលរង​ខេត្តសៀមរាប​លោក ពៅ ពិសិដ្ឋ បានចាត់ទុក​សិក្ខាសាលា​ដែលមាន​អ្នកចូលរួម​ច្រើន​វិស័យនេះ ថា​ពិត​ជាមាន​សារប្រយោជន៍​ណាស់ ក្នុង​បំណង​ឈឺ​ឆ្កា​លពី​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។ លោក​អភិបាលរង​បាន​ពន្យល់​ពី​ស្ថានការណ៍​ទូទៅ​នៅក្នុង​ខេត្តសៀមរាប ដែល​ទើប​មានការ​អភិវឌ្ឍ​ក្រោយ​ឆ្នាំ​២០០០​ប៉ុណ្ណោះ ហើយក៏​មិនទាន់មាន​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ដែរ​។​

​លោក​បន្តថា​៖« និយាយ​ឱ្យ​ត្រង់​ថា យើង​អភិវឌ្ឍន៍​ខេត្ត​នេះ យើង​ដើរ​នៅក្នុង​គោលដៅ​មួយ​ដោយ​មិនដឹង​គោលដៅ​ច្បាស់លាស់​លើ​វិស័យ​ទេសចរណ៍ ដោយសារ​យើង​អត់​មាន​ផែនការ​។ នៅ​សៀមរាប​មុន​ឆ្នាំ​២០០០​មិនទាន់មាន​ការអភិវឌ្ឍ​ទេ តំបន់​ក្នុង​ក្រុង​នេះ​សុទ្ធសឹង​ជា​វាលស្រែ​។

​ជាមួយគ្នានេះ​លោក ពៅ ពិសិដ្ឋ រំពឹងថា ក្រោយ​មាន​ផែនការ​មេនេះ​ផ្ដើម​អនុវត្តន៍ គឺ​ធ្វើឱ្យ​ការអភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​ខេត្ត​ដើរទៅ​តាម​ផែនការមេ​ដែលជា​គោល​សំខាន់ ដែល​អាច​នឹង​កែប្រែ​មុខមាត់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុជា​នៅលើ​ឆាក​អន្ដរជាតិ​។ ទន្ទឹមនឹងនោះ តាម​ការបញ្ជាក់​ពី​អភិបាលរង​ខេត្ត ដើម្បី​ចង់ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​មួយ​រីកចម្រើន​ទៅបាន ត្រូវការ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ​។ លោក​ថា ចំណុច​សំខាន់​ត្រូវឱ្យ​ប្រជាជន​យល់​និង​ចាំ​ក្នុង​ចិត្ត​ថា ប្រជាជន​ម្នាក់ ទេសចរ​ម្នាក់​។


​បញ្ហា​ត្រាំត្រែង​ជាច្រើន​ដែល​តែង​កើតឡើង​នៅ​ខេត្ត​ទេសចរណ៍​សៀមរាប​ដូចជា តាក់ស៊ី​ដឹក​ភ្ញៀវ​ទម្លាក់ចោល​ដោយសារ​មិន​ព្រម​ទទួល​សេវាកម្ម​ដែល​ខ្លួន​ផ្តល់ជូន ការលក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ បោក​លុយ​ភ្ញៀវ និង​ការ​ជំរិត​លុយ​ភ្ញៀវ​នាពេល​រាត្រី​ជាដើម​។​ល​។ ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត លោក ពៅ ពិសិដ្ឋ ទទួលស្គាល់ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​ទេ តែ​លោ​កថា នឹង​កែប្រែ​បញ្ហា​នេះ​ភ្លាមៗ​ក្រោយ​ផែនការមេ​ចាប់ផ្តើម​អនុវត្តន៍​៕

Tag:
 ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​
  ទេសចរណ៍​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com