អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​៖ ការសង់​ឃ្លាំង​សម្រាប់​ជួល​ដល់​វិស័យ​ឧស្សាហកម្ម កំពុង​ក្លាយជា​អាជីវកម្ម​ល្អ​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​
14, Oct 2019 , 9:17 am        
រូបភាព
ដោយ: ថ្មីៗ
​វិនិយោគិន​កម្ពុជា ដែល​មានបំណង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ គួរ​ដាក់ទុន​វិនិយោគ​លើ​ការសាងសង់​ឃ្លាំង​សម្រាប់​ជួល ដោយសារ​តម្រូវការ​ទីតាំង​ស្តុក​ទំនិញ​កំពុង​កើនឡើង ស្របពេល​វិស័យ​ឧស្សាហកម្ម​មាន​សកម្មភាព​កាន់តែខ្លាំង​។ នេះ​បើ​យោងតាម​លោក សៀ ឬ​ទ្ធី វិនិយោគិន​ផ្នែក​អចលនទ្រព្យ​ដ៏​ជោគជ័យ​ម្នា​ក់នៅ​កម្ពុជា​។​

​ក្នុង​សុន្ទរកថា​បើក​កម្មវិធី Realestate.com.kh Expo 2019 កាលពី​ថ្ងៃទី ៤ ខែតុលា​នៅ​ណាហ្គា​វើ​ល លោក សៀ ឬ​ទ្ធី  ដែលជា​ប្រធាន​ក្រុមហ៊ុន WorldBridge Group ដែលមាន​អាជីវកម្ម​ស្នូល​លើ​វិស័យ​អចលនទ្រព្យ និង​ការដឹកជញ្ជូន បាន​និយាយថា ឃ្លាំង​ដែលមាន​ស្រាប់​នៅ​កម្ពុជា​ភាគច្រើន ត្រូវបាន​វិនិយោគ​ដោយ​ជនបរទេស​។ ស្របពេល​តម្រូវការ​ឃ្លាំង​កើនឡើង​ជាប្រចាំ​ឆ្នាំ លោក រិទ្ធី បញ្ជាក់ថា​គិត​មកទល់ពេលនេះ កម្រ​ឃើញ​មាន​ជនជាតិខ្មែរ វិនិយោគ​លើ​អាជីវកម្ម​នេះ​នៅឡើយ​។​

​លោក​បញ្ជាក់ថា​៖«​ខ្ញុំ​អាច​ធានាបាន​ថា ប្រសិនបើ​យើង​មាន​ដើមទុន និង​ធនធាន ដើម្បី​សាងសង់​ឃ្លាំង​នៅ​ជាយក្រុង យើង​នឹង​ទទួលបាន​ប្រាក់ចំណូល​ល្អ​។ ប្រសិនបើ​យើង​សាងសង់​ឃ្លាំង​សម្រាប់​ជួល យើង​អាច​ទទួលបាន​ប្រាក់ចំណេញ​យ៉ាងហោចណាស់ ៨ ទៅ ១០ ភាគរយ ខណៈដែល​ការជួល​ខុន​ដូ អាចបង្កើត​ចំណូល​ឲ្យ​យើង​បាន​ពី ៥ ទៅ ៨ ភាគរយ​តែប៉ុណ្ណោះ​»​។​

​តម្រូវការ​ឃ្លាំង​ត្រូវបាន​ជំរុញ​មួយផ្នែក ដោយសារ​ការកើនឡើង​នៃ​ចំនួន​រោងចក្រ និង​សកម្មភាព​ឧស្សាហកម្ម​។​ ​យោងតាម​របាយការណ៍​របស់ VTrust Appraisal ចំនួន​សហគ្រាស​ឧស្សាហកម្ម​នៅ​ភ្នំពេញ​មានការ​កើនឡើង​យ៉ាងខ្លាំង ពី​មូលដ្ឋាន​តូច​មួយ​នៃ​ទំហំ​ផ្ទៃក្រលា​សរុប​ត្រឹមតែ ៣១,០០០ ម៉ែត្រក្រឡា​កាលពី​ឆ្នាំ ១៩៩៨ ដល់​ប្រហែល ១,៥៨ លាន​ម៉ែត្រការ៉េ​ក្នុង​ឆ្នាំ​២០១៨ ។​

​លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ VTrust Appraisal បាន​ព្យាករ​ថា ទំហំ​ផ្ទៃដី​សរុប​សម្រាប់​ឧស្សាហកម្ម​នៅ​ភ្នំពេញ នឹង​ឈានដល់​ជិត ២ លាន​ម៉ែត្រក្រឡា នៅ​ឆ្នាំ​២០៣០ ពោលគឺ​ស្ទើរតែ​ទ្វេដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨​។ លោក​បាន​មានប្រសាសន៍ថា​៖«​វិស័យ​កាត់ដេរ ដែល​រួមមាន​សម្លៀកបំពាក់ ស្បែកជើង​បាន​នាំមុខគេ ក្នុង​ការប្រើ​ផ្ទៃក្រលា​ច្រើនជាងគេ នៅក្នុង​ឧស្សាហកម្ម​នៅ​ភ្នំពេញ​»​។ លោក​បាន​បន្ថែមថា វិស័យ​កាត់ដេរ​បាន​ស្រូបយក​ប្រមាណ ៧០ ភាគរយ នៃ​ផ្ទៃក្រលា​សរុប​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម បន្ទាប់មក​ការកែច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​ការ​វេច​ខ្ចប់ និង​វិស័យ​បោះពុម្ព​។ លោក​បន្តថា​៖«​ជាមួយនឹង​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​មានឱកាស​ធ្វើ​ជំនួញ​ជាច្រើន ដែល​រួមមាន​ការវិនិយោគ​ក្នុងការ​សាងសង់​ឃ្លាំង​ផងដែរ​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​គេហទំព័រ realestate.com.kh ថា ការហូរចូល​យ៉ាង​លឿន​នៃ​លំហូរ​វិនិយោគ​បរទេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ជំរុញឱ្យមាន​តម្រូវការ​ឃ្លាំង ហើយ​វិនិយោគិន​មួយចំនួន ក៏​កំពុង​ប្រឈម​នឹង​ការលំបាក ក្នុងការ​ស្វែងរក​ទីតាំង​ឃ្លាំង​នេះ​ផងដែរ​។ លោក​បន្តថា​៖«​បច្ចុប្បន្ន​ទីតាំង​ឃ្លាំង​ទំនេរ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស លែងមាន​ហើយ​។ នេះ​គឺ​ដោយសារតែ​ក្រុមហ៊ុន​មួយចំនួនធំ បាន​ប្រើ​ទំហំ​ដែលមាន​ស្រាប់​រួចហើយ​»​។​

​របាយការណ៍​ថ្មី​មួយ ដែល​ចេញ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ដើមខែ​នេះ បាន​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា នៅតែ​ស្ថិតក្នុង​ដំណើរ​រីកចម្រើន​យ៉ាងខ្លាំង នៅ​ឆ្នាំ​២០១៩​។ ADB នៅតែ​រក្សា​ការព្យាករណ៍​របស់ខ្លួន ចំពោះ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​ប្រទេស​កម្ពុជា ៧ ភាគរយ នៅ​ឆ្នាំនេះ និង ៦,៨ ភាគរយ​នៅ​ឆ្នាំ​២០២០​។​

​របាយការណ៍​បាន​កត់សម្គាល់ថា កំណើន​ឧស្សាហកម្ម​មាន​ភាពខ្លាំង​ក្លា ដោយសារ​កំណើន​នៃ​ការផលិត​សម្លៀកបំពាក់​ស្បែកជើង និង​ការផលិត​ទំនិញ​ទាក់ទង​នឹង​ការធ្វើដំណើរ​។​
​លោក ចេង ខេង ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន CPL បាន​មានប្រសាសន៍ថា ប្រជាជន​កម្ពុជា​បច្ចុប្បន្ន កាន់តែ​មានការ​ចាប់អារម្មណ៍ ក្នុង​ការដាក់​ប្រាក់​របស់​ពួកគេ​នៅក្នុង​អាជីវកម្ម​ឃ្លាំង​។ ខណៈ​ទំហំ​ទឹកប្រាក់​ក្នុងការ​វិនិយោគ​លើ​អាជីវកម្ម​ឃ្លាំង មាន​ភាព​ខុសប្លែកគ្នា​អាស្រ័យ​លើ​ទំហំ​ឃ្លាំង លោក ខេង បាន​និយាយថា អ្នកវិនិយោគ​ជា​មធ្យម​អាច​ចំណាយ​ចាប់ពី ៨០ ដុល្លារ ទៅ ១២០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដើម្បី​សាងសង់​ឃ្លាំង​នេះ​។​

​លោក​បាន​មានប្រសាសន៍ថា​៖«​តម្រូវការ​កន្លែង​សម្រាប់​រោងចក្រ​កំពុង​កើនឡើង ដោយសារតែ​ការកើនឡើង នៃ​ការ​ផ្តូ​រ​ទីតាំង​រោងចក្រ​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​។ បន្ថែម​លើ​នេះ ដោយសារ​រដ្ឋាភិបាល​ត​ម្រូ​វ​ឲ្យ​មានការ​ផ្លាស់​ទី​រោងចក្រ ពី​ខាងក្នុង​ទីក្រុង​ភ្នំពេញ ទៅ​ជាយក្រុង និង​ព័ទ្ធជុំវិញ​ផ្លូវ​ក្រវ៉ាត់​ក្រុង​។ ដូច្នេះ​តម្រូវការ​កន្លែង​ស្តុក​ទុក នឹង​កាន់តែ​ធំ ហើយ​ការវិនិយោគ​ក្នុង អាជីវកម្ម​ឃ្លាំង គឺជា​ជម្រើស​ដ៏​ល្អ​មួយ​»៕

(​ប្រភព​៖ https://www.realestate.com.kh/km/news/real-estate-experts-encourages-warehouse-investments/)

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com