ជាតិ
បុណ្យអុំទូក
អុំទូក​នៅ​បាត់ដំបង ទាក់ទាញ​ទេសចរ បាន​ជាង​៥២​ម៉ឺន​នាក់​
14, Oct 2019 , 11:18 am        
រូបភាព
ពលរដ្ឋកំពុងទស្សនាការប្រណាំងទូក នៅបណ្តោយស្ទឹងសង្កែ ខេត្តបាត់ដំបង( រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង)
ពលរដ្ឋកំពុងទស្សនាការប្រណាំងទូក នៅបណ្តោយស្ទឹងសង្កែ ខេត្តបាត់ដំបង( រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង)
​ភ្នំពេញ​៖ ខេត្តបាត់ដំបង​បានរៀបចំ​ពិធី​ប្រណាំងទូក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​១៣​តុលា ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក​ឆ្នាំ​២០១៩​នេះ និង​ជ្រើស​យក​កីឡាករ​ទៅ​ចូលរួម​ប្រណាំងទូក​នៅ​ទន្លេចតុមុខ នា​ថ្ងៃទី​១០ ដល់ទី​១២ វិច្ឆិកា​ផង​។ បើតាម​រដ្ឋបាល​ខេត្តបាត់ដំបង កម្មវិធី​អុំទូក​រយៈពេល​៣​ថ្ងៃនេះ ទាក់ទាញ​បាន​ទេសចរ​បាន​ប្រមាណ​៥២ ម៉ឺន​នាក់​។



​ក្រៅពី​ការ​ប្រណាំងទូក ក៏មាន​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ការប្រគំ​តន្ត្រី បាញ់​កាំជ្រួច និង​បង្ហោះគោម​ផងដែរ​។
​តាម​រដ្ឋបាល​ខេត្តបាត់ដំបង នៅក្នុង​កម្មវិធី​ប្រណាំងទូក​នេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន ២៦​ទូក ចំណុះ​ទូក​សរុប ១,០៦៥​នាក់ ក្នុងនោះ​នារី មាន​ចំនួន ៦០​នាក់​។
​ចំពោះ​លទ្ធផល ទូកង​ខ្នាត​វែង​ប្រពៃណី​កម្រិត​(​ក​)​លេខ​១ បាន​ទៅ​ទូក​ឈ្មោះ នរិន្ទ​រង្សី ស្រី​ស​ពិជ័យ​ចិត្រ​បុត្រ របស់​វត្ត​ឯក​រង្សី​។ ចំណែក​ទូកង​ខ្នាត​វែង​ប្រពៃណី​កម្រិត​(​ខ​) លេខ​១ គឺ​បាន​ទៅ​ទូក​ឈ្មោះ បុ​ទុម​ពេជ្រ​បារមី​ក្ស​ត្រី​យ៍​ក្តុល របស់​សាលាស្រុក​ប​វេ​ល​។


ទិដ្ឋភាពពីលើអាកាស នាកម្មវិធីប្រណាំងទូក នៅបណ្តោយស្ទឹងសង្កែ ខេត្តបាត់ដំបង( រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង)

​ចំពោះ​ទូក​ខ្នាត​ខ្លី​ប្រពៃណី ផ្នែក​បុរស​ចំណុះ​២២​នាក់ កម្រិត​(​ក​) លេខ​១ បាន​ទៅ​ទូក​ឈ្មោះ ក្មេង​វត្ត​បាត់ដំបង បារមី​តេ​ជោ​សែន​ជ័យ របស់​សាខា​ពន្ធដា​ខេត្តបាត់ដំបង​។ ទូក​ខ្នាត​ខ្លី​ប្រពៃណី​ផ្នែក​បុរស​ចំណុះ ២២​នាក់ កម្រិត​(​ខ​) លេខ​១ គឺ​បាន​ទៅ​ទូក​ធនាគារ​ស្រូវ​កម្ពុជា ភីអិលស៊ី​។​

​រីឯ ទូក​ខ្នាត​អន្តរជាតិ ផ្នែក​បុរស ចំណុះ​២២​នាក់ លេខ​១ គឺ​បាន​ទៅ​ទូក បាណន់​មានជ័យ​បារមី​ដំបង​ដែក របស់​សាលាស្រុក​បាណន់ និង​ទូកខ្លី​អន្តរជាតិ​ផ្នែក​នារី ចំណុះ​២២​នាក់ លេខ​១ បាន​ទៅ​ទូក​ឈ្មោះ អប់រំ​សែន​ជ័យ យុវវ័យ​មាន​រិ​ទ្ធិ របស់​មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ត​៕

សម្តេច ស ខេង ចែករង្វាន់ដល់កីឡាករអុំទូកដែលទទួលជ័យលាភី(រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)


© រក្សាសិទ្ធិដោយ thmeythmey.com