អន្តរជាតិ
លោក វី​ដូ​ដូ ចេញ​ក្រឹត្យ​កំណត់​ឲ្យ​មន្ត្រីជាន់ខ្ពស់​និង​អ្នកការទូត​ប្រើប្រាស់​ភាសា​ឥណ្ឌូណេស៊ី​ក្នុង​សុន្ទរកថា​ផ្លូវការ​ទាំងអស់​
14, Oct 2019 , 1:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានចេញ​ក្រឹត្យ​មួយ​ដោយ​កំណត់​ឲ្យ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ទាំងអស់​ប្រើប្រាស់​ភាសា​ឥណ្ឌូណេស៊ី​ក្នុង​សុន្ទរកថា​ផ្លូវការ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។ ការណ៍​ដែល​ក្រុង​ហ្សា​ការ​តា​ធ្វើបែបនេះ ដើម្បី​ជាការ​លើកកម្ពស់​ភាសាជាតិ​ផង និង​ចៀសវាង​ការប្រើប្រាស់​ភាសា​ខាងក្រៅ​ពិសេស​ភាសា​អង់គ្លេស មិន​ច្បាស់​ហើយ​បង្ក​ជា​ការយល់ច្រលំ​ផ្សេងៗ​។​



​តាមរយៈ​ក្រឹត្យ​លេខ​៦៣ ដែល​ទើបតែ​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ទាំង​ប្រធានាធិបតី អនុ​ប្រធានាធិបតី មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រីការទូត តម្រូវ​ឲ្យ​ប្រើប្រាស់​ភាសា​របស់​ឥណ្ឌូណេស៊ី​នៅពេលដែល​ថ្លែង​សុន្ទរកថា​ផ្លូវការ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Globe នៅ​ថ្ងៃទី​១១ ខែតុលា​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​ទាំងនេះ មិន​ត្រឹមតែ​ត្រូវ​និយាយ​ភាសា​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ការប្រើប្រាស់​នេះ ក៏​ត្រូវតែ​ស្របតាម​វេ​យ្យក​រណ៍ អក្ខរាវិរុទ្ធ និង​សំណង់​ប្រយោគ​ច្បាស់លាស់​ផងដែរ ពោលគឺ នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការកំណត់​ឲ្យ​អ្នកតំណាង​របស់​ប្រទេស ត្រូវតែ​ច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​ភាសាជាតិ​ផងដែរ​។
​យ៉ាងណាក៏ដោយ ក្រឹត្យ​នេះ  ក៏​នៅតែ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី អាច​ប្រើប្រាស់​ភាសា​បរ​ទស​ម្តង​កាល​បាន នៅពេល​ចាំបាច់ ក៏ប៉ុន្តែ​ការប្រើប្រាស់​នោះ ក៏ត្រូវ​បកប្រែ​ជា​ភាសា​ឥណ្ឌូណេស៊ី​ផងដែរ​។ តាមរយៈ​ក្រឹត្យ​នេះ មានន័យថា មេដឹកនាំ​ឥណ្ឌូណេស៊ី អាច​ថ្លែង​សុន្ទរកថា​ជា​ភាសាជាតិ​របស់ខ្លួន​បាន​ទាំង​ក្នុង​វេទិកា​អង្គការសហប្រជាជាតិ កិច្ចប្រជុំ​ក្រុម G-20 និង​កិច្ចប្រជុំ​អាស៊ាន​ជាដើម​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កន្លងមក​មេដឹកនាំ​ឥណ្ឌូណេស៊ី រាប់បញ្ចូល​ទាំង​លោក​ប្រធានាធិបតី ចូ​កូ​វី ផង​នោះ បាន​រង​ការរិះគន់​ខ្លាំង​ពី​បណ្តាញ​សង្គម ដោយសារតែ​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់ខ្លួន​មិនសូវ​ល្អ និង​មាន​លក្ខណៈ​ច្របូកច្របល់ ខណៈពេលដែល​កំពុង​ជួប​ជជែក​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ផង​៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com