ជាតិ
សង្គមជាតិ
រណារយន្ត​ដែល​រឹបអូស​ពីបទ​ល្មើស​នៅ​មណ្ឌលគិរី ត្រូវបាន​ច្នៃ​ជា​រូបសំណាក​សត្វ​ដំរី
13, Oct 2019 , 10:59 pm        
រូបភាព
 រូបសំណាក​សត្វ​ដំរី ដែលច្នៃពី​រណារយន្ត និងគ្រឿងម៉ូតូ ដែល​អាជ្ញាធរប្រមូលបានពី​បទល្មើស​ផ្សេងៗ ត្រូ​វបាន​ក្រសួង​បរិស្ថានយកទៅ​តាំង​បង្ហាញជាសាធារណៈនៅខេត្តមណ្ឌលគិរី រូបភាពផ្ទាល់ពី​ អ្នកនាំពាក្យនៃក្រសួងបរិស្ថាន
រូបសំណាក​សត្វ​ដំរី ដែលច្នៃពី​រណារយន្ត និងគ្រឿងម៉ូតូ ដែល​អាជ្ញាធរប្រមូលបានពី​បទល្មើស​ផ្សេងៗ ត្រូ​វបាន​ក្រសួង​បរិស្ថានយកទៅ​តាំង​បង្ហាញជាសាធារណៈនៅខេត្តមណ្ឌលគិរី រូបភាពផ្ទាល់ពី​ អ្នកនាំពាក្យនៃក្រសួងបរិស្ថាន
ដោយ:
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន នឹងដាក់​តាំង​រូបសំណាក​សត្វ​ដំរី​មួយ ដែលមាន​កម្ពស់ ២,៨០ ម៉ែត្រ បណ្តោយ​ប្រវែង​៣,១០​ម៉ែត្រ និង​ទទឹង​ជិត​១​ម៉ែត្រ ដែល​ច្នៃ​ពី​រណារយន្ត និង​គ្រឿង​ម៉ូតូចំនួន ៣០០ ដែល​អាជ្ញាធរ​ប្រមូលបាន​ពីបទ​ល្មើស​ធនធានធម្មជាតិ នៅ​សួនឧទ្យាន​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី រយៈពេល​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។
​លោក នេត្រ ភ​ក្រា្ត អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា រូបសំណាក​សត្វ​ដំរី​នេះ ជា​គម្រោង​សាងសង់ឡើង​ដោយ​ជាង​នៅ​ខេត្តកំពង់ស្ពឺ ដែល​ចំណាយពេល​សាងសង់​រយៈពេល​៧​ខែ និង​មានការ​ចូលរួម​ឧបត្ថម្ភ ថវិកា​ពី​សប្បុរសជន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។



​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ​និយាយថា ការដំឡើង​រូបសំណាក​សត្វ​ដំរី​នេះ​នៅ​ខេត្តមណ្ឌលគិរី ដោយសារ​ខេត្ត​នេះ​មាន​ជាប់ទាក់ទង​នឹង​រឿងរ៉ាវ​សត្វ​ដំរី ដែល​កើតឡើង​នៅ​អំឡុង​ឆ្នាំ ២០០៧  ត្រង់ចំណុច​ត្រពាំង​ឈូក (​បច្ចុប្បន្ន នៅក្នុង​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​) ដែល​ដើមឡើយ​មានកូន​ដំរី​ឈ្មោល​មួយ​ក្បាល បាន​ដើរ​ជាន់​អន្ទាក់​ព្រានព្រៃ​ដាច់​ជើង​ម្ខាង ហើយ​ត្រូវបាន​ក្រុម​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​ប្រទះឃើញ​ហើយ​ដឹក​យកទៅ​សង្គ្រោះ នៅ​ឧទ្យាន​សួនសត្វ​ភ្នំ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។ ពេល​នោះមក​សត្វ​ដំរី​នោះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា​«​ឈូក​» បច្ចុប្បន្ន​សត្វ​ដំរី​នោះ មាន​ជើង​សិប្ប​និមិត្ត ដែល​អាច​ដើរ​បាន និង​មាន​សុខភាព​ល្អ​ដូច​សត្វ​ដំរី​ដទៃ​ដែរ​។​



​ការតាំង​បង្ហាញ​រូបសំណាក​សត្វ​ដំរី​នៅ​ខេត្តមណ្ឌលគិរី​នេះ លោក នេត្រ ភក្ត្រា  បញ្ជាក់ថា ក្រសួង​មាន​គោលបំណង​ចង់​ឲ្យ​សាធារណជន​អាច​ទស្សនា​សត្វ​ដំរី​ដែល​ច្នៃ​ពីរ​ណាយ​ន្ត និង​គ្រឿង​ម៉ូតូ​ផ្សេង ដែល​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន ពី​បណ្តា​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ទាំង​៥​តំបន់ ក្នុង​ខេត្តមណ្ឌលគិរី​។ ក្រសួង​ចង់​ឲ្យ​ពលរដ្ឋ​កុំ​ប្រើប្រាស់​រណារយន្ត ដែលជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស និង​កាប់​រុករាន​ដីព្រៃ ដែល​នាំ​ឲ្យ​បំផ្លាញ​ធនធានធម្មជាតិ ហើយ​ងាក​មក​អភិរក្ស​សត្វ​ដំរី ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តមណ្ឌលគិរី​។

​បើតាម អ្នកនាំពាក្យ​ក្រសួងបរិស្ថាន សត្វ​ដំរីព្រៃ​ជាង ៥០០ ក្បាល​ដែល ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​នោះ ខេត្តមណ្ឌលគិរី​មាន​ប្រមាណ​ជាង​៣៧៥​ក្បាល នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​មាន​ដំរី​ចំនួន​ប្រមាណ​ជិត ២០០ ក្បាល​។ សត្វ​ដំរី​ប្រមាណ​៧០​ក្បាល​ទៀត ជា​ដំរី​ដែល​ចិញ្ចឹម​ដោយ​អ្នកស្រុក​។



​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​គូសបញ្ជាក់ថា ចំនួន​សត្វ​ដំរីព្រៃ​នៅ​កម្ពុជា​ក៏ដូចជា នៅ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កំពុងមាន​ការធ្លាក់ចុះ​ច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ការធ្លាក់ចុះ​នេះ​ក៏​ដោយសារតែ​ការ​បរបាញ់​ខុសច្បាប់ ការបំផ្លាញ​ជម្រក​សត្វ​ដំរី និង​ជម្លោះ​រវាង​ដំរី និង​មនុស្ស ខណៈ​ស្រែចម្ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដាំ នៅជាប់​នឹង​តំបន់ការពារធម្មជាតិ ហើយ​ពេលខ្លះ​ដំរី​មក​ស៊ី​ដំណាំ​៕






Tag:
 ក្រសួងបរិស្ថាន​
 ​រណារយន្ត​
 ​បទល្មើស​
 ​សំណាក​
 ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com